ឯកឧត្ដម ឃួង ស្រេង៖ អាជ្ញាធររាជធានីភ្នំពេញ ត្រៀមកម្លាំងសមត្ថកិច្ច ជាង១ម៉ឺននាក់ ដើម្បីការពារសុវត្ថភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យអុំទូក

AKP ភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ — ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរក្នុងឱកាសបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្ដិទៅពីថ្ងៃទី២១ ដល់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ កម្លាំងមានសមត្ថកិច្ចនឹងដាក់ពង្រាយ កម្លាំងរហូតដល់ជាង១ម៉ឺននាក់ នៅតាមតំបន់ A B និងC ក្នុងនោះកម្លាំងរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ មានរហូតដល់ជាង៨ពាន់នាក់។
នេះបើយោងតាមផែនការ ការពារដែលលើកឡើងដោយលោក មានចាន់ យ៉ាដា អភិបាលរងរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំមួយនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ២០១៨ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ស ថេត ស្នងការរាជធានីភ្នំពេញ និងអភិបាលខណ្ឌទាំង១២ ព្រមទាំងមាន ការចូលរួម ពីមន្រ្តីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់មួយចំនួនទៀត។  
លោក មានចាន់ យ៉ាដា បានឱ្យដឹងថា បុណ្យអុំ ទូកឆ្នាំនេះនិងប្រើកម្លាំង សរុប ចំនួន១២៧៥៤នាក់ ដើម្បីរក្សាសន្តិសុខសណ្តាប់ ធ្នាប់ជូនប្រជាពលរដ្ឋក្នុងនោះសម្រាប់ កម្លាំងរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ មានរហូតដល់៨៦២៥នាក់ ដោយឈរ ជើងនៅតាមតំបន់សំខាន់ៗចំនួន ៣គឺ តំបន់A,B,C និងចែកជាគោលដៅតូចៗផងដែរ។
ឯកឧត្ដមក៏បានបញ្ជាក់ផងដែរថា ស្ថានភាពទឹកទន្លេនៅឆ្នាំនេះទៀបជាងឆ្នាំ ទៅរហូត ដល់១ម៉ែត្រ ហើយល្បឿនទឹកក៏ហូរយឺតជាងឆ្នាំទៅផងដែរ។ ដោយឡែកសម្រាប់ទូកង ដែលត្រូវចូលរួមប្រកួតនៅឆ្នាំនេះមានចំនួន២៩៨ទូក ខណៈដែលឆ្នាំ២០១៧មានទូក ងត្រឹមតែ២៧០ទូក និងមានកីឡាករជិត២ម៉ឺននាក់។ សម្រាប់ប្រទីបឆ្នាំនេះមានចំនួន១៥ លើសពីឆ្នាំទៅផងដែរ។

ឯកឧត្ដម ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះក៏បានមានប្រសាសន៍លើកឡើងថា បញ្ហា សន្តិសុខ សណ្តាប់ធ្នាប់ជាបញ្ហាចម្បង ដែលអាជ្ញាធររាជធានីភ្នំពេញត្រូវយកចិត្តទុកដាក់។ ឯកឧត្តមជំរុញឱ្យអភិបាលខណ្ឌដូនពេញ និងខណ្ឌចំការមនត្រូវយក ចិត្តទុកដាក់ឱ្យ បានខ្ពស់។


ឯកឧត្ដមបានបន្តថា បញ្ហាសណ្តាប់ធ្នាប់នេះ បើមនុស្ស ១០០នាក់ ធ្វើឱ្យប៉ះពាល់ផល ប្រយោជន៍មនុស្ស១លាននាក់ យើងត្រូវធ្វើដើម្បីប្រយោជន៍មនុស្ស១លាននាក់នោះហើយ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឱ្យមានការពិនិត្យឱ្យបានម៉ត់ចត់ផងដែរ ទៅលើអ្នកលក់ដូរមិនឱ្យមានការដំឡើងថ្លៃស្រេចតែចិត្តនោះទេ៕

ដោយ សួស សំរិត