តំបន់សត្វស្លាបនៅបឹងពារាំងខេត្តសៀមរាបក្លាយជាកន្លែងទេសចរណ៍ដ៏មានការទាក់ទាញ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ អ៊ី កនិកា ៖​

តំបន់សត្វស្លាបនៅបឹងពារាំងខេត្តសៀមរាប បានក្លាយជាកន្លែងទេសចរណ៍ដ៏មានភាពទាក់ទាញ បន្ទាប់ពីមានការអភិរក្សនូវកំណើននៃបក្សីចម្រុះនៅតំបន់នោះ។

លោក សោ វិសិដ្ឋ អនុប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានប្រាប់វិទ្យុជាតិកម្ពុជាថា តំបន់សត្វស្លាបបឹងពារាំង ភាគខាងជើងបឹងទន្លេសាប ស្ថិតក្នុងសង្កាត់ជ្រាវ ដែលចម្ងាយ៧គីឡូម៉ែត្រ ពីក្រុងសៀមរាប កំពុងតែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាជារៀងរាល់ថ្លៃ។លោកបានឱ្យដឹងបន្ថែមថា តំបន់សត្វស្លាបដែលស្ថិតលើព្រៃលិចទឹកទំហំជាង៣.០០០ហិកតា មានប្រភេទសត្វស្លាបចម្រុះពូជ ចម្រុះពណ៌ ប្រមាណ១៧០ប្រភេទ។ លោកបន្តថា សក្តានុពលរបស់សហគមន៍បឹងពារាំងនេះ មានវិសាលភាពធំធេងណាស់ ដោយសារតែសម្បូរទៅដោយពពួកសត្វស្លាប ពពួកមច្ឆា ព្រៃលិចទឹក ដែលបម្រើអោយវិស័យអេកូទេសចរណ៍។ លោកបានបន្តថា តំបន់បឹងពារាំងទាំងមូលក្លាយទៅជាគោលដៅទេសចរណ៍ថ្មីមួយទៀត ក្នុងចំណោមតំបន់ទេសចរណ៍នៅខេត្តសៀមរាប ដោយភ្ញៀវទេសចរដែលទៅទស្សនាប្រាសាទអង្គរវត្តរួចហើយ តែងតែ ឈាងទៅទស្សនាសត្វស្លាបនៅតំបន់នោះ។ ទោះជាយ៉ាងនេះក្តី លោកអំពាវនាវអោយប្រជាពលរដ្ឋនៅសហគមន៍នោះបញ្ឈប់ការបរបាញ់សត្វស្លាប និងនេសាទត្រីនៅតំបន់ទេសចរណ៍មួយនេះ ដោយត្រូវរួមគ្នាលើកកម្ពស់ និងអភិរក្សតំបន់ទេសចរណ៍មួយនេះ ដើម្បីនាំមកនូវប្រាក់ចំណូលសេដ្ឋកិច្ចគ្រួសារ សហគមន៍ និងសេដ្ឋកិច្ចជាតិពីវិស័យទេសចរណ៍វិញ។

យោងតាមឯកសារស្រាវជ្រាវរបស់អ្នកជំនាញ បានបង្ហាញថា តំបន់សត្វស្លាបនៅបឹងពារាំងនេះ ត្រូវបានរកឃើញជាបន្ទាយសត្វស្លាបមួយយ៉ាងធំ ក្នុងអំឡុងទសវត្ស៦០-៧០ ដោយមានសត្វ ស្លាបដូចជា សត្វទុង ចង្កៀលខ្យង កុក ទោម ក្រសា ប្រវឹក ក្អែកទឹក ជាដើម​។ ចន្លោះឆ្នាំ២០១៧-២០១៨ តំបន់អេកូទេសចរណ៍នេះ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ១៧៨០នាក់ ក្នុងទេសចរបរទេសប្រហែលជាង២៨០នាក់៕