មន្ត្រីរាជការខេត្តសៀមរាបផ្តើមធ្វើបុណ្យកឋិនទានជួយកសាងវត្តថ្មីជូនអ្នកភូមិដាច់ស្រយាល

AKP សៀមរាប ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ — អង្គកឋិនទានសាមគ្គីមួយបានផ្តួចផ្តើមឡើងដោយថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងសាលា ខេត្ត និងសាលាក្រុងសៀមរាប ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ រួមទាំងប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ចំណុះជើងវត្ត ដើម្បីរួបរួមគ្នាប្រមូលបច្ច័យយកទៅកសាងវត្តដែលទើបនឹងកកើតថ្មីមួយនៅ ក្នុងភូមិដាច់ស្រយាលពីទីប្រជុំជន ហើយត្រូវបានគេដាក់ឈ្មោះថា វត្តឥន្ទ បារមីសេរីរដ្ឋហៅ វត្តផ្ចឹកជ្រុំ ដែលស្ថិតនៅក្នុងភូមិផ្ចឹកជ្រុំ ក៏ជាភូមិបង្កើតថ្មីមួយនៃ ឃុំកន្ទួត ស្រុកស្វាយលើខេត្ត សៀមរាប។

 អង្គកឋិនទានសាមគ្គីនេះត្រូវបានប្ររព្ធឡើង និងធ្វើពិធីដង្ហែកាលពីថ្ងៃ១១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃអាទិត្យទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមការដឹកនាំ ពីសំណាក់លោក លី សំរិទ្ធ និងលោក ទៀ សីហា ដែលជាអភិបាលរងខេត្តសៀមរាប។ បច្ច័យដែលគេប្រមូលបានពីអង្គកឋិនទាននេះរួមមានប្រាក់ខ្មែរចំនួន២៤ ៦០០ ០០០រៀល និង ៤៤២៨ដុល្លារអាម៉េរិក ហើយបានធ្វើពិធីដង្ហែទៅវេរប្រគេនព្រះសង្ឃ ចំនួន៩អង្គ ដែលគង់ចាំ ព្រះវស្សានៅទីនោះ ទៅតាមប្រពៃណីទំនៀមទម្លាប់នៃព្រះពុទ្ធសាសនា ដើមី្បយកទៅធ្វើការ ប្រើប្រាស់កសាងសមិទ្ធផលនានាក្នុងទីវត្ត ឥន្ទបារមីសេរីរដ្ឋ ក្នុងទិសដៅជំរុញឱ្យវិស័យ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ មានការអភិវឌ្ឍ រីកចម្រើនថ្កុំថ្កើនតទៅអនាគត។


យោងតាមការបញ្ជាក់របស់អាជ្ញាធរស្រុកស្វាយលើបានឱ្យដឹងថា ភូមិផ្ចឹកជ្រុំ ជាភូមិបង្កើត ថ្មីរបស់ឃុំកន្ទួត ដែលសុទ្ធសឹងជាប្រជាជនចំណូលថ្មី មកពីបណ្តាខេត្តនានា មកកាន់កាប់ ដីទីនេះរស់នៅបង្កបង្កើនផល ហើយក៏បានបង្កើតជាភូមិ និងមានទីអាស្រម១កន្លែងជាទី សក្ការៈបូជារបស់បងប្អូនប្រជាពុទ្ធបរិស័ទក្នុងភូមិនេះ ដែលមានព្រះសង្ឃគង់ចាំព្រះវស្សា ហើយក៏បានប្រែក្លាយជាទីវត្តអារាមនេះតែម្តង។ ការកកើតឡើងនៃភូមិថ្មីនេះក៏មានការខ្វះខាត នូវសព្វគ្រប់បែបយ៉ាង ដោយភូមិសាស្ត្រនេះជាតំបន់ដាច់ស្រយាលពីទីប្រជុំជន ហើយផ្លូវ ថ្នល់ប្រាស្រ័យទាក់ទងក៏មានការលំបាកក្នុងការធ្វើដំណើរផងដែរ៕

ដោយ​ ហង្ស សៀក