ក្លិបក្តីចាស់ឈ្នះមេដាយមាស វិញ្ញាសាសម្តែងការពារខ្លួនពានរង្វាន់ Sponsor កីឡាតេក្វាន់ដូ ITF ថ្ងៃបើកឆាក

AKP ភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ — កីឡាករ៤នាក់ ដែលសម្តែងលើវិញ្ញាសាសម្តែងការពារខ្លួន ១ទល់៣នាក់ បានយក ឈ្នះមេដាយមាស នៅព្រឹកថ្ងៃសុក្រទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នាថ្ងៃបើកឆាក នៃព្រឹត្តិ ការណ៍កីឡាតេក្វាន់ដូ ITF ដណ្តើមពានរង្វាន់ ភេសជ្ជៈស្ពនស័រ ឆ្នាំ២០១៨ នៅវិមានកីឡ​ដ្ឋានជាតិ។ យោងតាម លោក ប៉ាល់ ជីវ័ន្ត មន្ត្រីបច្ចេកទេសសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានបង្ហាញ​លទ្ធផល នៅព្រឹកថ្ងៃដំបូងនេះថា វិញ្ញាសាសម្តែងការពារខ្លួន ១ទល់៣នាក់បុរសនារី អាយុ៩ឆ្នាំដល់១៤ឆ្នាំនេះ មាន៥ក្រុម ចូលរួមប្រជែង ដែលចំណាត់ថ្នាក់លេខ១ មេដាយ មាស បានទៅលើកីឡាករ មួង សំរិទ្ធិស័ក, អំ ភក្តី, កេត វ៉ិន ធាន និងកីឡាករ គឿន ចាន់ថា មកពីក្លិបក្តីចាស់ ខណៈចំណាត់ថ្នាក់លេខ២បានទៅលើកីឡាករមកពីក្លិបព្រៃកប្បាស ខេត្ត​តាកែវ និងលេខ៣ បានទៅលើកីឡាករ មកពីក្លិបយុវជន-ក្រុមទី១។ចំពោះវិញ្ញាសាមេគុនខ្សែក្រវាត់ក្រោមខ្មៅ ឯកត្តជននារីអាយុ៩ឆ្នាំដល់១១ឆ្នាំ កីឡាការិនី ឆាយ វ៉ាត់ទីណា មកពីក្លិបអង្គររាជបានយកឈ្នះលើគូប្រកួតជាបន្តបន្ទាប់ និងត្រូវឡើងទៅប្រជែង​មេដាយមាស នៅវគ្គផ្តាច់ព្រ័ត្រជាមួយកីឡាការិនី ម៉ី វិមានរចនា មកពីក្លិបអរុណរស្មី នាពេល រសៀលនេះ ខណៈវិញ្ញាសាដដែលនេះផ្នែកបុរស កីឡាករ ហ៊ុន សង្វាត មកពីក្លិប​អរុណរស្មី នឹងត្រូវឡើងទៅប្រជែងមេដាយមាស នៅវគ្គផ្តាច់ព្រ័ត្រដែរជាមួយ កីឡាករ អោក សុពលណារាជ មកពីក្លិបក្តីចាស់។

ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកថ្នាលយុវជន ពានរង្វាន់ភេសជ្ជៈ Sponsor ឆ្នាំ២០១៨ បានចាប់ផ្តើមដំណើរតាមការគ្រោងទុក ចាប់ពីថ្ងៃទី១៦ រហូត ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមានពហុ កីឡដ្ឋានជាតិអូឡាំពិក ដោយមានកីឡាករ-កីឡាការិនីថ្នាលចូលរួម​ចំនួន១៧៣នាក់មកពីក្លឹបចំនួន១០៕

ដោយ ហេង ណាលីន