ធនាគារ អេស៊ីលីដា ចុះកិច្ចព្រមព្រៀង ជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដើម្បីប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ជូនដល់កម្មករ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ — ធនាគារ អេស៊ីលីដា ភីអិលស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសមាគម រោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដើម្បី​ប្រើប្រាស់​សេវាបើកប្រាក់បៀវត្សរ៍ ជូនដល់​កម្មករ និយោជិតនៅតាមរោងចក្រ សហគ្រាស ក្នុងគោលដៅចូលរួមធានាសុវត្ថិភាព និង ការផ្ដល់សេវាបានកាន់តែល្អប្រសើរ។ 
ការចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងដោយ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន នាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង លោកឧកញ៉ា វ៉ាន់ ស៊ូអៀង​ ប្រធាន សមាគមរោងចក្រ កាត់ដេរនៅកម្ពុជា GMAC កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្នាក់ការកណ្ដាលធនាគារ អេស៊ីលីដា ភីអិលស៊ី។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមាន​ប្រសាសន៍​ថា ការចាប់ដៃគូសហប្រតិបត្ដិការជាមួយសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) នេះក្នុងគោលដៅបម្រើ​សេវាបើកប្រាក់បៀវត្សរ៍ជូនដល់កម្មករ-កម្ម ការិនី រោងចក្រ​កាត់ដេរ តាមរយៈសេវាធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយបញ្ចូលទឹក ប្រាក់​ក្នុងគណនី​ប្រាក់បៀវត្សរ៍​របស់​កម្មករ-កម្មការិនី​​ ដោយ​ប្រព័ន្ធអេឡិចត្រូនិក និងផ្តល់ ភាពងាយស្រួល ឆាប់រហ័ស មានសុវត្ថិភាពខ្ពស់ ចៀសវាង​នូវហានិភ័យ​ផ្សេងៗ និង ចំណេញពេលវេលា​ក្នុងការ​បើក​ប្រាក់​បៀវត្ស​រ៍ដល់​បងប្អូនកម្មករ-កម្មការិនី។ ​លោកបណ្ឌិត បានបន្ដថា តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់មធ្យោបាយ បើកប្រាក់បៀវត្សរ៍ងាយស្រួល​ប្រកបដោយប្រសិទ្ធ​ភាពខ្ពស់ដល់កម្មករ-កម្មការិនីនៃ​រោចក្រ កាត់ដេរដែលជាសមាជិកសមាគម​រោងចក្រ​កាត់ដេរ​នៅកម្ពុជា (GMAC)។ លោកបណ្ឌិត បានបន្ដទៀតថា កម្មករ-កម្មការិនី អាចបើកប្រាក់បៀវត្សរ៍តាមរយៈ​អេស៊ីលីដា យូនីធីទាន់ ចិត្ត (ACLEDA Unity ToanChet) អេធីអឹម (ATM) គ្រប់ពេលវេលា ២៤ម៉ោងក្នុង១ថ្ងៃ និង ៧ថ្ងៃក្នុង១ សប្តាហ៍ ឬបញ្ជរបេឡា​នៅតាម​ការិយាល័យ​សាខាធនាគារ អេស៊ីលីដា ភីអិល ស៊ី គ្រប់​ខេត្ត-ក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជា រៀងរាល់​ម៉ោងធ្វើការដោយ មិនគិតថ្លៃ សេវា។ ជាងនេះទៅទៀត តាមរយៈសេវាអេស៊ីលីដាយូនីធីទាន់ចិត្ត កម្មករ-កម្មការិនី អាច ធ្វើការផ្ទេរប្រាក់ទៅកាន់សាច់ញាតិ ឬបងប្អូន, បង់ថ្លៃប្រើប្រាស់ទឹក-ភ្លើង, ទិញកាតទូរស័ព្ទ, ពិនិត្យមើលទឹកប្រាក់ក្នុងគណនី និងប្រតិបត្តិការផ្សេងៗជាច្រើនទៀត រួមទាំងការទូទាត់ ថ្លៃទិញ​ទំនិញ និងសេវាកម្ម នានាតាមរយៈឃ្យូអរកូដ ដែលមាននៅតាមទីតាំងដៃគូ ទាន់ ចិត្តរបស់ធនាគារអេស៊ីលីដាប្រមាណជាង១៦.០០០ ដៃគូ នៅទូទាំងប្រទេស ដោយមិនគិត ថ្លៃសេវា ។លោកឧកញ៉ា វ៉ាន់ ស៊ូអៀង​ ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC បានឱ្យដឹងថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានជួយដល់កម្មករ-កម្មការិនីយ៉ាងច្រើន ហើយ ផ្ដល់នូវសុវត្ថិភាពខ្ពស់ និងឆាប់រហ័ស។ លោកប្រធានសមាគមបានបញ្ជាក់ទៀតថា នៅពេល ដែលកម្មករប្រើប្រាស់សេវា​របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បងប្អូនកម្មករ-កម្មការិនី អាច ចំណេញបានច្រើន ដោយអាច​ធ្វើការចាត់ចែង​សាច់ប្រាក់ និង​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈទូរស័ព្ទចល័តបានគ្រប់ពេលវេលា គ្រប់ទីកន្លែង។ លោកឧកញ៉ាក៏បានលើក ទឹកចិត្ត ដល់សមាជិក GMAC ទាំងអស់ឱ្យប្រើប្រាស់​សេវាកម្ម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បីទទួលបាននូវអត្ថប្រយោជន៍​ដ៏វិសេសវិសាលទាំងនេះ៕

ដោយ អ៊ុន រិទ្ធី