រាជរដ្ឋាភិបាលប្រកាសដាក់កម្លាំងការពារសន្តិសុខនិងសណ្តាប់ធ្នាប់ក្នុងព្រះរាជពិធីបុណ្យអុំទូក ជាង១ម៉ឺន៣ពាន់ នាក់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខ​រិន​ និង​លោក​ ចន​ ណារិទ្ធ​៖

រាជរដ្ឋាភិបាលប្រកាសដាក់កម្លាំងការពារសន្តិសុខនិងសណ្តាប់ធ្នាប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រហូតដល់ជាង១ម៉ឺន៣ពាន់ នាក់ ដើម្បីផ្តល់ភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋដែលមកលេងក្នុងព្រះរាជពិធីបុណ្យនេះប្រកបដិយភាពសប្បាយរីករាយមិនបារម្ភពីបញ្ហាគ្រោះថ្នាក់ណាមួយកើតឡើង។

ក្នុងកិច្ចប្រជុំស្តីពីផែនការការពារ សន្តិសុខសណ្តាប់ធ្នាប់ក្នុងឳកាសប្រារព្វព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅអគ្គស្នងការនគរបាលជាតិនាព្រឹកថ្ងៃទី១៦ខែវិច្ឆិការនេះ ឯឧ. នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ​ អគ្គស្នងការរងនគរបាលជាតិបានមានប្រសាសន៍ថា កម្លាំងចម្រុះទាំងជាង១ម៉ឺន៣ពាន់នាក់នេះ មកពីកម្លាំងអគ្គស្នងការនគរបាលជាតិ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ អគ្គបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេ អគ្គបញ្ជាការដ្ឋានកងអង្គរក្ស។

ឯឧ. បញ្ជាក់ថា កម្លាំងទាំងនេះនឹងការពារសន្តិសុខសណ្តាប់ធ្នាប់ទំាងក្នុងបរិវេណ កន្លែងប្រារព្វពិធី និងក្រៅកន្លែងប្រារព្វពិធី ដើម្បីជៀសវាងនូវហេតុការណ៍គ្រោះថ្នាក់ និងឧប្បទ្ទវហេតុ ផ្សេងនៅក្នុងព្រះរាជពិធីដូចជា ការសម្រួលចរាចរណ៍ចេញចូល ទប់ស្កាត់បទល្មើសចោរឆក់ប្លន់ជាដើម។

ឯឧ.នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគបាលជាតិបានបញ្ជាក់ថា ការដាក់កម្លាំងការពារសន្តិសុខសណ្តាប់នេះគឺដើម្បីធ្វើយ៉ាងណាធានាអោយព្រះរាជពិធីបុណ្យនេះបានប្រព្រឹត្តទៅដោយរលូន ប្រកបដោយភាពសប្បាយរីករាយ។

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអុំបុក និងសំពះព្រះខែ សម្រាប់ឆ្នាំ ២០១៨នេះ នឹងព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ខែវិច្ឆិកាត្រូវនឹងថ្ងៃ១៤កើត១៥កើតនិងថ្ងៃ១រោចខែកត្តិក ដែលនឹងមានទូកចូលរួមរហូតដល់ជាង២៩០ទូក។