នាយករដ្ឋមន្រ្តីរុស្ស៊ីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសវៀតណាម

AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Anatolyevich Medvedev បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចំនួន ២ ថ្ងៃ នៅថ្ងៃទី ១៨ វិច្ឆិកា តាមការអញ្ជើញរបស់សមភាគីវៀតណាម លោក Nguyen Xuan Phuc ។

ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅនៅពេលដែលប្រទេសទាំងពីរប្រារព្ធទិវាប្រចាំឆ្នាំរបស់វៀតណាមនៅប្រទេសរុស្ស៊ី និងទិវាប្រចាំឆ្នាំរបស់រុស្ស៊ីនៅប្រទេសវៀតណាមក្នុងអំឡុងឆ្នាំ ២០១៩-២០២០ ដែលជាខួបលើកទី ២៥ នៃពិធីចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពី គោលការណ៍មូលដ្ឋាននៃទំនាក់ទំនងមិត្តភាពរវាង        វៀតណាម និងរុស្ស៊ី នៅឆ្នាំ ២០១៩ និងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ នៃទំនាក់ទំនងការទូតទ្វេភាគីក្នុងឆ្នាំ ២០២០។

ដំណើរទស្សនកិច្ចនេះមានគោលបំណងបន្តបង្កើនចំណងទំនាក់ទំនងទ្វេភាគី នៅក្នុងវិស័យ  នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការការពារជាតិ សន្តិសុខ វិទ្យាសាស្ត្របច្ចេកវិទ្យា ការអប់រំ និងវប្បធម៌ ទេសចរណ៍និងការផ្លាស់ប្តូរទំនាក់ទំនងគ្នាពីខេត្តមួយទៅខេត្តមួយនៃប្រទេសទាំងពីរទៅវិញទៅមក។

កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០០១ ប្រទេសវៀតណាម និងរុស្ស៊ី បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រ ហើយក្រោយមកនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១២ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមមួយទៀតស្តីពី ការបង្កើនភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ទំនាក់ទំនងនយោបាយរវាងវៀតណាម – រុស្ស៊ី ដែលមានជំនឿទុកចិត្តខ្ពស់ត្រូវបានពង្រឹងឥតឈប់ឈរ។ ការផ្លាស់ប្តូរទស្សនកិច្ចរបស់មន្រ្តីថ្នាក់ខ្ពស់បានបង្កើតមូលដ្ឋានដ៏រឹងមាំមួយ​ ដើម្បីអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលាយរវាងប្រទេសទាំងពីរ។

តម្លៃនៃពាណិជ្ជកម្មទ្វេភាគីបានកើនឡើងពី ២,២ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០១៥ ដល់តម្លៃ ២,៧ប៊ីលានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ ២០១៦ និងតម្លៃ ៣,៥៥ប៊ីលានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ ២០១៧។ មុខទំនិញភាគច្រើនរបស់វៀតណាមដែលបាននាំចេញទៅកាន់រុស្ស៊ីរួមមាន ទូរស័ព្ទចល័ត សំលៀកបំពាក់ ផលិតផលកសិកម្ម និងអាហារសមុទ្រ ខណៈដែលរុស្ស៊ីនាំចូលប្រេងឥន្ធនៈ ដែក ជីគីមី និងឧបករណ៍គ្រឿងម៉ាស៊ីន៕

(ប្រភព VNAបកប្រែដោយលោក យា ចិន្តាខន្តី)