ប្រទេសកូរ៉េខាងជើងបាញ់សាកល្បងអាវុធថ្មី​មានបច្ចេកទេសខ្ពស់​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១៦.១១.១៨)

កូរ៉េខាងជើង៖ ​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេស​កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃសុក្រនេះថា​មេដឹកនំាកូរ៉េខាងជើង លោក គីមជុងអុន បានចុះពិនិត្យផ្ទាល់នូវការបាញ់សាកល្បងអាវុធទំនើបដែលទើបតែផលិតឡើងថ្មី ហើយត្រូវបានអ្នកវិភាគ​នយោបាយនិយាយថាជាទង្វើមួយធ្វើឲ្យប៉ះពាល់ដល់កិច្ចចរចារដើម្បីកាត់បន្ថយអាវុធនុយក្លេអ៊ែរ ។

ការបាញ់សាកល្បងអាវុធទំនើបនោះ ធ្វើឡើងនៅក្នុងបណ្ឌិតសភាវិទ្យាសាស្ត្រការពារជាតិក្នុងក្រុងព្យុងយ៉ាង ហើយត្រូវបានការសែតក្នុងស្រុកនិយាយថា ជាការបាញ់សាកល្បងដ៏ជោគជ័យ ។ការផ្អាកបាញ់សាកល្បងគ្រាប់កំាជ្រួចនុយក្លេអ៊ែរ និងកំាជ្រួចបាញ់រំលងទ្វីបរបស់ប្រទេសកូរ៉េខាងជើងគឺជាគន្លឹះដ៏សំខាន់ដែលនំាទៅរកការវិវឌ្ឍន៍ផ្នែកការទូត នៅក្នុងឆ្នំានេះនិងនំាទៅដល់ការចរចាររវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ។

ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា និងមេដឹកនំាកូរ៉េខាងជើង លោកគីម ជុងអុនបានជួបគ្នាកាលពីខែ មិថុនា នៅក្នុងប្រទេសសឹង្ហបុរី ដែលពេលនោះមេដឹកនំាទាំងពីរបានចុះហត្ថលេខាលើឯកសារស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។​