តុបតែងកែលម្អហេដ្ឋរចនាសម្ព័ន្ធយ៉ាងស្រស់ស្អាតសម្រាប់ព្រះរាជពិធីបុណ្យអុំទូក

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ែនសុវុទ្ធី ៖​

រាជរដ្ឋាភិបាលបាន កែលម្អសោភណ័ភាព និងហេដ្ឋរចនាសម្ព័ន្ធនានាយ៉ាងស្រស់ស្អាតនៅរាជធានីភ្នំពេញដើម្បីបង្អួតភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលនិងមកលេងក្នុងព្រះ រាជពិធីអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៨អាជ្ញាធររាជធានីភ្នំពេញបានធ្វើសកម្មភាពកែលម្អសោភណ័ភាពបរិស្ថានទីក្រុងហើយ ពិសេសនៅក្នុងតំបន់បរិវេណកន្លែងប្រារព្វព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ កាន់តែស្អាតជាងឆ្នាំមុនៗតាមរយៈការកែលម្អឡើងវិញនៃសួនច្បារជាច្រើនដូចជាសួនច្បារមុខវត្តបុទុមវត្តី សួនច្បារលោកតាក្រមងុយនិងមានផ្លូវថ្មើរជើងប្រមតាមមាត់ដងទន្លេសាបចាប់ពីបញ្ជរព័ត៌មានទេសចរណ៍ដល់កំពង់ចម្លងអរិយក្សត្រ ដើម្បីឲ្យប្រជាពលរដ្ឋបានទស្សនាទិដ្ឋភាពការប្រណាំងទូកកាន់តែមានភាពងាយស្រួល។បន្ថែមពីនេះទៀត ភ្លើងបំភ្លឺសាធារណៈត្រូវបានកែលម្អឲ្យកាន់តែភ្លឺច្បាស់ជាងមុន រួមទំាង ការស្ថាបនាកែលម្អបង្គន់អនាម័យសាធារណៈជាច្រើនកន្លែង ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ អន្តរជាតិបានប្រើប្រាស់ ដោយសេរីមិនគិតតម្លៃសេវាអ្វីឡើយ។

លោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឲ្យដឹងថា ដើម្បីអោយ ព្រះរាជពិធីបុណ្យនេះកាន់តែស្រស់ស្អាតនាពេលរាត្រីនោះ អាជ្ញាធរបានរៀបចំបំពាក់ភ្លើងអិលអ៊ីឌីបភ្លឺផ្លូវចំរុះពណ៌ នៅជុំវិញរម្មណីយដ្ឋានវត្តភ្នំ និងភ្លើងគោមនៅលើមហាវិថីព្រះនរោត្តម។

អ្នកស្រី សុន ស្រីនាង ជាប្រជាពលរដ្ឋមកពីខេត្តកណ្តាលបានសាទរចំពោះការ រៀបចំព្រះរាជពិធីបុណ្យអុំទូកនេះឡើង ដោយវាមិនត្រឹមតែបានលើកកម្ពស់តម្លៃវប្បធម៌ខ្មែរ និងបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏បានទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកលេងព្រះរាជពិធីបុណ្យនេះឲ្យបានកាន់តែច្រើន។

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអុំបុក និងសំពះព្រះខែ សម្រាប់ឆ្នាំ ២០១៨នេះ នឹងព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ទី២២ និងថ្ងៃទី២៣ ខែវិច្ឆិកាត្រូវនឹងថ្ងៃ១៤កើត១៥កើតនិងថ្ងៃ១រោចខែកត្តិក ដែលនឹងមានទូកចូលរួមរហូតដល់ជាង២៩០ទូក៕