ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយរបស់ចិន ប្រកាសដាក់លក់ជាផ្លូវការ គម្រោងអាគារ R & F បន្ទាប់ពីគម្រោងនេះធ្វើការអភិវឌ្ឍនៅកម្ពុជា

AKP ភ្នំពេញ  ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ — ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយរបស់ចិន បានប្រកាសលក់ជាផ្លូវការគម្រោងអាគារ R & F ស្របពេលដែលវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងមានការអភិវឌ្ឍរីកចម្រើន។

ក្នុងពិធីបើកសម្ពោធមជ្ឈមណ្ឌលលក់ និងការចាប់ផ្តើមលក់ជាផ្លូវការនៃគម្រោងអ & អេហ្វ ហ័រហ៊្វូ (R & F) ស្ថិតនៅតាមបណ្តោយផ្លូវសម្តេចតេជោ  ហៅថា (ផ្លូវ៦០ម៉ែត្រ) កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក WANG ZHI HAO ប្រធានប្រឹក្សាភិបាល នៃក្រុមហ៊ុន R & F គ្រុបថ្លែងថា ថ្ងៃនេះគម្រោង អ & អេហ្វ ហ័រហ៊្វូ ដែលជាគម្រោងវិនិយោគអចលទ្រព្យដ៏ធំមួយរបស់ចិន ក្នុងទំហំទឹកប្រាក់វិនិយោគជាង ៧០០លានដុល្លារ បានប្រកាសលក់​​ជាផ្លូវការ បន្ទាប់ពីគម្រោងនេះធ្វើការអភិវឌ្ឍនៅកម្ពុជា។ លោកបន្តថា នៅឆ្នាំ២០១៨ បន្ទាប់ពីធ្វើការអភិវឌ្ឍគម្រោងបុរី អ & អេហ្វភ្នំពេញ ក្រុមហ៊ុនបានបន្តអភិវឌ្ឍគម្រោងអគារស្នាក់នៅលំដាប់កំពូលបែបថ្មីមួយ ដែលមានកម្ពស់ខ្ពស់ជាងគេនៅចំកណ្តាលទីក្រុងភ្នំពេញ។ វត្តមានលើកដំបូងយ៉ាងចិញ្ចា្ចចចិញ្ចែងរបស់គម្រោង អ ​& អេហ្វ​ ហ័រហ៊្វូ គឺជាអគារស្នាក់នៅលំដាប់ថ្នាក់ខ្ពស់​ និងទាន់សម័យជាងគេប្រចាំរាជធានីភ្នំពេញ ដែលមានកម្ពស់ ១៧៤ម៉ែត្រ សរុប ៥៧ជាន់ ពិតជាមានភាពស៊ីគ្នា និងស័ក្ដិសមបំផុត។ ចំណុ​ច​ធំៗរបស់ក្រុមហ៊ុនសាងសង់ អ &​ អេហ្វ គឺស្នាដៃការងារដ៏ផ្ចិតផ្ចង់ និងសេវាកម្មដ៏យកចិត្តទុកដាក់របស់ក្រុមហ៊ុន ដែលបានបង្ហាញពីគុណភាព​ និងភាពខុសប្លែកពីគេរបស់អគារខ្ពស់បំផុតនៅទីក្រុងភ្នំពេញ។

