សម្ដេចតេជោ ហ៊ុន សែន ស្នើដល់ក្រសួងអប់រំ និងក្រសួងសង្គមកិច្ច ត្រៀមទទួលយក មជ្ឈមណ្ឌលនានាក្រោយពេលជំនួយបរទេសដកថយ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមាន​ប្រ​សា​​សន៍​ស្នើឱ្យក្រសួងអប់រំយុវជន និងកីឡា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសុខាភិបាល និងស្ថាប័ន​ពាក់​ព័ន្ធ​មួយចំនួនទៀតត្រៀមទទួលយកដូចជា មជ្ឈមណ្ឌល​កុមារកំព្រា។ល។ ដើម្បីមកទទួលរ៉ាប់​រង​ដោ​​​​យខ្លួនឯង ក្រោយពេលដែលជំនួយរបស់​បរទេស​បានដកថយ ទៅកាន់កន្លែងផ្សេងនោះ។ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីបានធ្វើឡើង ក្នុងខណៈដែលសម្ដេច និ​ងសម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី ​ហ៊ុនសែន​ ​អញ្ជើញ​សួរ​សុខទុក្ខ​ ព្រម​ទាំងរៀប​ចំអាហារ​ជូន​កុមារ​ពិការ​គ-ថ្លង់ ​និង​កុមារ​កំព្រា​ ​មក​ពីសាលាគ្រួសារថ្មី​ និ​ងមណ្ឌល​កុមារកំព្រា​​នានាក្នុងរាជ​ធានី​ភ្នំពេញ ចំនួន៨៧​៨នាក់ នា​ព្រឹក​ថ្ងៃអា​ទិត្យ១១​ កើត ខែ​កត្តិក​ ឆ្នាំ​ច ​សំរឹទ្ធិ​ស័ក​ ព.ស២៥៦២ ​ត្រូវ​នឹងថ្ងៃទី​១៨ ​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ​

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ​​បា​ន​ថ្លែង​ទាក់ទងជាមួយនឹងជំនួយរបស់បរទេស​ដែលកំពុងជួយលើវិស័យមួយចំនួននៅកម្ពុជាថា  ពេលដែលក្ខខណ្ឌសេដ្ឋកិច្ចនៅកម្ពុជាកើន​ឡើងអ្នកផ្ដល់ជំនួយគេនឹងដកថយជំនួយនោះ​ ទៅ​ឱ្យ​ប្រទេសដទៃដែលមិនមានលក្ខខណ្ឌ​អនុគ្រោះដូចកម្ពុជា។ សម្ដេចតេជោបានបញ្ជាក់ថា “ប្រទេសយើងគ្រាន់​តែបញ្ហាខ្ចីលុ​យ​គេ បើយើងនៅក្រ ខ្ចីលុយគេត្រឹមអាត្រាការប្រាក់សម្បទាន ប៉ុន្តែបើយើងឡើងឋានៈ​ក្លា​យ​ទៅ​ជាប្រទេសដែលមានចំណូលសមល្មមហើយ គឺយើងខ្ចីលុយគេត្រូវទទួលអាត្រាការប្រាក់​ពា​​ណិ​ជ្ជ​កម្ម​តែម្ដង ព្រោះភាពអនុគ្រោះទាំងឡាយ ត្រូវបានផ្ដល់តែប្រទេសអភិវឌ្ឍន៍​តិច​តួច​តែ​ប៉ុ​ណ្ណោះ”។ សម្ដេចតេជោបានបន្ដថា ពេលដែលមានការកើនឡើងសេដ្ឋកិច្ច គឺគេនឹងដកថយ ដើម្បីផ្ទេរជំនួយនោះ​ទៅ​កាន់​ទីកន្លែងផ្សេងដែលមានការលំបាក។ ដូច្នេះទាំងផ្នែកសង្គមកិច្ច ទាំងផ្នែកអប់រំ ត្រូវត្រៀម​ទទួ​លយកនៅបណ្ដាមជ្ឈមណ្ឌលទាំងឡាយ ដើម្បីយើងទទួលរ៉ាប់រង​ខ្លួនឯង។ សម្ដេចតេជោបានអះអាងថា ហេតុ​នេះ​ហើ​យ​បានជាទំហំថវិកាទៅលើវិស័យអប់រំ វិស័យសុខាភិបាល វិស័យសង្គមកិច្ច កាន់តែធំទៅៗ ហើយដែលនេះគឺជាការទទួលរបស់​យើងចំពោះប្រទេសមួយនេះ។

នៅក្នុងពិធីនោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា រាជរដ្ឋាភិបាល​  កំពុ​ង​យកចិត្តទុកដាក់លើបញ្ហាស្ត្រីមានផ្ទៃពោះ និងស្ត្រីឆ្លងទន្លេ ទៅក្នុងគោលនយោបាយគាំ​ពារ​ស​​ង្គម ដែលក្នុងនោះ កត្តាអាហារូបត្ថម្ភវាក៏អាចជួយ ដើម្បីជំនះនូវការលំបាកទាក់​ទង​ជាមួយ និ​ងស្ថានភាពទារកដែលកើតឡើងក្លាយទៅជាជនពិការតាំងពីកំណើត។ ទន្ទឹមនេះ យើងចង់ឱ្យ​ប្រ​ជា​ព​ល​រដ្ឋ​របស់យើង កើតមកមានកាយសម្បទាល្អ មានបញ្ញាឈ្លាសវៃ ដែលអាចឈាន​ទៅ​រក​ប្រ​ទេ​សមួយដែលមានការរីកលូតលាស់។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបន្តការដាស់​តឿ​ន​ដល់​កុ​មារគ ថ្លង់ទាំងអស់ត្រូវខិតខំរៀន​សូត្រ បើទោះបីជាកាយសម្បទា មិនគ្រប់គ្រាន់ក្ដី ក៏​ប៉ុ​ន្តែ​ការ​មិន​គ្រប់គ្រាន់ខាងកាយសម្បទា​នាសម័យនេះ បើសិនជាយើងចេះជម្នះវា ការមិនគ្រប់​គ្រា​ន់​ខាង​កាយសម្បទានោះ វាមិន​មែនជាឧបសគ្គនៃការអភិវឌ្ឍខ្លួននោះទេ។ សម្ដេចតេជោបានបន្ថែមថា ព្រោះឥឡូវនេះ វា​មា​នអក្សរស្ទាប និងកាបកប្រែភាសាជាកាយវិការ ដែលធ្វើឱ្យកុមារ គ ថ្លង់ និងពិការភ្នែកមួយ  ​ចំ​នួ​​ន បានទទួលការបណ្ដុះបណ្ដាលរហូតទៅដល់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ដែល ​បច្ចុ​ប្បន្ន​នេះមានកុមារ គ ថ្លង់ មួយចំនួនកំពុងធ្វើការនៅស្ថាប័នរដ្ឋ និងវិស័យឯកជនផងដែរ។ សម្ដេ​ចតេជោក៏បានអំពាវនាវដល់ស្ថាប័ន​ពាក់​ព័ន្ធ និងលោកគ្រូ អ្នកគ្រូ ឱ្យបន្តការយកចិត្តទុក​ដា​ក់​ ក្នុការថែទាំ កុមារ គ ថ្លង់ទាំងអស់ឱ្យបានល្អ ដើម្បីឱ្យពួកគេទទួលបានការអប់រំមួយខ្ពស់ និង​អាច​ម្ចាស់ការលើខ្លួនឯងបាននាពេលអ​នា​គ​ត៕ ដោយ ជឹម ណារី