ខេត្តព្រះសីហនុ ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ២០១៨

AKP ព្រះសីហនុ ថ្ងៃទី១៦ ខែវិខច្ឆិកា ឆ្នាំ២៩១៨ –ព្រឹកថ្ងៃសុក ៩កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ២០១៨ នៅមុខវេទិការបុណ្យជាតិ ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ស៊ិន យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ អាជីវករ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ។ 

 អភិបាលរងខេត្តព្រះសីហនុ លោក ឈិន សេងងួន មានប្រសាសន៍ថាទិវាអនាម័យបរិស្ថាន ជាតិ ២៣ វិច្ឆិកា គឺបំផុសប្រជាពលរដ្ឋចលនាគាំពារបរិស្ថាន អភិរក្សជីវ:ចម្រុះ និងការរស់នៅប្រកបដោយចីរភាព ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ« រួមគ្នាដើម្បីបរិស្ថានស្អាត» ដើម្បីចូលរួមកាត់បន្ថយថង់ប្លាស្ទិក សំដៅធានាដល់កិច្ចគាំពារសុខភាពសាធារណៈ បរិស្ថាន និងសោភណភាព កាត់បន្ថយការបំពុលដោយថង់ប្លាស្ទិក ការផ្តល់ថង់ប្លាស្ទិកស្ដើងមានដៃយូរដល់អតិថិជននៅតាមបណ្ដាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើប ។ ការផ្លាស់ប្តូឥរិយាបថរបស់ប្រជាពលរដ្ឋ រួមគ្នាសម្អាតអនាម័យបរិស្ថាន គឺផ្តើមចេញពីខ្លួនយើង គ្រួសារ និងសហគម៍របស់យើងមានបរិស្ថានល្អ លោកបានសំណូមពរប្រជាពលរដ្ឋចូលរួមថែរក្សា សម្អាតអនាម័យក្នុងក្រុងរបស់យើង ដើម្បីដោះស្រាយនូវបញ្ហាប្រឈមខាងលើ និងដើម្បីស្ដារឡើងវិញនូវការខូចខាតផ្នែកបរិស្ថាន គឺផ្តើមយកចិត្តទុកដាក់ថែរក្សាភពផែនដី ពីភូមិ ស្រុកនីមួយៗរហូតដល់ប្រទេស និងទូទាំងពិភពលោកធ្វើយ៉ាងណាលើកកម្ពស់នូវកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះនិងការអភិវឌ្ឍប្រកបដោយចីរភាព

  ឯកឧត្តម ស៊ិន យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ទិវាអនាម័យ បរិស្ថានជាតិនាពេលនេះ មានគោលបំណងបំផុសស្មារតីប្រជាពលរដ្ឋ ចូលរូមធ្វើអនាម័យនៅតាមលំនៅឋាន ទីធ្លាសាធារណ: ទីប្រជុំជនក្នុងក្រុង ស្រុកសំដៅធានាបរិស្ថានបៃតងស្រស់បំព្រង តម្រូវឱ្យប្រជាពលរដ្ឋនៅតាមសហគមន៍ចូលរួមដោះស្រាយទាំងអស់គ្នា ។ យើងកំពុងប្រឈមនឹងបញ្ហាបរិស្ថានជាចម្បងនៅគ្រប់តំបន់ និងពិភពលោក នៅតាមប្រទេសនីមួយៗមានជាអាទិ៍ ១-ការកើនឡើងកំដៅភពផែនដី , ២-គ្រោះរាំងស្ងួត និងទឹកជំនន់ ,ការបាត់បង់ព្រៃឈើ និងជីវ:ចម្រុះ ,៤-កង្វះទឹកស្អាត និងថាមពល , ៥-បញ្ហាជំងឺឆ្លង និងសន្តិសុខស្បៀង ។ល។ បញ្ហាប្រឈមទាំងអស់នេះ កំពុងបានជះឥទ្ធិពលវិជ្ជមានទៅលើជីវភាពរស់នៅសុខុមា ភាពមនុស្ស និងការអភិវឌ្ឍប្រកបដោយចីរភាព ធ្វើឱ្យអន់ថយខាងផ្នែកសេដ្ឋកិច្ចជាដើម
   

ឯកឧត្តមបានបន្តថា កន្លងមកក្រសួងបរិស្ថានបានធ្វើការផ្សព្វផ្សាយខ្លឹមសារ សំខាន់ៗនៃអនុក្រឹត្យលេខ ១៦៨អនក្រ.បកចុះថ្ងៃទី១០ ខែតុលាឆ្នាំ២០១៧ ស្ដីពីការគ្រប់គ្រងថង់ប្លាស្ទិក ដែលមានគោលបំណងបង្កើនប្រសិទ្ធភាព ការកាត់បន្ថយការនាំចូល ការផលិត ការចែកចាយ និងការប្រើប្រាស់ថង់ប្លាស្ទិក សំដៅធានានូវកិច្ចគាំពារសុខមាលភាពសាធារណៈ បរិស្ថាន សោភណភាព និងប្រកាសអន្តរក្រសួង ស្ដីពីការកំណត់កម្រៃបន្ថែមលើការផ្តល់ថង់ប្លាស្ទិកដល់អតិថិជន ដើម្បីធានាបាននូវគុណភាពបរិស្ថាន សោភណភាពទីក្រុង ចាំបាច់យើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់លើកកម្ពស់ការគ្រប់គ្រងសំណល់រឹង រាវឱ្យបានត្រឹមត្រូវ ដោយវេចខ្ចប់ និងញែកសំរាមតាមប្រភេទនីមួយៗដើម្បីប្រែក្លាយសំណល់មួយចំនួនឱ្យមានតម្លៃសេដ្ឋកិច្ច និងការកាត់បន្ថយបរិមាណសំណល់នៅតាមសហគមន៍ និងនៅតាមទីប្រជុំជនក្នុងក្រុងស្រុកជាតំបន់ទេសចរណ៍របស់យើង ៕ 

ដោយ ងូ សុមុនី