​​ ជាពិសេ​សអគារស្នាក់នៅ អ & អេហ្វ បំពាក់ដោយបរិក្ខាប្រណីតៗ និងសម្បូរបែបរបស់គម្រោង ជាចំណុចដែលទាក់ទាញស​ម្រាប់​អតិថិជន។ លោកប្រធានប្រឹក្សាភិបាល នៃក្រុមហ៊ុន បានអះអាងថា អ​ & អេហ្វ ប្រផឹធី ជាក្រុមហ៊ុនឈា​ន​មុខគេក្នុងវិស័យអចលនទ្រព្យដ៏ប្រណីតនៅក្នុងពិភពលោក និងបានឆ្លើយតបយ៉ាងស​កម្ម​ទៅនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុង។ ចាប់តាំងពីឆ្នាំ ១៩៩៤ ក្រុមហ៊ុន អ & អេហ្វ​​ ប្រផឹធី បា​ន​បង្កើតឡើងនៅក្នុងទីក្រុងក្វាងចូវ ប្រទេសចិន  ជាក្រុមហ៊ុនដែលបានពង្រីកអាជីវកម្មរបស់ខ្លួន​នៅក្នុងទីក្រុង និងតំបន់ចំនួន ៦៩ ទាំងក្នុងប្រទេសចិន​ និងនៅក្រៅប្រទេស តាមរយៈយុទ្ធសាស្រ្តអភិវឌ្ឍបីធំៗគឺ ចាក់ឫសនៅក្នុងទីក្រុងស្នូលរបស់ប្រទេសចិន។

ចាប់តាំងឆ្នាំ ២០១៣​ មក អ & អេហ្វ​ ប្រផឹធី ​បានចូលទៅក្នុងទីផ្សារក្រៅប្រទេសជាច្រើនដូចជា ម៉ាឡេស៊ី អូស្រ្តាលី អង់គ្លេស និងប្រទេសកម្ពុជា។ សរុបមកក្រុមហ៊ុនបានអភិវឌ្ឍគម្រោងជាង ២២០គម្រោង ហើយទ្រព្យ​​សរុបរបស់ក្រុមហ៊ុនមានប្រហែល ២៩០ពាន់លានយ័ន។ ចំណូលលក់ប្រចាំឆ្នាំលើសពី ៨០ពាន់លានយ័ន បានផ្តល់នូវអគារស្នាក់នៅ និងសេវាកម្មដ៏ប្រណីតទៅឱ្យប្រជាជនជាង ១០០ម៉ឺននាក់ ទទួលបានកិត្តិនាមជា“ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍអចលន ទ្រព្យធំជាងគេទាំង ១០ របស់ប្រទេសចិន” ក្នុងរយៈពេល ៨ឆ្នាំជាប់ៗគ្នាក្នុងរយៈពេល ២៤ ឆ្នាំកន្លងមកនេះ។ នៅឆ្នាំ២០១៧ អ & អេហ្វ ឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចអន្តរជាតិតាមគោលនយោបាយ “ផ្លូវមួយ ខ្សែក្រវាត់មួយ” និងតាមរយៈសក្តានុពលភាពអភិវឌ្ឍទីក្រុងភ្នំ​ពេញ បានជ្រើសរើសយកព្រះរាជាណាចក្រកម្ពុជាធ្វើជាចំណុចស្នូលក្នុងការអភិវឌ្ឍតំបន់អាស៊ីអាគ្នេយ៍ និងជាខ្លាថ្មីប្រចាំទ្វីបអាស៊ី។

លោក ហេង វុទ្ធីតំណាងសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការបោះទុនវិនិយោគរបស់អ្នកវិយោគចិនមានទំហំទឹកប្រាក់រហូតដល់ ៧០០លានដុល្លារអាម៉េ រិកនៅកម្ពុជា​ បង្ហាញឱ្យឃើញពីទំនាក់ទំនងចិន-កម្ពុជា មានកិច្ចសហប្រតិបត្តិការល្អរវាងគ្នា និងពិសេសអុ្នកវិនិយោគចិនបានទុកចិត្តចំពោះការដឹកនាំរបស់ប្រមុខដឹកនាំកម្ពុជា ដែលរក្សាបានសន្តិសុខ សុវត្ថិភាពជួនអ្នកវិនោយោគ។

