កិច្ចប្រជុំពួកមេដឹកនាំសេដ្ឋកិច្ច ​APEC  បញ្ចប់

AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ — កិច្ចប្រជុំរបស់ពួកមេដឹកនាំសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក(​APEC)  លើកទី ២៦ បានបញ្ចប់នៅទីក្រុង Port Moresby កាលពីថ្ងៃអាទិត្យនេះ ។

នាយករដ្ឋមន្ត្រីមន្ត្រី ប៉ាពួ ញូហ្គីណេ ( PNG  ) លោក PeTer O’Neill    បាននិយាយនៅឯសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំនោះថា ពួកមេដឹកនាំនៅឯកិច្ចប្រជុំនេះ បានធ្វើការពិភាក្សាគ្នានូវប្រធានបទផ្សេងៗ ហើយបណ្តាប្រទេសសេដ្ឋកិច្ច APEC បានបន្តធ្វើកិច្ចប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការធ្វើឱ្យ ប្រាកដថា តំបន់អាស៊ី ប៉ាស៊ីហ្វិក នឹងបន្តធ្វើឱ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ចដែលមានរាប់បញ្ចូល ព្រមទាំងការធ្វើសមាហរណកម្ម ដើម្បីឱ្យពលរដ្ឋទាំងអស់ទទួលបាននូវស្តង់ដា​ នៃការរស់នៅមួយដែលកាន់តែប្រសើរឡើង ។

លោកបាននិយាយថា បញ្ហាមួយចំនួនដែលបានធ្វើការពិភាក្សាគ្នាក្នុងអំឡុងកិច្ចប្រជុំរបស់ពួកមេដឹកនាំនោះ រួមមានសេដ្ឋកិច្ចឌីជីថល , ការធ្វើសមាហរណកម្ម សេដ្ឋកិច្ចតំបន់ , តំបន់ពាណិជ្ជកម្មសេរី នៅជុំវិញតំបន់អាស៊ី ប៉ាស៊ីហ្វិក , សហគ្រាសម៉ាក្រូ និង​តូចទៅដល់មធ្យម, សេវាកម្មនានា , ការបញ្ចូលរបៀបថ្មី , យេនឌ័រ និង សន្តិសុខម្ហូបអាហារ ។

លោកបាននិយាយថា ពួកមេដឹកនាំ APEC  បន្តផ្តោតទៅលើកិច្ចប្រឹងប្រែងក្នុងការព្យាយាមកាត់បន្ថយវិសមភាព , ការធ្វើឱ្យប្រាកដថា មានការធ្វើឱ្យមានច្រើនបែបផ្សេងគ្នាខាងសេដ្ឋកិច្ច​ ព្រមទាំងធ្វើការជាមួយគ្នា ដើម្បីកាត់បន្ថយរបាំងពាណិជ្ជកម្ម , ជំរុញកំណើន ព្រមទាំងធានាឱ្យមានវិបុលភាពសម្រាប់ប្រជាជន ។

លោក O’Neill  បាននិយាយថា អំពីប្រធានបទនៃកិច្ចប្រជុំឆ្នាំនេះ « ការយកមកប្រើប្រាស់ឱកាសដែលមានរាប់បញ្ចូល , ការក្រសោបយកអនាគតឌីជីថល »  នោះពួកមេដឹកនាំទាំងនោះ ក៏បានទទួលស្គាល់ផងដែរថា មានការយាយីរំខានខាងបច្ចេកវិទ្យាខ្លះៗ នៅក្នុងរង្វង់តំបន់ដូច្នេះគេចាំចាប់ត្រូវចាត់វិធានការលើការងារការអប់រំនិងការបណ្តុះបណ្តាល ។ កិច្ចប្រជុំរបស់ពួកមេដឹកនាំសេដ្ឋកិច្ច APEC  នាពេលខាងមុខនឹងត្រូវគេធ្វើនៅក្នុងប្រទេសស៊ីលី៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )