សភាផ្តល់បត្យាប័នប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្លងដែនរវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី

AKP ភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ — រដ្ឋសភាបានអនុម័តដោយសំឡេង១១១សំឡេង នៃអង្គសភាទាំងមូលដើម្បីផ្តល់ បត្យាប័នរវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី ស្តីពីការប្រយុទ្ធប្រឆាំងទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែន។

ការអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីបត្យាប័ន រវាងកម្ពុជា និងសហព័ន្ធរុស្ស៊ីនេះ បានធ្វើឡើងនៅក្នុងសម័យប្រជុំពេញអង្គរបស់រដ្ឋសភា លើកទី១ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

ឯកឧត្តម ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា មាន ប្រសាសន៍ថា ការអនុម័តនូវសេចក្តីព្រាងច្បាប់នេះ គឺជាការបើកផ្លូវឱ្យរាជរដ្ឋាភិបាល កម្ពុជាបង្កើនកិច្ច សហប្រតិបត្តិការជាមួយរដ្ឋាភិបាលរុស្ស៊ី ក្នុងការគ្រប់គ្រងបទល្មើសឱ្យមាន ប្រសិទ្ធភាព។ កិច្ចសហប្រតិបត្តិការទ្វេភាគីនេះ នឹងអនុវត្តន៍លើការទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែន ដូចជា៖ ការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងអំពើពុករលួយ។

ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តំណាងរាជរដ្ឋាភិបាល ដែលជាអ្នក ការពារសេចក្តីព្រាងច្បាប់នេះបានឱ្យដឹងថា សន្ធិសញ្ញាស្តីពីបត្យាប័ននេះ មានសារៈសំខាន់ និងអត្ថប្រយោជន៍ដល់ពលរដ្ឋនៃគូភាគី និងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងរុស្ស៊ី ក្នុងការលុបបំបាត់ឧក្រិដ្ឋកម្ម ដោយឈរលើគោលការណ៍ គោរពអធិបតេយ្យ សមភាព និងផលប្រយោជន៍របស់គ្នាទៅវិញទៅមក និងជាផ្នែកមួយនៃ កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការរួមចំណែកយ៉ាងសកម្មក្នុងក្របខ័ណ្ឌអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែន។ 

  សន្ធិសញ្ញាស្តីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ត្រូវបានរដ្ឋាភិបាលប្រទេសទាំងពីរចុះហត្ថលេខា កាលពីខែកុម្ភៈ ឆ្នាំ២០១៧ នៅរដ្ឋធានីមូស្គូ សហព័ន្ធរុស្ស៊ី ដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអន្តរជាតិ តាមរយៈការជួយគ្នា ទៅវិញទៅមកផ្នែកច្បាប់ទាក់ទងការផ្ទេរទណ្ឌិតនៃប្រទេសទាំងពីរ៕

ដោយ ប៉ាល់ សុង