រដ្ឋសភាផ្តល់បត្យាប័នប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្លងដែនរវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

អង្គរដ្ឋសភាជាតិចំនួន១១១រូប ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ កាលពីម្សិលមិញនេះ បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីបត្យាប័នរវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែន។

កិច្ចសហប្រតិបត្តិការទ្វេភាគីនេះ នឹងអនុវត្តលើការទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែនដូចជា៖ ការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងអំពើពុករលួយ។

ឯកឧត្តម ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា មានប្រសាសន៍ថា ការអនុម័តនូវសេចក្តីព្រាងច្បាប់នេះ គឺជាការបើកផ្លូវឱ្យរាជរដ្ឋាភិបាលកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលរុស្ស៊ី ក្នុងការគ្រប់គ្រងបទល្មើសឱ្យមានប្រសិទ្ធភាព។ ឯកឧត្តម បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរាជរដ្ឋាភិបាលស្នើសុំការអនុម័តដោយទុកជាការប្រញាប់។

ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តំណាងរាជរដ្ឋាភិបាល ដែលជាអ្នកការពារសេចក្តីព្រាងច្បាប់នេះ បានឱ្យដឹងថា សន្ធិសញ្ញាស្តីពីបត្យាប័ននេះ មានសារៈសំខាន់ និងអត្ថប្រយោជន៍ដល់ពលរដ្ឋនៃគូភាគី និងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងរុស្ស៊ី ក្នុងការលប់បំបាត់ឧក្រិដ្ឋកម្ម ដោយឈរលើគោលការណ៍គោរពអធិបតេយ្យ សមភាព និងផលប្រយោជន៍របស់គូភាគីទៅវិញទៅមក និងជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការរួមចំណែកយ៉ាងសកម្មក្នុងក្របខណ្ឌអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែន។

សន្ធិសញ្ញាស្តីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ត្រូវបានរដ្ឋាភិបាលប្រទេសទាំងពីរ ចុះហត្ថលេខា កាលពីខែកុម្ភៈ ឆ្នាំ២០១៧ នៅរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ីដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអន្តរជាតិ តាមរយៈការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្ម ការធ្វើបត្យាប័ន និងការផ្ទេរទណ្ឌិត៕