ប្រធានកាកបាទក្រហមកម្ពុជាពេញចិត្តចំពោះប្រជាពលរដ្ឋ គ្រប់ជាតិសាសន៍នៅខេត្តមណ្ឌលគិរី ចេះជួយយកអាសាគ្នាទៅវិញទៅមក

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោកហោ សេងគ្រី

មណ្ឌលគិរី៖ប្រធានកាកបាទក្រហមកម្ពុជាសម្តែងនូវក្តីនឹករលឹក និងសប្បាយរីករាយយ៉ាងក្រៃលែងដោយបានជួបសំណេះសំណាលផ្ទាល់ និងមើលឃើញពលរដ្ឋទាំងអស់ទាំងជនម៉ូស្លីម ទាំងពុទ្ធសាសនិក គ្រប់ជាតិសាសន៍ ចេះរស់នៅដោយសុខដុមរមនាជាមួយគ្នា ចេះស្រឡាញ់រាប់អាន និងជួយយកអាសាគ្នាទៅវិញទៅមក។

ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដោយផ្ទាល់ ជូនដល់ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន ១,៣៥៨គ្រួសារ រស់នៅភូមិចំនួន ១៥ ឃុំចំនួន ៣ នៃស្រុកកែវសីមា ខេត្តមណ្ឌលគិរីកាលពីព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
បានរម្លឹកពីអតីតកាលដ៏សែនលំបាកវេទនាក្នុងបនប្រល័យពូជសាសន៍ ដែលសម្តេច ក៏ដូចជាប្រជាពលរដ្ឋដទៃទៀតធ្លាប់ឆ្លងកាត់ រត់ចូលព្រៃដើម្បីតស៊ូរកយុត្តិធម៌និងសិទ្ធិសេរីភាព។ ក្នុងន័យនេះ សម្តេច សូមអំពាវនាវដល់លោកយាយលោកតាពុកម៉ែបងប្អូនទាំងអស់ ត្រូវពន្យល់ណែនាំដល់កូនចៅជំនាន់ក្រោយ ឱ្យបានយល់ដឹងដើម្បីទប់ស្កាត់របបយង់ឃ្នងមួយនេះ ហើយចូលរួមការពារសុខសន្តិភាព ស្ថិរភាព ដែលកម្ពុជាមានសព្វថ្ងៃនេះឱ្យកាន់តែល្អប្រសើរឡើង។

ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបន្តតាមដានចុះជាប់ជិតស្និទ្ធជាមួយប្រជាជន ដើម្បីដឹងពីសុខទុក្ខ និងដោះស្រាយការលំបាកជូនពួកគាត់ឱ្យបានទាន់ពេលវេលា ជៀសវាងការតវ៉ាដល់ក្រសួងពាក់ព័ន្ធនៅរាជធានីភ្នំពេញ។ បន្ថែមពីនេះ ត្រូវលុបបំបាត់គ្រឿងញៀន ល្បែងស៊ីសង គ្រឿងស្រវឹង ដែលជាប្រភពនៃអំពើហិង្សា ចោរកម្ម និងសម្លាប់មនុស្ស នាំបញ្ហាដល់ប្រជាពលរដ្ឋនិងសង្គមជាតិ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវអោយលោកយាយលោកតាពុកម៉ែបងប្អូនទាំងអស់ត្រូវយកចិត្តទុកដាក់គិតគូរពីបញ្ហាសុខភាព ពិសាទឹកដាំពុះ សម្អាតបរិស្ថានជុំវិញផ្ទះ និងរស់នៅមានអនាម័យ។ ត្រូវតាមដានកូនចៅឱ្យបានចូលរៀនជាប់លាប់ ហើយយកចិត្តទុកដាក់លើការសិក្សារៀនសូត្រ ជៀសឆ្ងាយពីអំពើអបាយមុខ បញ្ហាអសីលធម៌ក្នុងសង្គម ដែលមានតាមប្រព័ន្ធ Facebook ឬ Youtube។ ត្រូវគោរពច្បាប់ចរាចរណ៍ បើកបរប្រុងប្រយ័ត្ន និងពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវដើម្បីសុវត្ថិភាពខ្លួនឯងនិងអ្នកដទៃ ជាពិសេសយុវជនកាកបាទក្រហម ត្រូវធ្វើជាគម្រូល្អ ហើយណែនាំពន្យល់ដល់មិត្តភក្តិនិងក្រុមគ្រួសារ។ ដោយឡែក ស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ហើយសម្រាលកូននៅមណ្ឌលសុខភាព។ ចំពោះអ្នករស់នៅជាមួយមេរោគអេដស៍ ត្រូវលេបឱសថប្រឆាំងមេរោគតាមវេជ្ជបញ្ជាគ្រូពេទ្យ ហើយជៀសវាងដាច់ខាតការចម្លងមេរោគទៅកាន់អ្នកដទៃ។
តាមផេករបស់កាកបាទក្រហមកម្ពុជាបានអោយដឹងថាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកា ២០លានរៀល សម្រាប់ចាត់ចែងសម្រាលជីវភាពរស់នៅរបស់ជនម៉ូស្លីមនៃវិហារឥស្លាម ព្រមទាំងថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានឧបត្ថម្ភថវិកាចំនួន ១៧,០០០ដុល្លារ (មួយម៉ឺនប្រាំពីរពាន់ដុល្លារអាមេរិក) សម្រាប់ជួយសាងសង់របងនៃវិហារឥស្លាមផងដែរ។
ចំពោះចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន ១,៣៥៨គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១ ទឹកសុទ្ធ១ដប និងនំបុ័ង១ដើម។ ជាមួយគ្នានេះ គ្រួសារនីមួយៗ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១មុឺនរៀលទៀត ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ដោយឡែក សិស្សានុសិស្សចំនួន ២០០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅសរសេរ ២ក្បាល ប៊ិក ១ដើម និងថវិកា ១ម៉ឺនរៀល៕