បារាំងផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការចំនួន៨៤.៦៧ លានអឺរ៉ូ សម្រាប់អនុវត្ដន៍ គម្រោង៣នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ — កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោង និងកម្មវិធីចំនួន០៣ នៅ​ព្រះរាជាណាចក្រកម្ពុជា ដែលមានទឹកប្រាក់សរុបចំនួន ៨៤.៦៧ លានអឺរ៉ូ ត្រូវជាប្រមាណ ៩៦.៤លានដុល្លារអាម៉េរិក ត្រូវបានចុះហត្ថលេខា ដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ឋ​​មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្ដម  Rémi GE​NE​​VEY ប្រធាននាយកដ្ឋានអឺរ៉ុបខាងកើត មជ្ឈឹមបូព៌ា និងអាស៊ី នៃទីស្នាក់ការកណ្តាល​របស់ទី​ភ្នា​​ក់​ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។ ពិធីនេះ បានធ្វើឡើង នារសៀលថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅ​ទី​ស្តី​ការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោង​ និងកម្មវិធីចំនួន០៣នេះ ក្នុងនោះមាន ទី១- ឥ​​ណទានសម្បទានចំនួន ៥៥ លានអឺរ៉ូ សម្រាប់កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់​ប្តូរ​វិស័​យកសិកម្មសម្រាប់ប្រទេសកម្ពុជាដំណាក់កាលទី ១៖កម្មវិធីនេះមានទិសដៅអនុវត្តន៍ បន្ត​ពីគ​ម្រោ​​ង​ដែលផ្តល់ឥណទានលើកដំបូងរបស់ AFD ដែលមានទិសដៅ ក្នុងការបន្តពង្រីក​ការ​ងារ​ស្តា​​រ​ព្រែក និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធ រំដោះ​ទឹក នៅក្នុងខេត្តគោលដៅចំនួន០៥ដែលក្នុងនោះរួមមាន ខេត្តកណ្តាល, បាត់ដំបង, ព្រះវិហារ, ​សៀ​មរាប និងខេត្តកំពង់ធំ ដែលមានលទ្ធភាពអាចស្រោចស្រពលើផ្ទៃ ដីកសិកម្ម បានប្រមាណ​ជាង២០.០០០ហិកតា។ ជាមួយគ្នានេះ សហគមន៍អឺរ៉ុបតាមរយៈមូលនិធិវិនិ យោគអាស៊ី-អឺ​រ៉ុ​ប​ (EU/Asian Investment Facility “AIF”) ក៏នឹងផ្តល់ហិរញ្ញប្បទានឥត សំណង ចំនួន១១.៥​លា​ន​អឺរ៉ូ ត្រូវជាប្រមាណ១៣លានដុល្លារអាម៉េរិក សម្រាប់ធ្វើ សហហិរញ្ញប្បទាន ដល់​កម្មវិធី​នេះ​ផ​ង​​ដែរ។ កម្មវិធីនេះនឹងជួយគាំទ្រដល់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធន ធានទឹក និង​ឧ​តុនិយមឆ្នាំ២០១៨-២០២៣។ ទី២- ហិរញ្ញប្បទានឥតសំណងចំនួន  ២៥ លានអឺរ៉ូ សម្រាប់​កម្ម​វិធី​ជំ​រុ​ញ​កំណើន​វិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកវារីវប្បកម្ម) កម្មវិធីនេះ​គ្រោ​ងនឹងចំណាយថវិកាសរុបចំនួនប្រមាណ២៥លានអឺរ៉ូ ដែល ជាហិរញ្ញ​ប្បទានឥតសំណងរបស់ សហភាពអឺរ៉ុប(EU) ក្នុងគោលដៅគាំទ្រ កំណើនប្រកប ដោយនិរន្តរភាព, ភាពធន់ទ្រាំនឹង​បម្រែប​ម្រួល​អា​កា​​សធាតុ និង បរិយាប័ន្ននៃវិស័យជលផល​នៅកម្ពុជា ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់​ការ​ធានាសន្តិសុខស្បៀង និងការ អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម និងរួមចំណែកអនុវត្តន៍យុទ្ធសាស្រ្ត​អភិ​វឌ្ឍន៍វារីវប្បកម្មជាតិ និងក្របខ័ណ្ឌ ផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផលឆ្នាំ២០១០-២០១៩។ ទី៣- ហិរញ្ញប្បទានឥត សំណងចំនួន ៤.៦៧លានអឺរ៉ូ សម្រាប់គម្រោងគ្រប់គ្រង​ទឹក​ស្អា​ត ​និងអនាម័យតាមខេត្ត គម្រោងនេះ គ្រោងនឹងចំណាយថវិកាសរុបចំនួនប្រមាណ១១០.៨​លានដុល្លារអាម៉េរិក ក្នុង នោះ ហិរញ្ញប្បទានសម្បទានសហប្រតិបត្តិការពី ADB ចំនួនប្រមាណ៥០លានដុល្លារ​អាម៉េរិក, ឥណទានសម្បទានពី AFD ចំនួន ៤០ លានអឺរ៉ូ ត្រូវជាប្រមាណ ៤៥.៥ លានដុល្លារ អាម៉េរិក និងហិរញ្ញប្បទានឥតសំណងចំនួន៤.៦៧លានអឺរ៉ូ ត្រូវជា​ប្រ​មា​ណ​៥.៣១លាន ដុល្លារអាម៉េរិក, ហិរញ្ញប្បទានឥតសំណងរបស់មូលនិធិជប៉ុន​សម្រាប់យន្ត​ការ​ផ្ត​ល់ឥណទានរួមគ្នា (JFJCM) ចំនួន១០លានដុល្លារអាម៉េរិក។ គម្រោងនេះ នឹង​ចូល​រួម​ចំ​ណែ​ក​ក្នុងការអនុវត្តយុទ្ធសាស្ត្រ ជាតិស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឆ្នាំ២០១១-២០២៥ សំដៅបង្កើនការផ្តល់ សេវាកម្មទឹកស្អាត និងអនាម័យជូនប្រជាពលរដ្ឋដែល​រស់នៅ​តា​ម​​​ទីប្រជុំជន និងក្រុងនៅក្នុង ខេត្តបាត់ដំបង, កំពង់ចាម, ព្រះសីហនុ និងខេត្តសៀមរាប ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ​យ៉ាងជ្រាល​ជ្រៅ​ចំពោះ AFD និងដៃគូអភិវឌ្ឍន៍របស់ខ្លួន ដែលរួមមាន សហគមន៍អឺរ៉ុប (EU)ផ្ទាល់ និងតាមរយៈ​មូល​និធិវិនិយោគអាស៊ី-អឺរ៉ុប (AIF)  ដែលបានផ្តល់ការជឿទុកចិត្ត និងជឿជាក់លើការ​ដឹកនាំ​រប​ស់​រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុម័តផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការសម្រាប់​គ​ម្រោ​ងខាងលើ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍនៅកម្ពុជា សំដៅកាត់ បន្ថយ​ភាព​ក្រីក្ររបស់ប្រជាជន និងបែងចែកផ្លែផ្កានៃកំណើនប្រកបដោយសមធម៌ដល់គ្រ​ប់ស្រទាប់​វណ្ណៈ​នៃប្រជាជនតាមរយៈការបន្តធានាសម្រេចឱ្យបាននូវចីរភាពនៃកំណើនសេដ្ឋកិច្ច​ក្នុង​រយៈ​​​ពេលវែង ។

 គួររំលឹកថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាល​ក​ម្ពុ​​ជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំងដែលគិតចាប់ពីឆ្នាំ ១៩៩៣ រហូតមកដល់​បច្ចុ​ប្ប​ន្ន រា​​ប់ទាំងកិច្ចព្រមព្រៀងទាំង៣នេះផង, រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំងតាមរយៈ AFD បាន​ផ្ដ​ល់ហិរញ្ញប្បទានសរុបដល់កម្ពុជាប្រមាណជាង៥៥៤ លានអឺរ៉ូ៕

ដោយ ជឹម ណារី