អាជ្ញាធរភ្នំពេញអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថាននៅថ្ងៃព្រះរាជពិធីបុណ្យអុំទូក

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ទុយ សូលីដា ៖​

អាជ្ញាធររាជធានីភ្នំពេញបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមកចូលរួមលេងកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនាថ្ងៃទី២១ ២២និងថ្ងៃទី២៣ខែវិច្ឆិកាខាងមុខនេះ សូមចូលរួមជួយថែរក្សាអនាម័យបរិស្ថាន ដើម្បីធានាឲ្យបរិវេណនៃកន្លែងប្រារព្វព្រះរាជពិធីបុណ្យនៅតែរក្សាបានភាពស្អាតជាប់ជាប្រចាំ។

​ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០១៨នេះ អាជ្ញាធរបានដាក់ពង្រាយធុងសំរាម និងកញ្ឆេសំរាមគ្រប់ច្រកល្ហកនៅជុំវិញបរិវេណប្រារព្វព្រះរាជពិធីរហូតដល់ជាង១៧០០ធុងសំរាម និងកញ្ឆេសំរាម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលមកលេងកម្សាន្តអាចបោះចោលសំរាមចូលទៅក្នុងធុងបានដោយខ្លួនឯង។ លោកបានបញ្ជាក់ថា អាជ្ញាធរបានត្រៀមកម្លំាងកម្មករប្រមូលសំរាមនិងសំអាតសំរាមរហូតដល់ជាង១០០០នាក់ ដោយមានការចូលរួមពីក្រុមយុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមយុវជនកាយរិទ្ធជាច្រើននាក់ទៀតផងដែរ។

លោកបានបញ្ជាក់ថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក នឹងមានប្រជាពលរដ្ឋ មកលេងកំសាន្តយ៉ាងច្រើនកុះករ ដូច្នេះមានតែរួមគ្នាថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា ទើបធ្វើអោយទីក្រុងរបស់យើងនៅតែមានសោភណ័ភាពស្រស់ស្អាត។

យោងតាមការប៉ាន់ស្មានរបស់សាលារាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងរយៈពេលបីថៃ្ងនៃ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអុំបុក និងសំពះព្រះខែ រាជធានីភ្នំពេញនឹងមានភ្ញៀវទេសចរជាតិអន្តរជាតិចូលរួមរហូតដល់ជាង៣លាននាក់ ហើយបានបង្កើតសំរាមក្នុងមួយថ្ងៃៗ ចន្លោះពី១៨០០តោន រហូតដល់ជាង២០០០តោន ក្នុងបរិវេណកន្លែងប្រារព្វពិធីនេះ៕