រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន នៅរមណីយដ្ឋានប្រវត្ដិសាស្រ្ដវត្តភ្នំ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ — រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីបួងសួងសុំសេចក្តីសុខ ចម្រុងចម្រើន និងសុំពរ ជ័យតាមបែបសាសនាពីបារមីលោកយាយដូនពេញ ដែលជាស្ថាបនិករាជធានីភ្នំពេញ នៅរមណីយដ្ឋានវត្តភ្នំ  នាព្រឹកថ្ងៃចន្ទ ១២កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីឱ្យពិធីបុណ្យនេះប្រព្រឹត្តទៅប្រកបដោយក្តីសប្បាយរីករាយ។

​ពិធីនេះប្រព្រឹត្តទៅដោយមានការចូលរួមជាអធិបតីភាព ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងមានការ ចូលរួមពីមន្ត្រីរាជការក្រោមឱវាទ និងកីឡាករចំណុះទូកជាច្រើនរយនាក់ថែមទៀត ។

ឯកឧត្ដម ម៉ប់ សារិន បានមានប្រសាសន៍ថា  បុណ្យអុំទូកមានតាំងពីសម័យ អង្គរ ពិសេសនៅសម័យលង្វែក ទ័ពជើងទឹកយើងខ្លាំង។ ឆ្នាំនេះនឹងធ្វើឡើងធំ ដោយសារប្រទេស យើងមាន សន្តិភាពក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន។ សម្រាប់អាជ្ញាធររាជធានីភ្នំពេញក្នុង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំនេះ បានយកចិត្តទុកដាក់ណាស់ រួមទាំងកិច្ចការពារសន្តិសុខសណ្តាប់ ធ្នាប់និងការរៀបចំតុបតែងភ្នំពេញ ឃើញថាល្អណាស់ពិសេសនៅពេល យប់មើលទៅ ទាក់ទាញភ្នែកតែម្តង។

ឯកឧត្ដម ម៉ប់ សារិន ក្នុងឱកាសនោះក៏បានសូមឱ្យកីឡាករទាំងអស់ ចេះជួយគ្នា សាមគ្គីភាពគ្នា រក្សាអនាម័យហូបស្អាត ផឹកស្អាត ដើម្បីសុខភាពយើងល្អ ឈានទៅដណ្តើមជ័យជម្នះ និងបញ្ចប់ព្រះរាជពិធីទៅទទួលបាននូវរីករាយនិងជោគជ័យ។

​សូមបញ្ជាក់ថា រាជធានីភ្នំពេញមានទូកចំនូន៤៦ទូក ក្នុងនោះប្រភេទទូកអុំបុរស មានចំនួន៣២ទូក, ទូកចែវបុរសមាន៤ទូក, ប្រភេទទូកខ្នាតអន្តរជាតិបុរសមាន១០ទូក សម្រាប់ចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ដោយមានកីឡាករ កីឡាការនី សរុបចំនួន៣២៣៤នាក់៕

 ដោយ សួស សំរិត