ខេត្តសៀមរាបរៀបចំព្រះរាជពិធីបុណ្យអ៊ុទូកបណ្តែតប្រទីប សំពះព្រះខែ និង អកអំបុករយៈពេល០២ថ្ងៃ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

អាជ្ញាធរខេត្តសៀមរាបត្រៀមរៀបចំព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ដែលនឹងប្រព្រឹត្តធ្វើឡើង តាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ដោយមានរៀបចំនូវកម្មវិធីកម្សាន្តផ្សេងៗ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និង ក្រៅខេត្ត ព្រមទាំងភ្ញៀវទេសចរ បានទស្សនាកម្សាន្ត អំពីវប្បធម៌ ប្រពៃណី របស់ប្រជាពលរដ្ឋខែ្មរយើង ដែលមានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី ២១ដលើថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០១៨ ។

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបានមានប្រសាសន៍អោយដឹងថាការរៀបចំព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក នេះ គឺធ្វើឡើងដើមី្បរំលឹក និង គោរពដល់វីរៈភាពនៃបុព្វបុរសទាហានជើង ទឹកជំនាន់ដើម ដែលបានពលីជិវិត ក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹកក្នុងការកម្ចាត់ពួកសត្រូវឈ្លានពានហើយទទួលបានជ័យជំនះជូនជាតិមាតុភូមិអង្គរនៃយើង ។

ក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកនៅរដ្ឋបាលសាលាខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានបានសង្កត់ធ្ងន់ទៅលើការសម្អាតអនាម័យ បរិស្ថាន ពិសេសចំពោះអគ្គិសនី ត្រូវបន្តបើកបំភ្លឺនៅតាមស្តង់ និង កន្លែងឆាកតន្ត្រី រហូតដល់ថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១៨ ព្រមទាំងសូមឲ្យបណ្តាមន្ទីរ អង្គភាព ក៏ដូចក្រុមហ៊ុន ដែលគ្មានទូកចូលរួមប្រកួត សូមជួយធ្វើការឧបត្ថម្ភដល់ទូកទាំងនោះ ក្នុងគោលដៅលើកស្ទួយវប្បធម៌ ទំនៀបទំលាប់ប្រពៃណីជាតិ ក៏ជាការចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ លើវិស័យទេសចរណ៍នៅលើទឹកដីប្រវត្តិសាស្ត្រនេះ ។

បើតាម លេខាធិការដ្ឋានគណៈកម្មការរៀបចំបុណ្យអុំទូកខេត្តបានឲ្យដឹងថា ទូកដែលបានសុំដាក់ពាក្យចូលមកប្រកួតមានចំនួន៣១ទូក ដែល ក្នុង១ទូក មានចំណុះ ២២នាក់ ក្នុងនោះមានទូកស្រី ០៥ទូក ព្រមទាំងមានប្រទីប មកពីបណ្តាមន្ទីរ អង្គភាព និង ក្រុមហ៊ុនផងដែរ ។