លោក ម៉េដវ៉េដេវ មកដល់ប្រទេសវៀតណាម​សម្រាប់ដំណើរទស្សនកិច្ចផ្លូវការ ដើម្បីពិភាក្សាគ្នាពីគម្រោងធំៗរួមគ្នា

AKP ភ្នំពេញ ថ្ងៃទី ១៩ ខែវិច្ឆិកា  ឆ្នាំ២០១៨ — កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្រ្តីរុស្ស៊ី​លោក ឌីមីទ្រី ម៉េដវ៉េដេវ បានមកដល់ប្រទេស​វៀតណាម​សម្រាប់​ដំណើរទស្សនកិច្ចផ្លូវការមួយ ។

នាយករដ្ឋមន្រ្តីរូបនេះបានកំណត់បញ្ចប់ដំណើរទស្សនកិច្ចរបស់លោក នៅទីក្រុង​ហាណូយ បន្ទាប់កិច្ចប្រជុំកំពូល កិច្ចសងប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិច(APEC) ដែល​បាន​ប្រព្រឹត្តិទៅនៅ​ក្នុងប្រទេស ប៉ាពូអាស៊ីនូវែលហ្គីណេ។

តាមសេវាសារព័ត៌មានរបស់រដ្ឋាភិបាលរុស្ស៊ី បានឱ្យដឹងថា ក្នុងអំឡុងដំណើរទស្សន​កិច្ច​​ចំនួនពីរថ្ងៃ លោក ម៉េដវ៉េ​ដេវ នឹងធ្វើកិច្ចចរចាជាមួយនាយករដ្ឋមន្រ្តីវៀតណាម លោក Gguyen Xuan Phuc អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលរបស់គណៈបក្សកុំមុយនីស្ត​វៀតណាម និងប្រធានាធិបតី លោក ង្វៀន ពូ ទ្រុង ព្រមទាំងប្រធានសភាជាតិរបស់ប្រទេស​នេះ​លោក Gguyen Thi Kim Ngan។

សេចក្តីថ្លែងការណ៍មួយបាននិយាយថា មានផែនការមួយចំនួន ដើម្បីពិភាក្សាគ្នាលើបញ្ហា​សំខាន់ៗ នៃកិច្ចសហប្រតិបត្តិការ​រុស្ស៊ី-វៀតណាម ក្នុងផ្នែកពាណិជ្ជកម្ម ការវិនិយោគ ផ្នែកឧស្សាហកម្ម និងថាមពល។ ភាគីទាំងពី នឹងពិភាក្សាគ្នាពីការអនុវត្តនៃគម្រោង​ហេដ្ឋា​រចានាសម្ព័ន្ធរួមគ្នាធំៗ បច្ចេកវិទ្យាទំនើប គម្រោងអប់រំ និងមនុស្សធម៌ជាដើម​ ដោយរួមទាំង​ការ​ប្រារព្ធឆ្នាំរុស្ស៊ីនៅក្នុងប្រទេសវៀតណាម និងការប្រារព្ធឆ្នាំ      វៀតណាមនៅក្នុងប្រទេសរុស្ស៊ី​នា​ឆ្នាំ២០១៩​ខាងមុខនេះ៕

( ប្រភព TASS:  បកប្រែដោយលោក មាស សំអុល )