ទិវាទឹកនោមផ្អែមពិភពលោកឆ្នំាំ២០១៨ ប្រារព្វធ្វើនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០១៨ — ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃជំងឺទឹកនោមផ្អែម និងលើកកម្ពស់តួនាទី​របស់គ្រួសារក្នុងការថែទាំ ការពារ និងការអប់រំ ទាក់ទងជំងឺទឹកនោមផ្អែម ក្រុមហ៊ុនផលិត​ឱសថសាណូហ្វីកម្ពុជា សហការជាមួយសមាគមជំងឺទឹកនោមផ្អែមកម្ពុជា បានរៀបចំទិវាទឹក​នោមផ្អែមពិភពលោកនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប​ក្រោមប្រធានបទ”គ្រួសារ និងទឹក​នោមផ្អែម”។ ទិវាទឹកនោមផ្អែមពិភពលោកត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ខែវិច្ឆិកា ប៉ុន្តែសម្រាប់កម្ពុជានៅឆ្នាំ២០១៨នេះ បានលើកយកមកធ្វើនៅថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៨ នៅទីលានមុខប្រាសាទបន្ទាយស្រី ដែលទិវានេះមានការដង្ហែរក្បួន និងកាន់បដារំលេច សារ អប់រំខ្លី ពីសំណាក់សិក្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ៨០០នាក់។

លោកស្រី ដាវ ធូង៉ា(Dao ThuNga)នាយិកាគ្រប់គ្រងក្រុមហ៊ុនផលិតឱសថសាណូហ្វីកម្ពុជា បានបញ្ជាក់ថា គ្រួសារដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយហានិភ័យ​នៃជំងឺទឹកនោម​ផ្អែមប្រភេទទី២ តាមរយៈការផ្តល់នូវការអប់រំ ធនធាន និងបរិស្ថាន ដើម្បីទ្រទ្រង់ការរស់​នៅប្រកបដោយផាសុខភាព។ លោកស្រីបន្តថា បើយោងតាមសហព័ន្ធជំងឺទឹកនោមផ្អែមពិភព​លោកបានបង្ហាញថា ការគាំទ្រពីសំណាក់គ្រួសារចំពោះការថែទាំជំងឺទឹកនោមផ្អែម គឺមាន​ឥទ្ធពលយ៉ាងសំខាន់ដែលធ្វើឱ្យលទ្ធផលសុខភាពអ្នកជំងឺប្រសើរឡើង។

យោងតាមអង្គការសុខភាពពិភពលោក បានព្យាករថា នៅឆ្នាំ២០៣០ ជំងឺទឹកនោមផ្អែម​នឹងក្លាយជាមូលហេតុទី៧នៃមរណភាពនៅលើពិភពលោក ខណៈបច្ចុប្បន្នមនុស្សជាង​៤២៥លាននាក់កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម។ សម្រាប់នៅកម្ពុជា​អត្រានៃជំងឺទឹក​នោមផ្អែមជាទូទៅនៅទាបជាងបណ្តាបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍នៅឡើយ ប៉ុន្តែកម្ពុជា​មានប្រេវ៉ាឡង់នៃអ្នកជំងឺទឹកនោមផ្អែមស្ថិតនៅវ័យចន្លោះពី២០ឆ្នាំ ទៅ៣០ឆ្នាំខ្ពស់ជាង​បណ្តាផ្សេងៗទៀត។
លោកសាស្រ្តាចារ្យ លឹម កើកគី ប្រធានសមាគមជំងឺទឹកនោមផ្អែមកម្ពុជាបានមាន​ប្រសាសន៍ថា បច្ចុប្បន្ននេះ នៅខេត្តសៀមរាបមានអ្នកជំងឺទឹកនោមផ្អែមជាមធ្យម​ប្រហែល​៤.០០០នាក់បានមកពិនិត្យព្យាបាលនៅសមាគមជំងឺទឹកនោមផ្អែមសាខាខេត្តសៀមរាប ក្នុងនោះអ្នកជំងឺប្រមាណ២.០០០នាក់ប៉ុណ្ណោះ បាន​មកទទួលសេវាព្យាបាលជាប្រចាំ។

លោកសាស្រ្តាចារ្យបានបន្តថា ភាគច្រើននៃអ្នកកើតជំងឺទឹកនោមផ្អែម គឺជាជំងឺប្រភេទទី២ ដែលជាប្រភេទអាចការពារបានយ៉ាងច្រើនតាមរយៈសកម្មភាពមួយចំនួនដូចជា ការធ្វើ​លំហាត់​ប្រាណឱ្យបានទៀងទាត់ ការបរិភោគអាហារដែលមានតុល្យភាព និងកាលើក​កម្ពស់ជិវភាពរស់នៅប្រកបដោយផាសុខភាព។លោកសាស្រ្តាចារ្យគូសបញ្ជាក់ទៀតថា ជំងឺទឹកនោមផ្អែមមិនអាចព្យាបាលបានទេ ប៉ុន្តែអ្នក​ជំងឺមិនស្លាប់ដោយសារជំងឺទឹកនោមផ្អែមឡើយ បើពួកគេគោរពតាមបទបញ្ជារបស់​គ្រូពេទ្យ។​តាមរយៈទិវាទឹកនោមផ្អែមពិភពលោកនេះ លោកសាស្រ្តាចារ្យរំពឹងថា ការយល់ដឹងទាក់ទង​នឹងជំងឺទឹកនោមផ្អែមរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយបានអត្រានៃអ្នកកើត​ជំងឺទឹកនោមផ្អែម​នៅកម្ពុជា។

សូមបញ្ជាក់ថា មូលហេតុចម្បងសំខាន់​បួន​យ៉ាង​សម្រាប់​សម្គាល់​ជំងឺ​ទឹក​នោម​ផ្អែម គឺនោម​ច្រើន ស្រេក​ទឹក ចុះ​ស្គម អស់​កម្លាំង ហើយដែលកាន់តែច្បាស់បញ្ជក់ថា មានជំងឺទឹក​នោមនោះគឺ ទឹកនោមស្រមោច​រោម និងទៅពិនិត្យឈាម៕

ដោយ ឃុត សៅ