ក្រុមការងារខេត្តសៀមរាប ចុះចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ២០០គ្រួសារ និងសិស្សានុសិស្ស៥០០នាក់

AKPសៀមរាប ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ — ក្រុមការងារថ្នាក់ខេត្តសៀមរាបដឹកនាំដោយ លោក លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាល​ខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្ត បានដឹកនាំយកអំណោយទៅចែកជូនដល់ប្រជា​ពល​រដ្ឋក្រីក្រ​ចំនួន២០០គ្រួសារ រួមជាមួយសិស្សានុសិស្សចំនួន៥០០នាក់ផងដែរ ដែលកំពង់រស់​នៅក្នុងភូមិគោកបេងនិងភូមិគោកត្នោត សង្កាត់គោកចក ខេត្តសៀមរាប។ ពិធីចុះទៅចែក​អំណោយ​ទាំងនេះបានប្រព្រឹត្ដទៅ កាលពីថ្ងៃ១០កើត ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។


សូមបញ្ជាក់ថា អំណោយដែលបានយកទៅចែកជូនដល់ប្រជាពលរដ្ឋ និងសិស្សានុ​សិស្សក្រីក្រនោះ គឺជាអំណោយសប្បុរសជនសិង្ហបុរី ដែលបានផ្តល់ជូនតាមរយៈក្រុម​ការងារ ថ្នាក់ខេត្ត ចុះជួយសង្កាត់គោកចក នៃក្រុង ខេត្តសៀមរាប។ អំណោយទាំងនោះ ផ្ដល់ជូន ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ១០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រខកំប៉ុង១យួរ ប៊ីចេង១កញ្ចប់ មី១កេស ប្រេងឆា១ដប និងប្រេងខ្យង១ដប។ ចំណែកសិស្សានុសិស្សទាំង​៥០០នាក់ ក្នុងម្នាក់ៗទទួលបានសម្ភារសិក្សា និងសម្លៀកបំពាក់សិស្ស១កំប្លេ រួមទាំងនំ​សម្រាប់​បរិភោគផងដែរ។ ដោយឡែក មាតាបិតា អាណាព្យាបាលសិស្ស លោកអ្នកគ្រូ ដែលបានចូលរួមចំនួន៨៥នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀលផងដែរ ។

លោក លី សំរិទ្ធ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខដឹកនាំ​នៃរាជរដ្ឋាភិ​បាលក្នុងការយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយបងប្អូនត្រូវ មានការប្រុងប្រយ័ត្នខ្ពស់​ចំពោះភ្លើងផ្សែង ដោយរដូវប្រាំងបានចូលមកដល់ហើយ និងមាន​ការប្រុងប្រយ័ត្នផងដែរអំពីបញ្ហាសុខភាព គឺត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត។


លោកអភិបាលរងខេត្ដក៏បានក្រើនរម្លឹកផងដែរចំពោះបងប្អូនប្រជាពលរដ្ឋ និងសិស្សានុ​សិស្ស ត្រូវគិតគូរពីសុវត្ថិភាពតាមដងផ្លូវសាធារណៈ ក្នុងពេលធ្វើដំណើរទៅណាមកណា​ឬទៅសាលារៀន ចៀសវាងកុំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ហើយនាំគ្នាគោរពច្បាប់​ចរាចរណ៍ ដោយពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ ត្រូវបើកបរក្នុងល្បឿនកំណត់ បើកបរកុំ ជែងគ្នា និងកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ ហើយចំណែកក្មួយៗសិស្សានុសិស្ស ទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ និងចូលរួមការងារសង្គមក្នុងមូលដ្ឋានរបស់ខ្លួនព្រោះ ក្មួយៗនេះហើយ ជាសសសរស្តម្ភដ៏រឹងមាំនៃធនធានមនុស្សរបស់ប្រទេសជាតិ គឺត្រូវចៀស​វាងឱ្យឆ្ងាយពីគ្រឿងញៀន បងតូចបងធំ ល្បែងពាលាដែលផ្ទុយនឹងច្បាប់។


លោកក៏បានធ្វើការក្រើនរម្លឹកដល់អាជ្ញាធរមូលដ្ឋានផងដែរ ត្រូវចេះដោះស្រាយ ជូនប្រជា ពលរដ្ឋប្រកបដោយការយកចិត្តទុកដាក់និងដឹងនូវទុក្ខធុរៈរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ត្រូវ​ធ្វើអំពើល្អជាគំរូល្អដល់ប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋជឿទុកចិត្តមកលើអាជ្ញាធរមូលដ្ឋាន​ របស់ខ្លួនដោយមិនប្រកាន់និន្នាការនយោបាយ ជាតិ សាសន៍ និងពណ៌សម្បុរនោះឡើយ៕

ដោយ ហង្ស សៀក