ក្រសួងព័ត៌មានគាំទ្រការវិនិយោគលើគម្រោងដឹកជញ្ជូនធុនស្រាលនៅកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ប៉ុង សុភាវី ៖​

ក្រសួងព័ត៌មានគាំទ្រការវិនិយោគលើគម្រោងដឹកជញ្ជូនធុនស្រាលនៅកម្ពុជា ដែលនឹងជួយលើកកម្ពស់ជីវភាពប្រជាជនកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើង ស្របតាមកម្មវិធីនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងក្នុងការអញ្ជើញជាអធិបតី នៃពិធីចុះហត្ថលេខាលើកិច្ចសហការប្រតិបត្តិការវិនិយោគ រវាងក្រុមហ៊ុន វីឡា អ៊ែតវើថាយ និងក្រុមហ៊ុន ស៊ី អេ ធី អេស អ៊ិនធើណេតសិនណល់ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហាញនូវភាពជឿជាក់ថា គម្រោងវិនិយោគរវាងក្រុមហ៊ុនទាំងពីរនៅកម្ពុជានេះ នឹងជួយឱ្យចំណូលសេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជាកាន់តែប្រសើរឡើង។

បើតាមការបញ្ជាក់របស់ក្រុមហ៊ុន បានឲ្យដឹងថា ក្រុមហ៊ុននឹងផ្ដល់សេវាដឹកជញ្ជូនតាក់ស៊ី ឈានមុខគេនៅកម្ពុជា ដោយបើកបម្រើសេវាកម្មទៅលើលក់ម៉ូតូកង់បីប្រភេទថ្មី ដល់ប្រជាពលរដ្ឋកម្ពុជាដែលគ្មានលទ្ធភាពក្នុងការទិញក្នុងតម្លៃសមរម្យ ឬក៏ពិសេសណាមួយ។

នាយកក្រុមហ៊ុននេះ បានឱ្យដឹងទៀតថា ក្រុមហ៊ុននឹងចូលរួមសហការជាមួយក្រសួងព័ត៌មាន និងស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក្នុងការផ្តល់នូវម៉ូតូកង់បីប្រភេទថ្មីដល់មន្រ្តីចូលនិវត្តន៍ ដែលចង់ចាប់អាជីពការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធបន្តទៀត។

ឯកឧត្ដមរដ្ឋមន្ត្រី បានគាំទ្រដល់ក្រុមហ៊ុនទាំងពីរ ក្នុងជួយដល់ជនក្រីក្រនៅកម្ពុជា ពិសេសសម្រាប់យោធិនចូលនិវត្តន៍ ក៏ដូចជាមន្ត្រីរាជការ និងមន្រ្តីនគរបាលចូលនិវត្តន៍ តាមរយៈលក់ម៉ូតូកង់បីក្នុងតម្លៃសមរម្យណាមួយ។

ឯកឧត្តមសង្ឃឹមថា ក្រុមហ៊ុនទាំងពីរនឹងដំណើរអាជីវកម្មរបស់ខ្លួននៅកម្ពុជា ប្រកបដោយភាពរីកចម្រើន ដែលនាំមកនូវទាំងចំណូលដល់ក្រុមហ៊ុនរបស់ខ្លួនផង និងចំណូលសេដ្ឋកិច្ចដល់យោធិនចូលនិវត្តន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។

សូមបញ្ជាក់ថា ក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការវិនិយោគរួមគ្នានេះ ខាងភាគីក្រុមហ៊ុន ក៏បានប្រគល់នូវម៉ូតូកង់បីប្រភេទថ្មីចំនួន១០គ្រឿង ដល់ក្រសួងព័ត៌មាន និងចំនួន៥គ្រឿង ដល់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីទុកបម្រើការងារក្នុងអង្គភាព៕