កំណើនយានយន្តទូទាំងប្រទេសក្នុងរយៈពេល១ខែកើនជិតដល់៤ម៉ឺនគ្រឿង ដែលបានចុះបញ្ជីត្រឹមត្រូវ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញថា សម្រាប់ទូទាំងប្រទេស មធ្យោបាយយានយន្ត បានបន្តកើនឡើង ចន្លោះ ពីជិត៤ម៉ឺន ទៅជាង ៤ម៉ឺនគ្រឿង ។ជាក់ស្តែងសម្រាប់ខែតុលាឆ្នាំ២០១៨នេះ បានកើនឡើងចំនួន៣៩.៦១២គ្រឿង ក្នុងនោះម៉ូតូចំនួន៣៣.៨៥០គ្រឿង រថយន្តធុនស្រាល និងធុនធ្ងន់ចំនួន ៥.៧៦២គ្រឿង ។ របាយការណ៏បានបន្តថា បើគិតចាប់ពីឆ្នាំ១៩៩០ រហូតមកដល់ឆ្នាំ២០១៨នេះ កំណើន មធ្យោបាយ យានយន្ត បានកើនដល់ ៤.៦៤៣.១១៩គ្រឿង ដែលបានចុះបញ្ជីត្រឹមត្រូវ និងកំពុងធ្វើចរាចរណ៏ ។ នេះមិនទាន់គិតពីយានយន្តដែលមិនបានចុះបញ្ជីនោះទេ ។

មន្ត្រី ក្រសួងសាធារណការ បានអះអាងថា កំណើនយានយន្ត ដែលបានកើនឡើងពីមួយខែទៅមួយខែឥតឈប់ឈរនោះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ប្រពន្ធ័គមនាគមន៏ត្រូវបានជួសជុល និងស្ថាបនាថ្មីប្រទាក់ក្រឡាគ្នា ពីតំបន់ជនបទទៅតំបន់ទីប្រជុំជន និងរហូតដល់រាជធានីខេត្ត បានយ៉ាងល្អស្អាតជាបន្តបន្ទាប់ ជាពិសេស សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃតែម្តង ។

ទោះយ៉ាងណាក្តី បើតាម មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា សម្រាប់រាជធានីភ្នំពេញ គិតត្រឹមខែកក្កដាឆ្នាំ២០១៨ ចំនួនយានយន្ត បានកើនឡើងរហូតដល់ ជាង ២លាន ១៩ម៉ឺនគ្រឿង ក្នុងនោះរថយន្ត មានចំនួន៤៨ម៉ឺនគ្រឿង ម៉ូតូមានចំនួន១លាន៧០ម៉ឺនគ្រឿង និងរឺម៉កកង់បី មានចំនួន ១ម៉ឺន១ពាន់គ្រឿង ដែលបានចុះបញ្ជីត្រឹមត្រូវ ។

មន្ត្រីដដែល បានបញ្ជាក់ថា ដោយសារចំនួនយានយន្ត មានការកើនឡើង រួមទាំងការបើកបរ មិនសូវគោរពច្បាប់ចរាចរណ៍ និងការរំលោភចិញ្ចើម និងផ្លូវ ទៀតនោះ បានធ្វើឱ្យផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ មានការកកស្ទះចរាចរណ៏ ដែលជាបញ្ហាប្រឈមរបស់អាជ្ញាធរជារៀងរាល់ថ្ងៃ ៕