អាជ្ញាធរខេត្តសៀមរាប​បង្ហាញថា នៅ​ប៉ុន្មានឆ្នាំចុងក្រោយនេះ​ ផ្សារទំនើប និងមជ្ឈមណ្ឌលកម្សាន្តជាច្រើន​ត្រូវ​បាន​សាងសង់ឡើងសម្រាប់បម្រើឱ្យវិស័យទេសចរណ៍

AKP សៀមរាប ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ — អាជ្ញាធរខេត្តសៀមរាប​បង្ហាញថា នៅ​ប៉ុន្មានឆ្នាំចុងក្រោយនេះ​ផ្សារទំនើប និង មជ្ឈមណ្ឌលកម្សាន្តជាច្រើន​ត្រូវ​បាន​សាងសង់ឡើង សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ នៅខេត្តសៀមរាប។

ថ្លែងក្នុង​ពិធី​សម្ពោធ​​ដាក់ឱ្យដំណើរ​កា​រ​​​​​​មជ្ឈមណ្ឌលកម្សាន្ត ហេរីថែកវ៉ក(The Heritage Walk)នៅខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្តម ឃឹម​ ប៊ុនសុង​ បានមាន​ប្រសាសន៍ថា ខេត្តសៀមរាប គឺជាប៉ូលសេដ្ឋកិច្ច ដ៏សំខាន់របស់ប្រទេសកម្ពុជាដោ​យ​​​​ផ្អែក​លើសក្តានុពលនៃវិស័យ​ទេសចរណ៍។

ទន្ទឹមនឹងភាពរីកចម្រើនលើវិស័យទេសចរណ៍នេះ ខេត្តសៀរាប​​មា​នតម្រូវការនូវ​មជ្ឈមណ្ឌលទំនើប ដែលមានលក់នូវផលិតផល​ខ្មែរ និង​ផលិតផលល្បីៗ ដែលនាំ​ចូលពីបរទេស ​ដែ​ល​មានគុណភាព ដែលកត្តា​នេះគឺជាការទាក់ទាញភ្ញៀវទេសចរជាតិ និ​ង​​​អន្តរជាតិ ដែលចូលម​ក​ទស្សនាខេត្តសៀមរាប ជាពិសេស​បំពេញ​នូវ​តម្រូវការរបស់បង​ប្អូន​ប្រជាពលរដ្ឋក្នុងខេត្ត​សៀមរាប។

ឯកឧត្តមបានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច ដែលមានការកើន និងតម្រូវការរបស់អ្នកទេសចរ នៅ​ប៉ុន្មានឆ្នាំចុងក្រោយនេះ​ឃើញថា ផ្សារទំនើប និងមជ្ឈមណ្ឌលកម្សាន្តជាច្រើន​ត្រូវ​បាន​សាងសង់ឡើងនៅខេត្តសៀមរាប ជាក់ស្តែងនៅ ពេលនេះមជ្ឈមណ្ឌលកម្សាន្តហេរីថេកវ៉ក(The Heritage Walk)បានសម្ពោធដាក់ដំណើរការ  ជាមួយនឹង​សេវា​កម្ម​ផ្សេងៗជាង៥០​ប្រភេទល្បីៗរួមមាន៖ ហាងលក់ទំនិញ បណ្ណាគារ ភោជនី​យ​ដ្ឋា​ន ហាងកាហ្វេ ហាងនំ រោងភាពយន្ត និង​កន្លែង​ក្មេងកម្សាន្ត ពោរពេញ​ទៅ​ដោយ​អនាម័យ និងផាសុកភាព ដែ​ល​​​​​​ស្ថិត​នៅចំកណ្តាល​ទីក្រុង​សៀ​មរាប។

ឯកឧត្តមបន្តថា ការសម្ពោធដាក់ឱ្យដំណើរ​ការ​នូវ​មជ្ឈមណ្ឌលកម្សាន្តនា​ពេល​នេះ គឺពិតជាបានរួមចំណែកដល់កិច្ច​ការ​អភិវឌ្ឍវិស័យទេស​ចរ​ណ៍ ដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់ ជាពិសេសបាន​​ផ្ត​ល់​​ការ​ងារជូនកម្មករ​និយោជិតក្នុងខេត្តសៀមរាប នេះជាង១០០០នាក់។

លោកស្រី ធៀង កតិកា ប្រធានប្រតិបត្តិក្រុមហ៊ុន Metro Lifestyle Development បានថ្លែងថា មជ្ឈមណ្ឌលកម្សាន្ត(The Heritage Walk) ជាមជ្ឈមណ្ឌលកម្សាន្តបែបប្រមូល ផ្តុំមួយដែលផ្តល់នូវបរិយាកាសដ៏ប្រពៃ និងបរិស្ថានល្អ សម្រា​ប់​ភ្ញៀវ​ទេស​ចរជាតិ និងអន្តរជាតិ មកលំហែកម្សាន្ត ទទួលទានអាហារ ទស្សនាខ្សែភាពយន្ត ទិញ​​នូវទំនិញ​ផ្សេង​ៗសម្រាប់ មនុស្សគ្រប់វ័យ ដែលបើកដំណើរការចាប់ពីម៉ោង១០ព្រឹក រហូត​ដល់​​ម៉ោង១០យប់។

លោកស្រីបានបន្តថា មជ្ឈមណ្ឌលកម្សាន្ត (The Heritage Walk) ជាផលិតផលទេស ចរណ៍ថ្មីមួយដែលបំពេញបន្ថែមនូវចំណុចខ្វះខាត ដែលតម្រូវការក្នុងចំណែកទីផ្សារអ្នកទេស ចរជាតិ និងអន្តរជាតិលំដាប់មធ្យម និងលំដាប់ខ្ពស់ ដែលនេះជាជម្រើសថ្មីមួយបន្ថែម សម្រាប់វិស័យទេសចរណ៍បច្ចុប្បន្ន​បន្ទាប់ពីកា​រ​ទស្សនា​ប្រាង្គប្រាសាទ។ មជ្ឈមណ្ឌលកម្សាន្ត The Heritage Walk ស្ថិតនៅក្បែរ​សួន​ច្បារ​ព្រះរាជដំណាក់ និងទីតាំងសក្ការៈព្រះអង្គចេក ព្រះអង្គចមដ៏ល្បីល្បាញប្រចាំខេត្ត​សៀ​មរាប ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប៕

ដោយ ឃុត សៅ