កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍​ទិវាពិភពលោកប្រយុទ្ធជំងឺអេដស៍

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន បូណា៖

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៏ និងអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៏ (AHF) គ្រោងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៏ ប្រចាំឆ្នាំ២០១៨ នៅថ្ងៃទី០១ ខែធ្នូខាងមុខនេះ ដើម្បីក្រើនរំលឹកដល់ពិភពលោកក្នុងការប្រយុទ្ធនឹងជំងឺអេដស៏អោយបានបញ្ចប់ទំាងស្រុងនៅពេលឆាប់ៗនេះ។

ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកវេជ្ជ ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី នៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៏ (AHF) បានបញ្ជាក់ថា ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៏នេះ នឹងធ្វើឲ្យយុទ្ធនាការប្រយុទ្ធនឹងមេរោគអេដស៏កាន់តែប្រសើរឡើង ទាំងនៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោក។

ឯកឧត្ដម វេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៏ បានអោយដឹងថា នៅថ្ងៃទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៏ នាថ្ងៃទី១ខែធ្នូ ក្រៅពីការបើកកិច្ច ប្រជុំផ្លូវការដែលមានការចូលរួមពីបណ្តាលប្រទេសមួយចំនួននោះ កម្ពុជានឹងបង្កើតឲ្យមានសកម្មភាពជាច្រើនទៀត នៅបរិវេណកោះពេជ្រ មានការប្រគំតន្រ្តីអបអរសាទរផងដែរ។ ឯឧ.បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នោះដែរ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៏ នឹងសម្ពោធគម្រោងធ្វើតេស្តឈាមរកមេរោគអេដស៍ដោយរថយន្តចល័ត ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើតេស្តឈាមស្វែងរកមេរោគអេដស៏នៅក្នុងសហគមន៍។

លោក ខេមរៈ សិរីមន្ត ដែលជាអគ្គរដ្ឋទូតសុច្ឆន្ទៈអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៏ បានបង្ហាញនូវឆន្ទៈរបស់ខ្លួន ក្នុងការចូលរួមអោយបានកាន់តែខ្លាំងក្លាថែមទៀត ក្នុងយុទ្ធការប្រយុទ្ធនឹងជំងឺអេដស៏ តាមរយៈចូលរួមក្នុងកម្មវិធីប្រគុំតន្ត្រី តាមរយៈស្ពតវិទ្យុ ទូរទស្សន៍ ដែលមានការអញ្ជើញពីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៏។

សូមបញ្ជាក់ថា តាមការប៉ាន់ស្មានរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៏សើរស្បែកនិងកាមរោគបានឲ្យដឹងថា បច្ចុប្បន្ននេះកម្ពុជាមានអ្នករស់នៅជាមួយមេរោគអេដស៏ប្រមាណ៧ម៉ឺននាក់៕