កម្ពុជាមានសុខសន្តិភាពក្នុងពេលបច្ចុប្បន្ននេះ​ ដោយសារការលះបង់សាច់ស្រស់ឈាមរបស់យុទ្ធជន​ ដែលពលីរាប់សែននាក់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

​ ថ្លែងទៅកាន់បណ្តាស្ថានទូតជិត៥០ និងភ្ញៀវអន្ដរជាតិជាង២០០នាក់​ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ​ បានមានប្រសាសន៏ថា​ កម្ពុជា​ មានសន្តិភាព​ ឯករាជ្យជាតិ និង ស្ថេរភាពនយោបាយ នាពេលបច្ចុប្បន្ននេះ​ បានមកដោយលំបាក គឺបានលះបង់សាច់ស្រស់ឈាមរបស់យុទ្ធជនពលីរាប់សែននាក់ ។

​ ការថ្លែងបែបនេះ​ ធ្វើឡើងនៅល្ងាចថ្ងៃពុធទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ ក្នុងពិធីជប់លៀងជាផ្លូវការអបអរសាទរបុណ្យឯករាជ្យជាតិ និងបុណ្យកំណើតកងយោធពលខេមរ:ភូមិន្ទ នៅសណ្ឋារគារ Lotte Hotel នាទីក្រុងសេអ៊ូល ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ-អន្ដរជាតិ ចូលរួមប្រមាណ៣៦០នាក់ រួមមានតំណាងរដ្ឋាភិបាលកូរ៉េជាអនុរដ្ឋមន្ត្រីការបរទេស ឯកឧត្តម KANG

Jeong-sik, និងតំណាងរដ្ឋសភាជាតិ ឯកឧត្តម Byung Jae-ill, សមាជិករដ្ឋសភាជាតិកូរ៉េ និងជាអនុប្រធានក្រុមសភាមិត្តភាពកម្ពុជា-កូរ៉េ រួមជាមួយនឹងបណ្តាអគ្គរាជទូត-រដ្ឋទូត និងសេនានុព័ន្ធយោធា ព្រមនឹងមន្ត្រីអាជ្ញាធរកូរ៉េពាក់ព័ន្ធ រួមទាំងបណ្តាវិស័យឯកជនកូរ៉េ​ ដែលរៀបចំដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ​ ។

​ គួរបញ្ចាក់ថា ក្នុងពិធីជប់លៀងផ្លូវការអបអរសាទរបុណ្យឯករាជ្យជាតិនេះក៏បានរៀបចំបម្រើ​ និងចែកជូនភ្ញៀវនូវមុខម្ហូប នំ បង្អែមខ្មែរ ព្រមជាមួយក្រម៉ាអនុស្សាវរីយដល់ភ្ញៀវចូលរួមទាំងអស់ផងដែរ៕