ឯកឧត្តម ស៊ី ជីនភីង ប្រធានរដ្ឋចិន ចុះផ្សាយអត្ថបទ នៅលើប្រព័ន្ធសារព័ត៌មានប៉ាពូអាស៊ីនូវែលហ្គីណេ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ —

ថ្ងៃទី​១៤​ ខែ​វិច្ឆិកា​ ​មុន​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​ប៉ាពូអាស៊ី​នូវែល​ហ្គីណេ​ ឯកឧត្តម ​ស៊ី ជីនភីង ​ប្រធានរដ្ឋចិន ​បាន​ចុះ​ផ្សាយ​អត្ថបទ​ ក្រោម​ចំណង​ជើង​ថា ​”​ជំរុញ​ឱ្យ​ទំនាក់ទំនង​រវាង​ចិន​និង​ប្រទេស​កោះ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​មាន​ភាព​​រីកចម្រើន​ថែម​ទៀត​”​ នៅ​លើ​ប្រព័ន្ធ​សារព័ត៌មាន ​នៃ​ប្រទេស​ប៉ាពូអាស៊ី​នូវែល​ហ្គីណេ​។

អត្ថបទ​បាន​សរសេរ​ថា​ ​នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​ប្រធាន​រដ្ឋ​ចិន​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​ប៉ាពូអាស៊ី​នូវែល​ហ្គីណេ​។ ​ខ្ញុំ​រំពឹង​ថា​ឆ្ល​ងតាមរយៈ​ដំណើរ​ទស្សនកិច្ច​លើក​នេះ​ ​កិច្ច​ខិតខំប្រឹងប្រែងជាមួយ​ភាគី​ប៉ាពូអាស៊ី​នូវែល​ហ្គីណេ​ ​ដើម្បី​ជំរុញ​ទំនាក់ទំនង​រវា​ងចិន ​និង​ប៉ាពូអាស៊ី​នូវែល​ហ្គីណេ​ នឹងឡើង​ដល់​កម្រិត​ថ្មី​មួយ​។

ការ​រីកចម្រើន​យ៉ាងឆាប់រហ័ស​នៃ​ទំនាក់ទំនង​រវាង​ចិន​ និង​ប៉ាពូអាស៊ី​នូវែល​ហ្គីណេ​គឺ​ជា​ខ្លឹមសារ​សំខាន់​ និង​ជា​គំរូ​នៃ​ការ​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​ចិន ​​និង​ប្រទេស​កោះ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ ​ក្នុង​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ប៉ាពូអាស៊ី​នូវែល​ហ្គីណេ​លើក​នេះ​ ខ្ញុំ​និង​​ថ្នាក់ដឹកនាំ​របស់​ប្រទេស​កោះ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ចំនួន​៨​ដែល​បាន​បង្កើត​ទំនាក់ទំនង​ផ្លូវ​ទូត​ជា​មួយ​ប្រទេស​ចិន​នឹង​សំណេះសំណាល​អំពី​ចំណង​មេត្រីភាព​និង​​ពិភាក្សា​ពី​គោល​នយោបាយ​អភិវឌ្ឍ​ដើម្បី​​ជំរុញ​ឱ្យ​ទំនាក់ទំនង​រវាង​ចិន ​និងប្រទេស​កោះ​ទាំង​នេះ​មាន​ការ​រីកចម្រើន​ថែម​ទៀត​ដើម្បី​សម្រេច​ការ​អភិវឌ្ឍ​រួម​។​ ខ្ញុំ​ស្នើ​ថា​៖

ទី​១​ ​ទំនុកចិត្ត​ទៅវិញ​ទៅ​មក​ផ្នែក​យុទ្ធសាស្រ្ត​នឹង​ឡើង​ដល់កម្រិត​ថ្មី​។​ ​ប្រទេសចិន​រីករាយ​រួមសហការ​ជាមួយ​ប្រទេស​កោះ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដើម្បី​រួមគ្នា​ជំរុញ​ការ​បង្កើត​ទំនាក់ទំនង​អន្តរជាតិ​បែប​ថ្មី​ ​និង​ជំរុញ​កិច្ច​កសាង​សហគមន៍​រួម​វាសនាតែមួយ​របស់​មនុស្សជាតិ​។

​ទី២​ ​ការ​រួម​គ្នា​អភិវឌ្ឍ​នឹង​បន្ថែម​កម្លាំង​ចលករ​ថ្មី​។ ​ប្រទេសចិន​រីករាយ​ពង្រឹង ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​និង​វិនិយោគ​ជាដើម​ ព្រម​ទាំង ​ស្វាគមន៍​ប្រទេស​កោះ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​សកម្មចូលរួម​កិច្ចកសាង​ខ្សែក្រវាត់​មួយ​ និង​ផ្លូវ​មួយ​។

ទី​៣​ ​មិត្តភាព​រវាង​ប្រជាជន​នឹង​ចារ​ទំព័រថ្មី​​៕

ប្រភព៖ អគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន