រាជរដ្ឋាភិបាលជំរុញឲ្យសិល្បករ សិល្បការិនី ចូលរួមអបអរពិធីសម្ពោធវិមានឈ្នះ-ឈ្នះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន​ បូណា​៖

រាជរដ្ឋាភិបាល បានជំរុញឲ្យសិល្បករ សិល្បការិនីទាំងអស់ចូលរួមអបអរសាទរក្នុងពិធីសម្ពោធវិមានឈ្នះ-ឈ្នះ និងខួបលើកទី២០ នៃទិវានយោបាយឈ្នះ-ឈ្នះ ដែលគ្រោងធ្វើឡើងចុងឆ្នាំ២០១៨នេះ ដើម្បីឲ្យពិធីនេះកាន់តែមានភាពអធិកអធមឡើង ស្របពេលរាជរដ្ឋាភិបាល ក៏ប្រារព្ធធ្វើពិធីឆ្លងឆ្នាំសកលនៅកន្លែងនោះក្នុងពេលតែមួយ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍ថា នៅពេលមានសិល្បករ សិល្បការិនីចូលរួមកាន់តែច្រើន នឹងធ្វើឲ្យពិធីនេះកាន់តែមានភាពសប្បាយរីករាយ និងអធិកអធមថែមទៀត ស្របទៅនឹងសមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានលើគ្រប់វិស័យនៅក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ពិធីជួបសំណេះសំណាលជាមួយសិល្បករ សិល្បការិនី នាទីស្តីការគណៈរដ្ឋមន្ត្រី កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ស្តីពីដំណើរឆ្ពោះទៅអបអរសាទរខួប២០ឆ្នាំនៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន សម្តេចពិជ័យសេនា បានលើកទឹកចិត្ត ដល់សិល្បករ សិល្បការិនីទាំងអស់ចូលរួមសម្ដែងគ្រប់ទម្រង់សិល្បៈ វប្បធម៌ ប្រៃណីខែ្មរ ដែលនឹងប្រារព្ធធ្វើឡើងនៅវិមានឈ្នះ ឈ្នះ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូខាងមុខនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ការរៀបចំធ្វើពិធីសម្ពោធវិមានឈ្នះ ឈ្នះ នឹងត្រូវធ្វើឲ្យបានសក្តិសមបំផុត សម្រាប់ជាមោទនភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យសម្រេចបាននូវនយោបាយឈ្នះឈ្នះ ដោយការបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃជាច្រើនឆ្នាំនៅក្នុងប្រទេសកម្ពុជា ។

លោក ម៉ា ដូណា សិល្បករ បានសន្យានឹងចូលរួមក្នុងពិធីអបអរខួបនៃនយោបាយឈ្នះ-ឈ្នះនៅពេលខាងមុខនេះ ដើម្បីធ្វើអោយពិធីនេះកាន់តែមានភាពអធិកអធមថែមទៀត ។

វិមានឈ្នះ ឈ្នះនេះ ត្រូវបានចាប់ផ្តើមសាងសង់ឡើង កាលពីខែកុម្ភៈ ឆ្នាំ ២០១៦ លើទំហំផ្ទៃដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងគោលបំណងរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យកាល ដែលបានលះបង់ជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ និងក៏ជានិម្មិតរូបនៃសុខសន្តិភាព ដែលកម្ពុជាទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍កន្លងមក។ វិមាននេះ នឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