លោកព្រឹទ្ធាចារ្យសិល្ប:ភិរម្យវោហារប្រាជ្ញឈួនមរណភាពកាលពីវេលាម៉ោង ១ កន្លះ យប់ចូលថ្ងៃទី ១៧ វិច្ឆិកា ២០១៨  ក្នុងជន្មាយុ ៨២ ចូល ៨៣ វស្សា

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោកចេម ហួត

ភ្នំពេញ៖ ឯកត្តមខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានអោយដឹងតាមរយៈបណ្តាញហ្វេសបុកនៅថ្ងៃទី17 ខែវិច្ឆិកានេះថា៖លោកព្រឹទ្ធាចារ្យសិល្ប:ភិរម្យវោហារប្រាជ្ញឈួនអតីតមន្រ្តីវិទ្យុជាតិកម្ពុជាបានទទួលមរណភាពកាលពីវេលាម៉ោង ១ កន្លះ យប់ចូលថ្ងៃទី ១៧ វិច្ឆិកា ២០១៨ ក្នុងជន្មាយុ ៨២ ចូល ៨៣ វស្សា។

សពលោកតាបានតម្កល់ទុកនៅសាលាធម្មសភាវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រារព្ធធើ្វបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ក្រោមការឧបត្ថម្ភរបស់សម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការ វត្តបទុមវតី ។

សូមរំលឹកថា កាលពីឆ្នាំមុន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃនោះ លោកតាប្រាជ្ញ ឈួន បានបង្ហើបសំនៀងយ៉ាង ក្រអួនក្រអៅជាសាធារណៈដ៏កម្រ បន្ទាប់ពីលោកតាបានឈប់ច្រៀងចាប៉ីអស់ជាច្រើនឆ្នាំដោយសារតែបញ្ហាសុខភាព។ នៅក្នុងកម្មវិធីនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបំពាក់មេដាយកិត្តិយស «មុនីសារភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍» និងផ្តល់ឋានៈ ស្មើនឹងថ្នាក់ អគ្គនាយក ជូនលោកតា ដែលទទួលបានប្រាក់ខែពីរាជរដ្ឋាភិបាល ដើម្បីជាការតបស្នង ចំពោះស្នាដៃរបស់លោក ជាមរតកមនុស្សរស់ដែលបានប្រឹងប្រែងលើកស្ទួយសិល្បៈចាប៉ីដងវែងរបស់កម្ពុជា។

សូមជំរាបថា លោកព្រឹទ្ធាចារ្យសិល្ប:ភិរម្យវោហារ ប្រាជ្ញ ឈួន ត្រូវបានក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈ ចាត់ចូលជា សម្បត្តិបេតិក ភណ្ឌ័មនុស្សរបស់កម្ពុជានិងអង្គការយូណេស្កូ ដោយសារទេពកោសល្យប៉ុនប្រសព្វក្នុងការប្រើប្រាស់ពាក្យពេជ្រ និងកេរ្ត៍ឈ្មោះ ល្បីល្បាញតាមរយៈចម្រៀងចាប៉ីដងវែងជាច្រើនទសវត្សមកហើយនៅព្រះរាជាណាចក្រកម្ពុជា។
បច្ចុប្បន្នលោកតា ស្នាក់នៅផ្ទះថ្មីរបស់លោកតាជាមួយគ្រួសារ ក្នុងភូមិស្រម៉ក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ក្បែរនឹងវត្ត សមរវត្តី ដែលផ្ទះថ្មីនេះ ជាអំណោយផ្ទាល់ពីឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ដែលប្រគល់ជូន លោកតាកាលពីឆ្នាំមុន៕