អតីតមេដឹកនាំជាន់ខ្ពស់ក្នុងរបបកម្ពុជាប្រជាធិបតេ្យចំនួនពីររូប ត្រូវបានសាលក្រម សំណុំរឿង០០២ សម្រចឱ្យជាប់ពន្ធនាគារអស់មួយជីវិត

AKP ភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ — លោក ខៀវ សំផន ដែលជាអតីតប្រធានគណៈប្រធានរដ្ឋ និងលោក នួន ជា អតីត​ប្រ​ធា​​ន​រដ្ឋសភា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ប្រកាសសាលក្រមឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿង០០២ ដំណាក់ ​កា​ល​​ទី​០២ នៅ​​​​ក្នុងសវនាការរបស់ខ្លួនកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីសំ​ណុំ​រឿ​ង​០០​២ ដំណាក់កាល​ទី​១ កា​​លពី​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៦ ​ ក៏ត្រូវបានតុលាការ​ស​ម្រេ​ច ​សា​​ល ក្រមឱ្យ​អតីត​មេ​ដឹ​ក​នាំ​ជាន់ខ្ពស់​​ខ្មែរ​ក្រហម​ទាំង​ពីររូប ជាប់ពន្ធនា​គា​រ​​​អស់​មួយជីវិត​ដែរ​នោះ​​​។ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី​ទទួ​ល​បន្ទុ​កទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលសម្រាប់ទ្រទ្រង់​ដំណើរ​កា​រ​​​អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានឱ្យដឹងថា ចំពោះសំណុំរឿង០០២ ដំណាក់​កា​ល​​ទី២ អង្គជំនុំជម្រះសាលាដំបូង បានធ្វើសវនាការរយៈពេលចំនួន ២៨៣ថ្ងៃ លើភស្តុតាង​ពា​ក់​​ព័ន្ធ​នឹងបទចោទប្រកាន់ ស្ដីពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើប្រល័ពូជសាន៍ និងការបំពារ​បំ​ពាន​យ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ប្រឆាំងនឹងជនជាប់ចោទ នួន ជា និងខៀវ សំផន។ ក្នុងអំឡុងពេលសវនាការនេះ អង្គជំនុំជម្រះសាលាដំបូងបានស្ដាប់សក្ខី​កម្មពីបុគ្គល​ចំ​​នួ​​ន១៨៥នាក់ ក្នុងនោះសាក្សីបញ្ជាក់អង្គហេតុចំនួន ១១៤នាក់ ដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ៦៣​​នាក់ និងអ្នកជំនាញចំនួន ៨នាក់។ សវនការនេះមានការចាប់អារម្មណ៍យ៉ាង​ខ្លាំងពីសា​ធារ​ណ​ជន ដោយមានអ្នកចូលរួមស្ដាប់ និងតាមដានចំនួន ៨២.៧៨០នាក់។ ឯកឧត្ដមបាន​បញ្ជាក់​ទៀ​តថា សំណុំរឿង ០០២ ត្រូវបានគេចាត់ទុកថាជា «សំណុំរឿងសំខាន់ជាងគេបង្អស់​នៅ​ក្នុង​សាវ​តា​នៃប្រព័ន្ធយុត្តិធម៌អន្តរជាតិ ចាប់តាំងពីការជំនុំជម្រះក្ដីនៅនូរិមប៊ើក (Nuremberg) ប្រទេ​ស​អាល្លឺម៉ង់» ដោយហេតុថា សាលាក្ដីបានចោទប្រកាន់មេដឹកនាំជាន់ខ្ពស់របបកម្ពុជា​ប្រជាធិប​តេ​យ្យ ដែលមានចំនួន៤រូបតែម្ដង។ ប៉ុន្តែគួរឱ្យស្ដាយ ជនជាប់ចោទចំនួន២នាក់ គឺ លោក   អៀ​ង​ សារី និងលោកស្រី អៀង ធីរិទ្ធ មិនមានរស់នៅ ដើម្បីប្រឈមជាមួយតុលាការទេ ខណៈ​ដែ​ល​ជនរងគ្រោះជាច្រើនទៀត ក៏បានលាចាកលោកដោយពុំបានឃើញយុត្តិធម៌ សម្រាប់ពួក​គេ​នៅ​​ឡើយ។គួរកត់សម្គាល់ដែរថា រហូតមកទល់ពេលនេះអង្គជំនុំជម្រះវិសាមញ្ញ​ក្នុងតុលាការកម្ពុ​ជា​ (អ.វ.ត.ក) បានបញ្ជប់ជាស្ថាពរនូវសំណុំរឿងចំនួនបី រួមមាន ទី១ សំណុំរឿង០០១ ចំពោះ​ពិរុ​ទ្ធ​ជ​​ន កាំង ហ្គិចអ៊ាវ ហៅឌុច ដែលបាននិងកំពុងអនុវត្តទោសអស់មួយជីវិតនៅពន្ធនាគារ។ ទី២ សំ​ណុំរឿង ០០២ ដំណាក់កាលទី១ ចំពោះជនជាប់ចោទ នួន ជា និងខៀវ សំផន ដែលត្រូវ​បា​ន​​​អង្គជំនុំជម្រះតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត កាលពីថ្ងៃទី២៣ ខែវិច្ឆិ​កា​ ឆ្នាំ​​​២០១៦ កន្លងមក។ ទី៣ សំណុំរឿង០០៤/១ ចំពោះជនសង្ស័យ អ៊ឹម ចែម ដែលត្រូវ​បាន​លើ​ក​​​លែងការចោទប្រកាន់ កាលពីខែមិថុនា ឆ្នាំ២០១៨កន្លងមកនេះ។​ជាងនេះទៀត ទោះបីជាដំ​ណើរ​ការកាត់សេចក្ដីរបស់ អ.វ.ត.ក បានប្រព្រឹត្តទៅយូរជាងការរំពឹងទុក និងរហូតមកទល់​ពេល​​នេះបានចំណាយថវិកាអស់ប្រមាណ ២៩៧ លានដុល្លារអាម៉េរិក ដែលទទួលពីរាជរដ្ឋា​ភិ​បា​លកម្ពុជា និងបណ្ដាប្រទេសផ្ដល់ជំនួយប្រមាណជា៣៥ទៀតផងក៏ដោយ ក៏គ្រប់ភាគីពាក់​ព័ន្ធ​ទាំងអស់ រួមមាន រាជរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិ និងបណ្ដាប្រទេសផ្ដល់​ជំនួ​យ​ទាំងអស់ បានសម្ដែងទស្សនៈថា «អ.វ.ត.ក បាន និងកំពុងសម្រេចបាន​សមិទ្ធផល​ទាំង​ផ្នែ​ក​យុ​ត្តាធិការ និងមិនមែងយុត្តាធិការយ៉ាងច្រើន»។ ជាងនេះទៀត អ.វ.ត.ក ក៏បាន និងកំពុង ​បន្ស​ល់​ទុកកេរ្ដ៍ដំណែលដ៏ល្អនៅក្នុងសង្គមកម្ពុជា ហើយក៏បានផ្ទេរចំណេះដឹង និងបទ ពិសោធន៍ពី អ.​វ.ត.ក ទៅតុលាការជាតិ និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធផ្សេងទៀតផងដែរ ព្រមទាំងបង្កើត​បាន​ជាយុត្តិសាស្ត្រមួយចំនួន សម្រាប់រួមចំណែកទៅក្នុងប្រព័ន្ធយុត្តិធម៌អន្តរ ជាតិ។ ទន្ទឹមនិង​នេះ​ដែរ អ.​វ.ត.ក ក៏មានគោលបំណង ដើម្បីស្វែករកយុត្តិធម៌ក្នុង​ក្របខ័ណ្ឌ​សន្តិភាព ស្ថេរភាព​ន​យោបាយ និងបង្រួបបង្រួមជាតិ ដែលជាមធ្យោបាយដ៏សំខាន់មួយ ក្នុង ការ​គោរព និង​ការ​ចង​​ចាំដល់ជនរងគ្រោះទាំងអស់ ដើម្បីជួយពង្រឹងនីតិរដ្ឋនៅក្នុងប្រទេស និងដើម្បីធានាកុំឱ្យ​សោ​​ក​នាដកម្មបែបនេះកើតឡើងសាជាថ្មីនៅទីនេះ ឬទីណាៗទាំងអស់ នៅក្នុងពិភពលោក៕ដោយ ជឹម ណារី