រកឃើញម្ចាស់ជ័យលាភីកីឡាតេក្វាន់ដូ ITFជើងឯកថ្នាលពានរង្វាន់ភេសជ្ជៈស្ពនស័រ ២០១៨

AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ — ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកថ្នាល ដណ្តើមពានរង្វាន់ ភេសជ្ជៈស្ពនស័រ ប្រចាំឆ្នាំ២០១៨ បានប្រកាសបិទជាផ្លូវការ កាលពីល្ងាចថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ២០១៨ នៅវិមានកីឡដ្ឋានជាតិ បន្ទាប់ពីដំណើរការអស់រយៈពេល២ថ្ងៃកន្លះ និងត្រូវបានគណៈកម្មការ បច្ចេកទេសបានរកឃើញម្ចាស់ជ័យលាភីលើគ្រប់វិញ្ញាសាទាំងអស់រួចរាល់ហើយនោះ។លោក ប៊ួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានគូស បញ្ជាក់ថា ព្រឹត្តិការណ៍ថ្នាលឆ្នាំនេះទាក់ទាញបានកីឡាករ-កីឡាការិនីវ័យក្មេងសរុប១៧៣នាក់ ក្នុងនោះមានកីឡាការិនី៥១នាក់ ដែលមកពី១៦ក្លិបទូទំាំងប្រទេស ដោយសហព័ន្ធបានរៀបចំ​៣វិញ្ញាសាធំៗ គឺវិញ្ញាសាមេគុនមាន១០ប្រភេទ, វិញ្ញាសាបច្ចេកទេសពិសេស មាន២ប្រភេទ ចាប់ពីអាយុ១៥ ឆ្នាំទៅ១៧ឆ្នាំ រួមមានឯកត្តជនបុរស និងឯកត្តជននារី។

ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូITF កម្ពុជា បានមានប្រសាសន៍ថា ការប្រកួតនេះមានកីឡាករ កីឡាការិនីវ័យក្មេងប្រកបដោយ ទេពកោសល្យខ្ពស់ និងកម្រិតសមត្ថភាពខ្ពស់ដោយបានឆ្លងកាត់ការហ្វឹកហាត់ត្រឹមត្រូវ ហើយ ពួកគេមានភាពលេចធ្លោទាំងក្បាច់គុន ទាំងស្មារតី។ មិនតែប៉ុណ្ណោះក្មេងៗទាំងនេះមានទឹក ចិត្តក្លាហានប្រកួតរហូតបានដណ្តើមបានជ័យលាភី ហើយចំពោះអ្នកមិនទាន់ដណ្តើមបាន ចំណាត់ថ្នាក់មិនត្រូវអស់សង្ឃឹមឡើយ គប្បីត្រូវខិតខំព្យាយាមហ្វឹកហាត់បន្តទៀត ដើម្បីឈាន ទៅដណ្តើមជ័យលាភីនាពេលខាងមុខ។ ឯកឧត្តមចាត់ទុកថា ព្រឹត្តិការណ៍នេះគឺជាការផ្ដល់ ឱកាសដល់ក្មេងៗ ក្នុងការបញ្ចេញសមត្ថភាព ទេពកោសល្យ ដើម្បីឈានទៅដណ្តើមសមិទ្ធ ផលជូនជាតិ នាថ្ងៃអនាគត ជាពិសេសគឺស៊ីហ្គេម ឆ្នាំ២០២៣ តែម្តងដែលកម្ពុជាទទួលបាន​សិទ្ធិ​ធ្វើជាម្ចាស់ផ្ទះនោះ៕

ដោយ ហេង ណាលីន