លោក មូន អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិហិរញ្ញវត្ថុអន្តរជាតិ(IMF) ដើម្បីទប់ទល់ទៅនឹងវិបត្តិហិរញ្ញវត្ថុ

AKP ភ្នំពេញ ថ្ងៃទី ១៩ ខែវិច្ឆិកា  ឆ្នាំ២០១៨ — ការិយាល័យរបស់លោកបាននិយាយថា កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីលោក មូន ចេ-អ៊ិន​ បានអំពាវនាវដល់មូលនិធិហិរញ្ញវត្ថុអន្តរជាតិ(IMF) ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែង​ដើម្បីការពារនូវអស្ថិរភាពដែលកំពុងកើតមាននៅក្នុងទីផ្សារហិរញ្ញវត្ថុសាកលនេះ។

នៅក្នុងកិច្ចប្រជុំមួយ ជាមួយនាយក IMF លោកស្រី គ្រីស្ទីន ឡាកាដ នៅក្នុងប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ លោក មូន បានសម្តែងការព្រួយបារម្ភដែលថា រំហូរដើមទុនចេញពី​ប្រទេសសេដ្ឋកិច្ចដែលកំពុងរីកចម្រើន និងការខ្វះខាតនូវរំហូរសាច់ប្រាក់សកល អាចបង្កឱ្យ​មានវិបត្តិហិរញ្ញវត្ថុជាសកលមួយ។

លោក មូន ត្រូវបានគេដកស្រង់សម្តីដែលនិយាយនៅក្នុងអំឡុងពេលកិច្ចប្រជុំមួយ ដែល​បានធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំកំពូល​APEC ថា នៅក្នុងករណីសិក្សានៃបណ្តាប្រទេស​ធំៗ ជាធម្មតានៃគោលនយោបាយការពង្រីករូបិយវត្ថុរបស់ពួកគេ ការប្រែប្រួលរូបិយប័ណ្ណ​បរទេស គឺកំពុងតែកើនឡើង​ជាពិសេសនៅក្នុងបណ្តាប្រទេសដែលកំពុងលូតលាស់។

លោក មូន បានសម្តែងការព្រួយបារម្មណ៍ដែលថា ការរីករាលដាលនៃ​សេដ្ឋកិច្ចគាំពារ​និយម​ និងការរីកចម្រើនដែលគ្មានតុល្យភាព​អាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និង​បង្កឱ្យមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង​សម្រាប់បណ្តាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន។

លោក មូន បានកត់សម្គាល់ថា ប្រទេសកូរ៉េខាងត្បូងបានចាត់វិធានការជាមុន​សម្រាប់​ស្ថិរភាពទីផ្សារនាពេលបច្ចុប្បន្ននេះ ដោយរួមទាំងការធ្វើឱ្យប្រសើរឡើងជាទៀងទាត់ ចំពោះ​ឥណទានដែលជារូបិយ  ប័ណ្ណបរទេស​ និងការត្រួតពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ទៅលើ​បំណុលខាងក្រៅ។ ការិល័យប្រធានាធិបតីបាននិយាយថា លោកបានសន្យាថា ការគាំទ្រ​ដែល​បានបន្តរបស់កូរ៉េខាងត្បូងសម្រាប់កិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗរបស់ IMF ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹងការគាំពារនិយម និងការជំរុញផ្នែកពាណិជ្ជកម្មពហុភាគី ដោយរួមមានទាំង​ការ​កែទម្រង់នានារបស់អង្គការពាណិជ្ជកម្មពិភពលោកផងដែរ៕

( ប្រភព យន់ហាប់:  បកប្រែដោយលោក មាស សំអុល )