អាជ្ញាធរភ្នំពេញ កំពុងមមាញឹក តុបតែង កែលម្អរ លើកកម្ពស់សោភណ្ឌភាពរាជធានី ត្រៀមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ ប្រសិនបើយើងធ្វើការរាប់ថយក្រោយនោះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០១៨នេះ នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ គឺប្រារព្ធធ្វើក្នុងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២១.២២ និងថ្ងៃទី២៣ វិច្ឆិការនេះ ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៏កន្លងមក ដោយមានការណែនាំពីរដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានយកចិត្តទុកដាក់ ក្នុងផែនការតុបតែងកែ លម្អរ តាមសួនច្បារ ដងផ្លូវ និងទីសាធារណៈនានា ក្នុងរាជធានីភ្នំពេញ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆាប់ៗនេះ ។

លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរយៈពេលកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងដំណើរការជួសជុលកែលំអរតាមសួនច្បារ និងទីសាធារណៈផ្សេងៗ ឲ្យមានសោភណ្ឌ័ភាពជាពិសេសនៅតាមតំបន់ដែលត្រូវរៀបចំព្រះរាជពិធីបុណ្យអុំទូក ណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនាពេលខាងមុខ ។

លោកបានបន្តថា មន្ត្រីជុំនាញគ្រប់ផ្នែក ក្រោមឱវ៉ាត រដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងមមាញឹកជាខ្លាំងក្នុងផែនការតុបតែងកែលម្អរ មានដូចជា ផ្នែកភ្លើងបំភ្លឺសាធារណៈត្រូវបានជុំរុញការប្លាស់ប្តូរអំពូលភ្លើង និងតម្លើងអំពូលភ្លើងចំរុំណព៌ នៅតាមដើមឈើ សួនច្បារ តាមដងផ្លូវ ជាពិសេសនៅតំបន់ប្រារព្ធពិធីអុំទូកតែម្តង ផ្នែកសួនច្បារលាបកំបោរតាមគល់ឈើ លាបថ្នាំតាមការ៉ូឡា និងប័រឌារតាមចិញ្ចើមសួនច្បារ និងដាក់ពង្រាយបង្គន់អនាម័យជិត៦០០បង្គន់ ដើម្បីត្រៀមទទួលស្វាគមន៏ប្រជាពលរដ្ឋចូលរួមព្រះរាជពិធីបុណ្យអុំទូក ក្នុងនាមជាម្ចាស់ផ្ទះផងដែរ ។

លោកសាំ ពិសិដ្ឋ បានបន្តថា រដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពង់តម្លើងរបារកាត់ទទឹងផ្លូវ អបអរសាទរបុណ្យអុំទូក ដែលត្រូវដាក់ចំនួន៤ទីតាំង គឺទី១.ដាក់នៅមហាវិថីព្រះនរោត្តមខាងជើងជាប់រង្វង់មូលវិមានឯករាជ្យ ទី២.ដាក់មហាវិថីព្រះនរោត្តមមុខនាឡិការរមណីដ្ឋានវត្តភ្នំ ទី៣.ដាក់នៅតិរវិថីព្រះស៊ីសុវត្ថិមុខព្រះគន្លង់ និងទី៤.ដាក់នៅមហាវិថីព្រះសីហនុខាងលិចរង្វង់មូលសម្តេចសង្ឃ ជួន ណាត ។

លោក បន្តថា ការងារទាំងនេះ នឹងរួចរាល់នៅមុនថ្ងៃទី១៨ខែវិច្ឆិកានេះ ក្នុងគោលបំណង ដើម្បីលើកកំពស់សោភណ្ឌ័ភាពរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរឡើង ។

ចំណែកមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ ទទួលបន្ទុកតុបតែង និងចងទង់ជាតិ ឬទង់ជ្វាលា បានឲ្យដឹងថា ដោយមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងាររបស់លោក បានដាក់បង្គោល និងទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រធំៗ នៅមាត់ទន្លេមុខព្រះបរមរាជវាំង មានចំនួន៧៥ ។

លោក បញ្ជាក់ថា ទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ ដែលដាក់សម្រាប់ថ្ងៃអុំទូកនេះ គឺថ្ងៃធម្មតា ដាក់ទង់ជាតិតំណាងប្រទេស និងទង់បណ្តារអង្គការសហប្រជាជាតិនានា នៅតាមមាត់ទន្លេមុខព្រះបរមរាជវាំង ប៉ុន្តែសម្រាប់ថ្ងៃបុណ្យអុំទូកត្រូវបានទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រវិញ ។

សូមបញ្ជាក់ថា សំរាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៨នេះ អាជ្ញាធរភ្នំពេញ បានសន្និដ្ឋានថា នឹងមានប្រជាពលរដ្ឋចូលរួមទស្សនាកាន់តែកើនឡើងជាងឆ្នាំមុនៗ ពីព្រោះប្រទេសជាតិមានសុខសន្តិភាពពេញលេញ ម្យ៉ាងប្រពន្ធ័គមនាគមន៏ផ្លូវថ្នល់ត្រូវបានតភ្ជាប់ប្រទាក់ក្រឡាគ្នាក្វាត់ខ្វែង ដែលផ្តល់លក្ខណងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ៕