រដ្ឋមន្រ្តីក្រសួងកសិកម្មចាត់ទុកការតែងតាំងនិងការផ្ទេរសម្រួលភារកិច្ចមន្ត្រីរាជការគឺស្របតាមតម្រូវចាំបាច់នៃកំណែទម្រង់ស្ថាប័ន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការតែងតាំងនិងការផ្ទេរសម្រួលភារកិច្ចមន្ត្រីរាជការនៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៨នេះ គឺជាដំណើរការប្រព្រឹត្តទៅជាធម្មតានៃការគ្រប់គ្រងនិងដឹកនាំរបស់ក្រសួងស្របតាមតម្រូវចាំបាច់នៃកំណែទម្រង់ស្ថាប័ន ការរីកចម្រើនទាំងចំណេះដឹង និងបទពិសោធន៍របស់មន្ត្រីរាជការ ហើយដែលតម្រូវឲ្យមានការប្តូរផ្លាស់ដើម្បីឲ្យសមស្របតាមគោលនយោបាយកំណែរទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងការវិ វឌ្ឃន៍រីកចម្រើននៃសេដ្ឋកិច្ចជាតិក្នុងពេលបច្ចុប្បន្ន។

ឯកឧត្តមបញ្ជាក់ថា តំណែងនេះ គឺបានមកពីការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ដែលមន្រ្តីទាំងអស់នោះបានចំណាយពេលវេលា ព្រមទាំងកម្លាំងកាយនិងកម្លាំងចិត្ត ក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយឆន្ទៈ មនសិការ និងយកស្មារតីទទួលខុសត្រូវបំពេញការងារជូនក្រសួងក្នុងរយៈពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការណែនាំ និងក្រើនរំលឹកមេរៀនល្អៗសម្រាប់ជាត្រីវីស័យយកទៅបំពេញតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូនឲ្យទទួលបានជោគជ័យបន្ថែមទៀត ។

ឯកឧត្តមវេង សាខុនបានថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែល បានគាំទ្រ លើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ និងឯកភាពតាមសំណើរបស់ឯកឧត្តមរដ្ឋមន្រ្តីសុំតែងតាំងមន្ត្រីរាជការចំនួន១២រូប ជាថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួងដែលក្នុងនោះមានថ្នាក់អគ្គនាយករងចំនួន៧រូប និងប្រធាននាយកដ្ឋានចំនូន៥រូប៕