រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ណែនាំដល់ព្រះរាជ​អាជ្ញាខេត្តមណ្ឌលគិរី​ទើបតែងតាំងថ្មី ត្រូវសហ​​ការ និងបង្កើនសាមគ្គីភាពផ្ទៃក្នុងជាមួយភាគីពាក់ព័ន្ធឱ្យកាន់តែល្អ

AKP មណ្ឌលគិរី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ —  ឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានណែនាំដល់ព្រះរាជ​អាជ្ញា​ នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្តមណ្ឌលគិរីដែលចូលកាន់តំណែងថ្មីនេះ រួមជាមួយលោកប្រធានសាលា ដំបូងខេត្ត ក៏ដូចជាមន្ត្រីចំណុះសាលាដំបូងខេត្តទាំងអស់ ត្រូវបន្ដកិច្ចសហការជាមួយភាគី​ពាក់ព័ន្ធក្នុងខេត្ដ និងបង្កើនការសាមគ្គីភាពផ្ទៃក្នុង ឱ្យកាន់តែល្អប្រសើរ។

ក្នុងពិធីប្រកាសតែងតាំងព្រះរាជអាជ្ញាខេត្ដមណ្ឌលគិរីថ្មី កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម អង្គ វង្សវឌ្ឍនា បានបញ្ជាក់ថា ​ការបងើ្កនសាមគ្គីភាពរវាងស្ថាប័នតុលាការ និង​ស្ថាប័ន អង្គភាពពាក់ព័ន្ធក្នុងខេត្ដ និងប្រសិទ្ធភាពការងារនេះគឺដើម្បីសម្រេចកិច្ចការងារ​ស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាជនរងគ្រោះ ទូទៅជាពិសេសត្រូវមានកិច្ចសហការ​ល្អជាមួយផ្នែកពាក់ព័ន្ធ ទាំងកងកម្លាំងប្រដាប់អាវុធទាំងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់។

លោក ប៉េង សម្បត្តិ អភិបាលរងខេត្តមណ្ឌលគិរីបានស្នើឱ្យព្រះរាជ​អាជ្ញា​ នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្តមណ្ឌលគិរីថ្មី ត្រូវបន្តពង្រឹងកិច្ចសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ​ជុំវិញ​ខេត្ត ក៏ដូចជាអាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ដើម្បីដោះស្រាយរាល់បញ្ហា បណ្តឹងផ្សេងៗ ឬសំណុំ​រឿង​ដែលនៅសេសសល់ មិនទាន់បានដោះស្រាយ ដោយឈរលើតម្លាភាព ភាពយុត្តិធម៌។

លោក ហៀង សុភក្រ្ត ដែលជាព្រះរាជអាជ្ញាខេត្តមណ្ឌលគិរីថ្មី បានធ្វើការប្តេជ្ញាចិត្ត ពង្រឹងវិន័យការងារ រក្សានូវសាមគ្គីភាពផ្ទៃក្នុងរវាងស្ថាប័នអយ្យការ និងតុលាការ ដើម្បីពង្រឹង​សមត្ថភាពបច្ចេកទេសការងារ និងសហការធ្វើការងារល្អជាមួយអាជ្ញាធររដ្ឋបាលគ្រប់ថ្នាក់ក្នុង​ខេត្ត មន្ត្រីនគរបាលយុត្តិធម៌ គ្រប់លំដាប់ថ្នាក់ ក៏ដូចជាមន្ត្រីសាធារណៈដទៃទៀត ដែលច្បាប់​ប្រគល់សិទ្ធិឱ្យក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា យោងតាមព្រះរាជក្រឹត្យ លោក ឡុង ហុកម៉េង ជាព្រះរាជអាជ្ញាខេត្ត​មណ្ឌល​គិរី ត្រូវព្រះមហាក្សត្រត្រាស់បង្គាប់ទៅជាព្រះរាជអាជ្ញានៃសាលាដំបូងខេត្តត្បូងឃ្មុំ។ ចំណែក​លោក ហៀង សុភក្រ្ត ដែលជាព្រះរាជអាជ្ញាខេត្តត្បូងឃ្មុំ ត្រូវបានព្រះមហាក្សត្រ​ត្រាស់បង្គាប់​តែងតាំង​ជាព្រះរាជអាជ្ញានៃសាលាដំបូងខេត្ដមណ្ឌលគិរីជំនួសលោក​ ឡុង ហុកម៉េង វិញ៕ដោយ ចាន់បុត្រ