សមាគមសហគ្រិនវ័យក្មេងកម្ពុជា រៀបចំទិវាសប្តាហ៍សហគ្រិនភាពពិភពលោក ក្រោមប្រធានបទ «ស្រ្តី និងយុវជន ក្នុងសហគ្រិនភាព និងសេដ្ឋកិច្ចឌីជីថល»

AKP សៀមរាប ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ — សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានសហការជាមួយបណ្តាញសហគ្រិនភាព សកលកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានរៀបចំទិវាសប្តាហ៍ សហគ្រិនភាព ពិភពលោក ក្រោមប្រធានបទ «ស្រ្តី និងយុវជន ក្នុងសហគ្រិនភាព និងសេដ្ឋកិច្ចឌីជីថល» ក្នុងគោលបំណងលើកទឹកចិត្ត និងផ្តល់ចំណេះដឹងដល់ស្ត្រី និងយុវជនដែលមានបំណងបើក អាជីវកម្ម ឬកំពុងធ្វើអាជីវកម្ម។ លោកឧកញ៉ា គួច ផេង ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានមាន ប្រសាសន៍ថា ដោយសង្កេតឃើញថា នៅក្នុងប្រទេសកម្ពុជា មានការកើនឡើងចំនួនយុវជន និងស្ត្រីនៅក្នុងសហគ្រាសតូចៗ ដែលជាប្រភេទមីក្រូ តូចនិងមធ្យម ព្រមទាំងពិភពលោក​មានការអភិវឌ្ឍក្នុងវិស័យឌីជីថលផងនោះ នៅក្នុងវេទិកានេះសមាគម សហគ្រិនវ័យ ក្មេងកម្ពុជា បានសម្រេចជ្រើសរើសប្រធានបទមួយចំនួន ដូចជា៖ ប្រព័ន្ធអេកូសម្រាប់ស្ត្រី និងយុវជនក្នុងសហគ្រិនភាព, អាជីវកម្មបែបឌីជីថល និងសេដ្ឋកិច្ចបែបឌីជីថល ជាដើម មកធ្វើការជជែកពិភាក្សាគ្នា។លោកឧកញ៉ាបន្តថា វេទិការនេះក៏នឹងនាំស្ត្រី និងយុវជនកម្ពុជា ឱ្យពួកគាត់បាន យល់កាន់តែច្បាស់ ពីសហគ្រិនភាព ហើយពួកគាត់ក៏នឹងមានឱកាសបានជួបជជែក សិក្សា ឈ្វេងយល់បន្ថែមពីវាគ្មិន ដែលជាសហគ្រិនដែលទទួលបានជោគជ័យក្នុងអាជីវកម្ម និងមានបទពិសោធន៍ច្រើនឆ្នាំផ្នែកធុរកិច្ច ក៏ដូចជាក្រសួងស្ថាប័ននានាផងដែរ។ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន មានប្រសាសន៍ថា សហគ្រិនភាពបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការធ្វើអាជីវកម្ម ។ នៅពេលដែលយើងមានជំនាញច្បាស់លាស់ មានលុយ មានកម្លាំង ប៉ុន្តែយើងខ្វះសហគ្រិន ភាពអាជីវកម្មរបស់យើងមិនទទួលបានជោគជ័យទេ។

ឯកឧត្តមបន្តថា នៅក្នុងអាណត្តិទី៦នេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្ត ទុកដាក់យ៉ាងសំខាន់ទៅភាពជាសហគ្រិនរបស់ស្ត្រី និងយុវជនកម្ពុជា ដោយបានរៀបចំជា យុទ្ធសាស្ត្រគៀងគរ ផ្តល់កម្លាំងចិត្តដល់ពួកគាត់ឱ្យពួកគាត់ទទួលបាននូវគំនិត ការតភ្ជាប់ ការណែនាំ ដែលនាំឱ្យពួកគាត់ទទួលបានជោគជ័យនៅក្នុងវិស័យធុរកិច្ច។

ទិវាសប្តាហ៍សហគ្រិនភាពពិភពលោក បានកើតឡើងកាលពីឆ្នាំ២០០៨ ក្រោមការផ្តួច ផ្តើមរបស់លោក Carl Schramm អគ្គនាយកក្រុមហ៊ុនKauffman Foundation និងលោក Gordon Brown អតីតនាយករដ្ឋមន្ត្រីអង់គ្លេស។ ទិវានេះ តែងតែប្រារព្ធធ្វើឡើងនៅក្នុង សប្តាហ៍ទី៣នៃខែវិច្ឆិការៀងរាល់ឆ្នាំ នៅក្នុងប្រទេស១៧០៕

ដោយ ឃុត សៅ