សហរដ្ឋអាមេរិកប្រកាសស្វាគមន៍​សាលក្រមរបស់ ECCC កាត់ទោសអតីតមេដឹកនាំ  ជាន់ខ្ពស់ខ្មែរក្រហមពីររូប ឱ្យជាប់ពន្ធនាគារអស់មួយជីវិត

AKP ភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ — ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William Heidt បានសរសេរនៅក្នុងសារអេឡិចត្រូនិកថា សហ រដ្ឋអាមេរិក ស្វាគមន៍ចំពោះការចេញសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំ ជម្រះ​វិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ដែលបានប្រកាសកាត់ទោសអតីតមេដឹកនាំ ជាន់​ខ្ពស់នៃរបបខ្មែរក្រហមចំនួនពីររូបគឺលោក នួន ជា និង លោក ខៀវ សំផន ឱ្យជាប់ពន្ធនាគារ អស់​​មួយជីវិត។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា។

ឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William Heidt បានគូសបញ្ជាក់ថា “សហរដ្ឋ អាមេរិកសូមស្វាគមន៍​សាលក្រមនៅថ្ងៃ​នេះ ដែលកំណត់​ឱ្យអតីតមេដឹកនាំ​ខ្មែរក្រហម ខៀវ សំផន និង នួន ជា​ មានទោសក្នុង​បទឧក្រិដ្ឋប្រឆាំង​មនុស្សជាតិ និងបទ ប្រល័យពូជសាសន៍។ ថ្វីត្បិតតែត្រូវបាន​ចេញ​យឺត​ក្តី តែវាជាជំហាន​ប្រវត្តិសាស្រ្តសម្រាប់​ប្រទេសកម្ពុជា។” 

ឯកឧត្តម ឯកអគ្គរដ្ឋទូតបានបន្ដថា សហរដ្ឋអាមេរិកសូមសាទរ​ចំពោះជនរងគ្រោះ និងអ្នកគាំទ្ររបស់គេ ដែលបានខិតខំ​ដោយគ្មាន​ស្រាកស្រាន្ត ដើម្បីឱ្យមាន​ការទទួលខុសត្រូវ និងសូមសាទរចំពោះសាក្សី​ដែលមានសេចក្តីក្លាហាន​​ក្នុងការប្រាប់ពីការពិត​ដែល​ឈឺចាប់ អំពីបទរំលោភបំពានគួរឱ្យរន្ធត់ ដែលពួកគេបានទទួលរង។ ឯកឧត្តមបានបន្ថែមថា “យើង សូមសាទរផងដែរ ចំពោះអង្គជំនុំជម្រះវិសាមញ្ញ​​ក្នុងតុលាការកម្ពុជា ដែលបានផ្តល់ជា​កន្លែង ផ្តល់យុត្តិធម៌​សម្រាប់​ជនរងគ្រោះដោយសារបទឧក្រិដ្ឋ​ដ៏សែនយង់ឃ្នងនៃរបបខ្មែរក្រហម”៕

ដោយ អ៊ុន រិទ្ធី