ក្រុមហ៊ុនអចលនទ្រព្យ ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងយកកម្ពុជាជាទីតាំងស្នូល សម្រាប់ការអភវិឌ្ឍអលចនទ្រព្យនៅក្នុងតំបន់

AKP ភ្នំពេញ ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ — ក្រុមហ៊ុនអចលនទ្រព្យ ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានជ្រើសយកប្រទេសកម្ពុជា ធ្វើជាទីតាំងយុទ្ធសាស្រ្តស្នូល ដើម្បីពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួន ជាមួយនឹងទុនបំរុង បន្ថែមយ៉ាងតិច១០ពាន់លានដុល្លារ ក្នុងរយៈពេល១០ឆ្នាំបន្ទាប់។   

នៅក្នុងពិធីសម្ពោធបញ្ចប់ការសាងសង់គ្រោងអគារទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប កាលពីព្រឹកថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨នេះ នៅមជ្ឈមណ្ឌលកោះ ពេជ្រ លោក លី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បាន លើកឡើងថា ក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ ក្រុមហ៊ុននឹងយកប្រទេសកម្ពុជាជាទីតាំងយុទ្ធ សាស្ត្រស្នូលក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ដោយក្រុមហ៊ុន នឹងបន្តបណ្តាក់ទុន យ៉ាងតិចចំនួន១០ពាន់លានដុល្លារអាម៉េរិកបន្ថែម ដើម្បីពង្រីកវិសាលភាពក្រុមហ៊ុន ទៅកាន់ ប្រទេសសិង្ហបុរី ប្រទេសថៃ និងប្រទេសម៉ាឡេស៊ីជាដើម ដែលនឹងក្លាយខ្លួនទៅជាក្រុមហ៊ុន មួយក្នុងចំណោមក្រុមហ៊ុនខ្នាតអន្តរជាតិ ដែលមានឥទ្ធិពលជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈកម្ពុជាមើលឃើញថា ជាប្រទេសមួយស្ថិតនៅចំកណ្ដាលនៃប្រទេសជា សមាជិក អាស៊ាន។

លោកបន្ថែមថា វត្តមានរយៈពេលបីឆ្នាំ ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានស្ថាប័ន និងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៣០ ក្រុមហ៊ុន ដែលបានវិនិយោគទុន ជាទឹប្រាក់សរុបលើសពី២ពាន់លានដុល្លារអាម៉េរិក និងមានដីបម្រុងសរុបជាង១០ លាន ម៉ែត្រការ៉េ សម្រាប់ធ្វើការអភិវឌ្ឍ ដែលស្មើនឹងទំហំគម្រោងអភិវឌ្ឍន៍សរុបចំនួន១៥ លាន ម៉ែត្រការ៉េ។ លោកបន្ថែមទៀតថា ដើម្បីបង្កភាពងាយស្រួល និងទំនុកចិត្ត លើការវិនិយោគ នៅកម្ពុជា ក្រុមហ៊ុនបានសាងសង់អគារទីស្នាក់ការកណ្តាលរួមមួយរបស់ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប ដើម្បី ប្រមូលផ្តុំក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់របស់ខ្លួន ទាំងអស់ក្នុងប្រទេស កម្ពុជា អាចធ្វើការជារួមជុំគ្នា នៅទីតាំងតែមួយ ដោយអគារទាំងមូល បានប្រើប្រាស់រចនាបថ បែបថ្មីទំនើប ដោយរួមបញ្ចូលគ្នា ជាមួយនឹងការិយាល័យលក្ខណៈអេកូឡូស៊ី និងសន្សំសំចៃ ថាមពល ដែលជាកាត់បន្ថយការបំពុលបរិស្ថាន។

គួរបញ្ជាក់ថា គម្រោងអគារទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុបនេះ ស្ថិតក្រោមការវិនិយោគពីក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងទទួលការសាង សង់ដោយ ក្រុមហ៊ុន ឆាយណា ខនស្ទ្រាក់សិន នៅលើផ្ទៃដីសរុបទំហំ ៥.៥០០ម៉ែត្រការ៉េ កម្ពស់៥ជាន់ ស្ថិតក្នុងទីតាំងមជ្ឈមណ្ឌលកោះពេជ្រ ដោយនឹងអាចដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការ បាននៅក្នុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះ៕

ដោយ ម៉ៅ ចរិយា