គរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាបចំនួន១៧០នាក់ ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាមជូនមជ្ឈមណ្ឌលផ្តល់ឈាមនៃ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ — គរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាបចំនួន១៧០នាក់ បានស្ម័គ្រចិត្ត​បរិច្ចាគឈាមជូនមជ្ឈមណ្ឌលផ្តល់ឈាមនៃ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តសៀមរាប ដែលការបរិច្ចាគ ឈាមនេះ មានអត្ថប្រយោជន៍ខ្លាំងណាស់ គឺជួយដល់សង្គមជួយអ្នកជំងឺដែលខ្វះឈាម បង្ហាញពីសាមគ្គីភាព និងចូលរួមការងារ​សង្គម​ដើម្បីប្រទេសជាតិ។ សកម្មភាពនេះ ក៏ជាការរួម​ចំណែកយ៉ាងសំខាន់​ក្នុង​ការ​ជួយសង្គ្រោះជីវិតជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាល​នៅ   ក្នុ​ង​​មន្ទីរពេ​ទ្យជាអំពើមនុស្សធម៌ និងជាពលរដ្ឋម្នាក់ដែលឆ្លើយតបទៅនឹ​ង​សង្គមយ៉ាង​ពិត​ប្រាកដផងដែរ។ ពិធីនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក រឿន បូរ៉ា ជាគរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប បានថ្លែងថា នេះជាលើកទី២ហើយសម្រាប់រូបលោកជាមួយករុសិស្សរួមជំនាន់ដែលបានស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម ព្រោះគិតថា ការបរិច្ចាគឈាមនេះ បានជួយសង្គ្រោះជីវិតមនុស្ស និងការងារសង្គម ដែលយុវជនដូចជាពួកលោកត្រូវតែធ្វើ។

លោក លឹម ហេង អនុប្រធានមន្ទីរពេទ្យខេត្តសៀមរាបបានបញ្ជាក់ថា ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ អត្រានៃការប្រើប្រាស់សេវាមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គឺមាន​ការកើនឡើងគួរឱ្យកត់សម្គាល់​ ហើយរាល់ការពង្រីក និងបន្ថែមសេវាឯកទេស នៅក្នុងមន្ទីរ​ពេទ្យនេះ តម្រូវឱ្យមានការប្រើប្រាស់ឈាមកាន់តែច្រើនឡើងផងដែរ​។

លោកបានបន្ដថា ការប្រើប្រាស់ឈាម​នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបក្នុងឆ្នាំ២០១៦​គឺប្រើ​ប្រាស់ឈាមប្រមាណជា១.៣០០ប្លោក នៅឆ្នំា២០១៧ ប្រើប្រាស់ឈាមអស់ប្រមាណ​២.៥០០ប្លោក ហើយនៅឆ្នាំ២០១៨នេះអាច និងប្រើប្រាស់ឈាមសម្រាប់សង្គ្រោះជីវិតមនុស្ស​តាមរយៈការវះកាត់ផ្សេងៗរហូតទៅដល់ប្រមាណ៣.៧០០ប្លោក។លោកបានបន្ថែមថា បច្ចុប្បន្ននេះ មជ្ឈមណ្ឌលផ្ដល់ឈាម នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​ត្រូវការប្រជា​ពលរដ្ឋ​បរិច្ចាគឈាមដោយស្ម័គ្រចិត្តឱ្យបានច្រើន ពោលបើតាមផែនការ គឺ​ត្រូវការឱ្យមានបរិច្ចាគឈាមដោយស្ម័គ្រចិត្ត១០០ភាគយ ខណៈបច្ចប្បន្នមានសប្បុរសជនជាតិ និងអន្តរជាតិដែលបានមកធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្តប្រមាណ៦០ ទៅ៧០​ភាគយ​ហើយ។     លោកបានគូសបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ អ្នកដែលបានស្ម័គ្រចិត្តបរិច្ចាគ​ឈាម​ភាគច្រើនជាយុវជន។ ជាក់ស្តែងនៅថ្ងៃនេះគរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាបចំនួន១៧០នាក់បានស្ម័គ្រចិត្ត​បរិច្ចាគឈាមជូនមជ្ឈមណ្ឌលផ្តល់ឈាមនៃ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តសៀមរាប ដោយក្តីពេញចិត្តនិងរីករាយ។

លោកអនុប្រធានមន្ទីរពេទ្យក៏បានអំពាវ​នាវ​ឱ្យ​ប្រជា​ពលរដ្ឋ​បរិច្ចាគឈាមដោយស្ម័គ្រ​ចិត្តជូនមជ្ឈមណ្ឌលផ្តល់ឈាមនៃ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តសៀមរាប ឱ្យបានកាន់តែច្រើនបន្ថែម​ទៀត​ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ខណៈ​​មន្ទីរមួយនេះ មានអត្រាប្រើប្រាសឈាមកើន​ឡើងជាបន្តបន្ទាប់ ជាពិសេសប្រើប្រាស់សម្រាប់ស្រី្តសម្រាលកូន អ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ និងការវះកាត់ធំៗសម្រាប់សង្គ្រោះបន្ទាន់ផងដែរ៕

ដោយ​ ឃុត សៅ