លោកបានគួសបញ្ជាក់ថា« សន្ទុះរីកចម្រើនលើវិស័យសេដ្ឋកិច្ច  ក្នុងនោះវិស័យអចលនទ្រព្យ និងសំណង់ ឃើញថានៅទីក្រុងភ្នំពេញ នៅខេត្តព្រះសីហនុ និងខេត្តដែលមានចំងាយជាង១០០គីឡូម៉ែត្រពីភ្នំពេញ បានធ្វើឱ្យទីផ្សារដីនៅកម្ពុជាឡើងថ្លៃ ហើយនៅតាមព្រំដែនថៃក៏ឡើងថ្លៃ។ ដូច្នេះវិស័យសំណង់ក្លាយជាសសរស្តម្ភរបស់កម្ពុជា»។

លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា វត្តមានរបស់ R & F នេះមិនត្រឹមតែឆ្លុះបញ្ចាំងនូវជំនឿទុកចិត្ត របស់វិនិយោគគិនបរទេសលើគោលនយោ​បាយរបស់រាជរដ្ឋាភិបាលកម្ពុជានោះទេ ក៏ប៉ុន្តែក៏ជាការយល់ឃើញដ៏ឈ្លាសវៃ របស់អ្នកវិនិយោ​គទុនផងដែរលើប្រទេសកម្ពុជា ដែលមានសក្តានុពលខ្ពស់ និងមានអំណោយផលច្រើន សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស។ លោកបានឱ្យដឹងដែរថា ការរីកចម្រើននូវវិស័យអចលទ្រព្យ វិស័យសំណង់ គឺជាបដិវត្តន៍ថ្មីសម្រាប់ទីផ្សារលើវិស័យអចលនទ្រព្យនៅកម្ពុជា។ រយៈពេលដ៏ខ្លីនេះ កម្ពុជាបានមានមុខមាត់ដោយមានអាគារខ្ពស់ៗ ស្កឹមស្កៃជាច្រើន ជាពិសេសនៅរាជធានីភ្នំពេញ។ គិតត្រឹមដើមខែតុលាឆ្នាំ២០១៨នេះនៅរាជធានីភ្នំពេញ មានទីក្រុងរណប បុរីលំនៅដ្ឋាន និងលំនៅដ្ឋានមានប្រមាណ ២១២ទីតាំង ហើយរយៈពេលដ៏ខ្លីខាងមុខនេះប្រសិន​បើលក្ខខណ្ឌសុខសន្តិភាព និងស្ថេរភាពនយោបាយត្រូវបានធានា តួលេខនេះនឹងនៅតែបន្តកើនឡើងបន្ថែមទៀត។ បើទោះបីជាមានការកើនឡើងនៃវិស័យអចលនទ្រព្យយ៉ាងណាក្តី ក៏មានបញ្ហាប្រឈមជាមួយរាជរដ្ឋាភិបាលផងដែរ ពិសេសនោះគឺកំណើនយ៉ាងខ្លាំងនូវបរិមាណសំរាម និងការបញ្ចេញចោលសំណល់ រឹង រាវផ្សេងៗ ព្រមទាំងសំណល់ឧស្សាហកម្ម  ដែលប្រកបដោយគ្រោះថ្នាក់។ ឆ្លើយតបនឹងរីកចម្រើនយ៉ាងឆាប់រហ័ស នៃវិស័យទាំងនេះ ក្រសួងបរិស្ថានបានខិតខំធ្វើការងាររបស់ខ្លួនតាមរយៈធ្វើទំនើបកម្មស្ថាប័ន និងការកែលម្អក្របខ័ណ្ឌច្បាប់ ជា​​មួយដៃគូទាំងអស់ ពិសេសវិស័យឯកជន ដើម្បីអនុលោមទាំងច្បាប់ និងលិខិតបទដ្ឋាននា​នា​របស់កម្ពុជា។ បច្ចុប្បន្នក្រសួងបរិស្ថានកំពុងតែធ្វើការអនុវត្តឱ្យបានម៉ឹងម៉ាត់ពាក់ព័ន្ធនឹងការគ្រប់​គ្រងសំរាម សំណល់រឹងទីប្រជុំជន សំណង់អគ្គិសនី និងអេឡិចត្រូនិច និងថង់ប្លាស្ទិក​៕

ដោយ ប៉ាល់ សុង