កម្ពុជា-​ចិន​ ប្តេជ្ញា​ជំរុញ​ទេសចរទ្វេភាគីអោយកាន់តែមានចំនួនច្រើនឡើងថែមទៀត

វិទ្យុជាតិកម្ពុជា ៖ អត្ថបទលោកជួនបូណា សម្រួលដោយលោកវ៉ាងភក្តី

ភ្នំពេញ៖ កម្ពុជា-​ចិន​ ប្តេជ្ញា​ជំរុញ​ទេសចរទ្វេភាគីអោយកាន់តែមានចំនួនច្រើនឡើងថែមទៀត ដើម្បីនាំ​មកនូវ​ចំណូល​សេដ្ឋកិច្ចក្នុងវិស័យនេះកាន់តែរីកចំរើន។

ថ្លែងក្នុងពិធីជួបជុំផ្សព្វផ្សាយទេសចរណ៍ណាននីន​ នារសៀលថ្ងៃទី​ ១៦ខែវិច្ឆិកា​ នៅសណ្ឋាគារសុខា​
ឯកឧត្តម​​ សូ​ ម៉ារ៉ា​ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍​ ​បានស្នើឲ្យមានក្រុមហ៊ុន​ទសចរណ៍​ទាំងអស់រៀប​ចំការហោះហើរត្រង់រវាងក្រុងភ្នំពេញ​ សៀមរាប​ ណាននីន​ ដើម្បីចំណេញ​ពេលលេវេលា​ដល់ភ្ញៀវទេសចរ​ដែលមាន​បំណង​ទៅកម្សាន្តទៅវិញទៅមក។
ឯកឧត្តម​បានបញ្ជាក់ថា ក្រសួង​ទេសចរណ៍​បានរៀបចំយុទ្ធសាស្រ្ដទាក់ទាញភ្ញៀវទេសចរឆ្នាំ២០១៦​-២០២០​ ជាពិសេស​បានដាក់ចេញនូវសៀវភៅសរ​ ស្ដីពីការអភិវឌ្ឍទេសចរចិនផងដែរ ដើម្បីបម្រើសេចក្ដីត្រូវរបស់ភ្ញៀវ​ទេសចរ​ចិន​ និង​ជំរុញ​កិច្ចសហការផ្នែកទេសចរណ៍ក្នុងក្របខណ្ឌខ្សែក្រវ៉ាត់​ និងវិថី​សូ​ត្រ​មួយ។

ឯកឧត្តម​បន្ដថា​ យុទ្ធសាស្រ្ត​នេះ​ គឺវាស្របជាមួយនឹងផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ទេសចរណ៍អាស៊ានឆ្នាំ២០១៦-២០២៥​ និងគម្រោងបង្កើតនៅមជ្ឈមណ្ឌលកម្ពុជា-ចិន​សម្រាប់​ការអភិវឌ្ឍវិស័យទេសចរណ៍ចិន​ ដើម្បីត្រៀម​ទទួលភ្ញៀវ​ទេសចរចិន​យ៉ាង​តិច​បំផុត​ជាង៣លាន៣សែន​ក្នុងឆ្នាំ២០២០នាពេលខាងមុខនេះ។ ឯកឧត្តម មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា បានទុកទីផ្សារទេសចរណ៍ចិន​ ដ៏មានសកត្ដានុពលសម្រាប់ទេសចរណ៍នៅប្រទេសកម្ពុជា។

លោក​ Cai Zhizhong អគ្គលេខាធិការរងនៃរដ្ឋាភិបាលទីក្រុងណាននីន​ ខេត្ដក្វាងស៊ីនៃប្រទេសចិន​ បានសង្ឃឹមថា​ តាមរយៈកិច្ចសហប្រតិបត្ដិការយ៉ាងសកម្ម​ និងផ្លាស់ប្ដូរវិស័យទេសចរណ៍នៃប្រជាជន​ប្រទេសទាំងពីរ នឹងអាចរីកចំរើន ខណៈប្រទេសទាំងពីរមានធនធានទេសចរណ៍ដ៏សម្បូរបែប​ និងស្រស់ស្អាតដូចគ្នា។

សូមបញ្ជាក់ថា​ ភ្ញៀវទេសចរ​ចិនមកកម្សាន្ដនៅកម្ពជា​ ក្នុង​ឆ្នាំ២០១៨នេះ​ ត្រូវបានរំពឹងថា មានចំនួនជិត២លាន់នាក់​ និងអាកើនឡើងដល់ជាង៣លាន៣សែននាក់​ នៅឆ្នាំ២០២០ខាងមុខនេះ​ ៕