សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អាជ្ញាធរខេត្ដ និងកងកម្លាំងសមត្ថកិច្ចព្រំដែន ត្រូវទប់​ស្កាត់ការលួចឆ្លងដែនខុសច្បាប់របស់ពលរដ្ឋខ្មែរចូលប្រទេសថៃ

AKP ឧត្តរមានជ័យ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់កង​កម្លាំងនគរបាល និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលនៅប្រចាំការការពារតាមបណ្តោយ​ព្រំដែនកម្ពុជា-ថៃ​ ត្រូវធ្វើ​ការទប់ស្កាត់ឱ្យខាងតែបានចំពោះការលួចចូលឆ្លងដែនខុសច្បាប់ ពីសំណាក់ប្រជាពល​រដ្ឋខ្មែរ​ទៅកាន់ប្រទេសថៃ ដើម្បីកាប់ឈើគ្រញូង តាមច្រករបៀងខុស​ច្បាប់ ។ ការលើកឡើងរបស់សម្ដេចក្រឡាហោមនេះបានធ្វើឡើង ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និង​តែងតាំងអភិបាលខេត្តឧត្តរមានជ័យថ្មី កាលពីថ្ងៃសៅរ៍ ១០កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ។ សម្ដេចក្រឡាហោម​បានជំរុញដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវសហការជាមួយថៃ ​ស្នើឱ្យ​ភាគីថៃ កុំបាញ់​ប្រជាពលរដ្ឋខ្មែរដែលឆ្លងដែនខុសច្បាប់ ត្រូវសហការចាប់បញ្ជូនមកវិញ​តាមនីតិវិធីច្បាប់ និងតាមនីតិវិធីដែលអាចធ្វើទៅបាន ។​

សម្ដេចក្រឡាហោមបានលើកឡើងទៀតថា ច្រករបៀង​មិនមែនជាច្រក​ស្របច្បាប់ទេ​ ព្រំដែនកម្ពុជា-ថៃមានប្រវែង២២១គីឡូម៉ែត្រ សព្វថ្ងៃនេះក្នុងមួយថ្ងៃៗថៃចាប់បញ្ជូនប្រជាពល​រដ្ឋខ្មែរដែលឆ្លងដែនខុសច្បាប់មកវិញពី​៨០ ទៅ១០០នាក់។ ទន្ទឹមនេះ មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ​ទាំងអស់ដែល​ការពារព្រំដែន​ ​ធ្វើយ៉ាងណា​ត្រូវទប់ស្កាត់ឱ្យបានពីការ​លួចចូល​ឆ្លងដែនទៅ​ប្រទេសថៃ​ដោយ​ខុសច្បាប់​។ ហេតុនេះ​ កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ​ ​គ្រប់គ្រង​ច្រកព្រំដែន​ឱ្យបានត្រឹមត្រូវ​ គឺធ្វើយ៉ាងរក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបាន ហើយមានប្រយោជន៍ដល់​ប្រជាជន​នៃប្រទេស​ទាំងពីរ ។

សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា បើតាមលទ្ធផលនៃការផ្តល់សេវារដ្ឋបាល របស់​ការិយាល័យ​​ច្រកចេញ​ ចូលតែមួយ ដែលបង្កើតឡើងនៅតាមបណ្តាក្រុង ស្រុក ខណ្ឌ នាពេលកន្លងមកបានបង្ហាញឱ្យឃើញនូវលទ្ធផលវិជ្ជមាន គួរជាទីមោទនគឺ មានការសម្រប​សម្រួល ដោះស្រាយបញ្ហាបន្ដឹងនានារបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។ លើសពីនេះ​ទៀត ការិយាល័យទាំងពីរនេះ បាននិងកំពុងប្រតិបត្តិការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ​យ៉ាង​សកម្ម ស្របតាមគោលការណ៍ បែបបទ និងនីតិវិធី ដែលបានកំណត់ បង្កដល់ភាព​ងាយស្រួល ជូនប្រជាពលរដ្ឋដែលមកទទូលសេវា និងបានផ្តល់សេវាជូនពួកគាត់បានទាន់​ពេល​​វេលា ព្រមទាំងបានប្រមូល​ចំណូល​ចូលថវិកាជាតិ ពីការផ្តល់សេវានេះ ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព និងចូលរួមចំណែកក្នុងការទប់ស្កាត់អំពើពុករលួយផងដែរ ។

សូមបញ្ជាក់ថា ការប្រកាសចូលកាន់មុខតំណែង ឯកឧត្តម​ ប៉ែន​ កុសល្យ អតីត​អភិបាលរងខេត្តត្បូងឃ្មុំ ទៅជាអភិបាលនៃ​គណៈ​អភិបាល​ខេត្តឧត្តរមានជ័យ ជំនួស ឯកឧត្តម ស ថាវី ត្រូវបានផ្ទេរភារកិច្ច និងទទួលតំណែង​ថ្មី​ ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ៕

ដោយ ទិត ស្រ៊