សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ប្រគល់ផ្ទះ និងចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋក្រីក្រនៅក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ

AKP កំពង់ធំ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ –នៅព្រឹកថ្ងៃអាទិត្យ ១១កើត ខែកត្ដិ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិកាសាខាកាក បាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញចូលរួមប្រគល់ផ្ទះចំនួន ២ខ្នង រួមនឹងសម្ភារប្រើប្រាស់មួយចំនួន ព្រមទាំងថវិកាផ្ទាល់ខ្លួន និងចែកអំណោយមនុស្សធម៌ ដល់ចាស់ជរាគ្មានទីពឹង ដែលកំពុងជួបការលំបាកនៅក្រុងស្ទឹងសែន និងបន្តដំណើរចុះជួបក្មេងស្រី ដែលមានជីវភាពលំបាក ដែលកំពុងរស់នៅជាមួយជីដូន នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែបានយកចិត្តទុកដាក់ គិតគូជានិច្ចនូវទុក្ខលំបាក់របស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង។ ការចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំនេះ គឺមិនមានការប្រកាន់ិន្នាការនយោបាយ ពណ៌សម្បុរ ឬសាសនានោះឡើយ និងបានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ដោយរស់នៅស្អាត ផឹកស្អាត ហូបស្អាត។ ក្រៅពីនេះ ឯកឧត្តម សុខ លូ និងសហការី បានបន្តដំណើរចុះជួបក្មេងស្រីឈ្មោះ ឡៃ ដាលីន អាយុ ១៤ឆ្នាំ រៀនថ្នាក់ទី៨ សាលាអនុវិទ្យាល័យពាមគ្រែង និងឈ្មោះ ឡៃ ឈុនឡាវ អាយុ ១២ឆ្នាំ ថ្នាក់ទី៦ សាលាបឋមសិក្សាកំពង់គោ និងក្មេងប្រុសឈ្មោះ ឡៃ យូនីត អាយុ ២ឆ្នាំ ដែលមានជីវភាពលំបាក កំពុងរស់នៅជាមួយជីដូន នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងនោះឯកឧត្តម បានឧបត្ថម្ភ កង់ចំនួន ២គ្រឿង សម្ភារសិក្សា សម្លៀកបំពាក់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនថែមទៀត ព្រមទាំងផ្តាំផ្ញើដល់មេភូមិ មេឃុំ បន្តតាមដានការសិក្សាឱ្យបានល្អ និងជីវភាពរស់នៅរបស់ក្មេងៗទាំងនោះបន្ថែមទៀត។

គួរម្លឹកដែរថា ការប្រគល់ផ្ទះទាំង២ខ្នងនេះ ដែលមានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ជញ្ជាំងក្តាមុខ ១ជ្រុង ជញ្ជាំងសង្ក័សី៣ជ្រុង ត្រូវបានប្រគល់ជូនគ្រួសារក្រីក្រ ប្តីឈ្មោះ កែវ វណ្ណនាង អាយុ ៣៧ និងប្រពន្ធឈ្មោះ ភឿង ចន្ថា អាយុ ៣៦ មានកូនក្នុងបន្ទុក ចំនួន ៣នាក់ នៅភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ចំណែកផ្ទះមួយខ្នងទៀត ប្រគល់ជូននិវត្តន៍ជនមួយរូបដែលមានជីវភាពខ្វះខាត នៅសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន និងសម្ភារប្រើប្រាស់មួយចំនួន ឯកឧត្តមអភិបាលខេត្តក៏បានបន្តដំណើរចុះជួបសំណេះ សំណាលជាមួយជនចាស់ជរាគ្មានទីពឹង ចំនួន ៣គ្រួសារបន្ថែមទៀត ដោយបាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូនដលគ្រួសារទាំង៣ ដែលមួយគ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ឃីដ ១កញ្ចប់ ធុងចម្រោះទឹរូបទន្សាយ ១ ជើងធុងចម្រោះទឹ ១ ទឹកសុទ្ធ ១កេះ ព្រមទាំងថវិកាផ្ទាល់ខ្លួនមួយចំនួនថែមទៀត៕

ដោយ ស៊ុម វណ្ណា