សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់សារជាថ្មីថា ពិធីបុណ្យអុំទូក នឹងប្រព្រឹត្តទៅតាមការគ្រោងទុក

AKP ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់សារជាថ្មីប្រាប់ជនរួមជាតិទូទាំងប្រទេសថា ព្រះរាជពិធីបុណ្យ​អុំទូក ប​ណ្ដែ​តប្រទីប សំពះព្រះខែ និងអកអំបុក នឹងប្រព្រឹត្តទៅតាមការគ្រោងទុក ដោយគ្មាន​ការ​អា​ក់​ខាននោះទេ។

ក្នុងខណៈដែលសម្ដេច និ​ងសម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី ​ហ៊ុនសែន​ ​អញ្ជើញ​សួរ​សុខ​ទុ​ក្ខ​ ព្រម​ទាំងរៀប​ចំអាហារ​ជូន​កុមារ​ពិការ​គ-ថ្លង់ ​និង​កុមារ​កំព្រា​ ​មក​ពីសាលាគ្រួសារថ្មី​ និ​ងម​ណ្ឌ​ល​កុមារកំព្រា​​នានាក្នុងរាជ​ធានី​ភ្នំពេញ ចំនួន៨៧​៨នាក់ នា​ព្រឹក​ថ្ងៃអា​ទិត្យ១១​ កើត ខែ​កត្តិ​ក​​ ឆ្នាំ​ច ​សំរឹទ្ធិ​ស័ក​ ព.ស២៥៦២ ​ត្រូវ​នឹងថ្ងៃទី​១៨ ​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅខណ្ឌសែនសុខ រាជ​ធា​នីភ្នំពេញ សម្ដេចតេជោថ្លែងថា “ខ្ញុំសូមយកឱកាសនេះជម្រាបជូនប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេ​ស​ថា​ ពីមុនយើងព្យាករណ៍ថា ទឹកទន្លេនៅថ្ងៃបុណ្យអុំទូកមានកម្រិត ៥ម៉ែត្រ២តឹក ទៅ ៥ម៉ែ​ត្រ​៣​តឹ​ក។ ប៉ុន្តែថ្ងៃនេះ ទឹកនៅមានកម្ពស់ត្រឹម ៥ម៉ែត្រ ៨ផឹង។ ដូច្នេះអាចនឹងថ្ងៃបុណ្យអុំ​ទូកកម្ពស់​ទឹក​ស​ល់​ត្រឹមលើ៥ម៉ែត្របន្តិចបន្តួចតែប៉ុណ្ណោះ។ ប៉ុន្តែទោះបីជាកម្ពស់ទឹកនៅសល់​ត្រឹមក្រោម​៥​ម៉ែ​ត្រ​ ក៏សូមបញ្ជាក់សារជាថ្មីថា យើងនូវតែប្រារព្ធពិធីបុណ្យអុំទូកដោយគ្មានការ អាក់ខានទេ។” សម្ដេចតេជោក៏បានបញ្ជាក់​ផ្ដាំទៅបណ្ដាខេត្ត និងទីវត្តនានាដែលមានទូក​មកប្រណាំងនៅទីក្រុងភ្នំពេញ ថាការបុ​ណ្យ​អុំ​ទូកយើងនៅតែបន្តធ្វើ។ សម្ដេចតេជោនាយក រដ្ឋមន្ត្រីថ្លែងបន្តថា ប៉ុន្តែក៏សូមផ្ដាំផ្ញើរផងដែរថា យើ​ងមិនសប្បាយភ្លេចខ្លួន ជាមួយនឹងតំបន់​មួយចំនួនកំពុងតែខ្វះទឹក ដើម្បីបញ្ចូលទៅស្រែ​ដែ​ល​កំ​ពុងខ្វះទឹកនោះទេ បើទោះបីជាការ​ព្យាករណ៍របស់ឧតុនិយមបង្ហាញថា នឹងមានភ្លៀង​ធ្លាក់​នៅ​ថ្ងៃទី៣ នៃពិធីបុណ្យអុំទូកក៏​ដោយ។ ម្យ៉ាងទៀត អាជ្ញាធររាជធានីភ្នំពេញ និងសមត្ថកិ​ច្ចពា​ក់​ព័ន្ធ ត្រូវយកចិត្តទុកដាក់​បង្កើន​​​ការរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ឱ្យបាន​ល្អសម្រាប់​ពិធីបុណ្យ​អុំទូ​ក​នេះ ដែលប្រជាជន​នៅ​តាមទីជនបទរាប់លាននាក់ចូលមកកាន់ទីក្រុងភ្នំពេញ​ ដើម្បី​កម្សា​ន្ត​សប្បាយនោះ។យោងតាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យដឹងថា ក្នុងពិធីព្រះ​រាជ​ពិ​​ធី​បុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តឡើងរយៈ​ពេល៣ថ្ងៃ ចា​ប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ មានទូកចំនួន២៩៥ និង​មា​នចំ​ណុះ​​ទូក១៩.០១៧នាក់ ចូលរួមប្រកួតប្រជែងនៅតាមដងទន្លេមុខព្រះបរមរាជវាំង ដែលក្នុង​នោះ​​ទូក​អុំនារី១ អុំបុរសមាន ១៦៣ទូក ទូកចែវនារី ១ទូក ចែវបុរសមាន៣២ និង​ទូកខ្នាតអន្តរ​ជាតិ​នារី​២ និងខ្នាតអន្តរជាតិបុរសមានចំនួន៩៦៕

ដោយ ជឹម ណារី