ឯកឧត្តម អង្គ វង្សវឌ្ឍនា ចូលរួមក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ — នៅសាលប្រជុំសាលាខេត្តព្រះសីហនុព្រឹកថ្ងៃទីពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ឯកឧត្តម យន្ត មីន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុបានអញ្ជើញ​ចូលរួមក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូង​ខេត្តព្រះសីហនុ។
យោងតាមព្រះរាជក្រឹត្យ ប្រកាសតែងតាំងចូលកាន់មុខតំណែង​ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តព្រះសីហនុ សម្រេចត្រាស់បង្គាប់តែងតាំងលោក សៀង សុខ អតីត: ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ មកជាព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះសីហនុ ជំនួសលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះសីហនុ ដែលត្រូវផ្ទេរភារកិច្ច ជាព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ​។ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ការតែងតាំងព្រះរាជអាជ្ញា នៃអយ្យការសាលា ដំបូងខេត្តព្រះសីហនុ ជាការផ្លាស់ប្តូរបង្កើននូវ យន្តការការងារកាន់តែល្អប្រសើរថែមទៀត និងបានផ្តាំផ្ញើព្រះរាជអាជ្ញាថ្មី ត្រូវខិតខំបំពេញ ការងារ និងដឹកនាំអង្គភាពដោយអនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បន្តរក្សាប្រពៃណីប្រមូលផ្តុំកម្លាំងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហ ការយ៉ាងជិតស្និទ្ធរវាង មន្ត្រីក្រោមឱវាទ ក៏ដូចជាមានទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការជាមួយកម្លាំងមាន សមត្ថកិច្ចផ្សេងទៀត មន្ទីរ អង្គភាព សង្គមស៊ីវិល អង្គការជាតិ អន្តរជាតិ ពង្រឹងស្មារតីទទួល ខុសត្រូវក្នុងការអនុវត្តការងារស្នូលរបស់ខ្លួន និងតាមគោលការណ៍ណែនាំរបស់ថ្នាក់លើ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។ឯកឧត្តមអភិបាលខេត្តសង្ឃឹមថា ព្រះរាជអាជ្ញាថ្មីនឹងបន្តប្រពៃណីអនុវត្តន៍ការងារ ដោយឈរលើប្រាជ្ញា ស្មារតីសាមគ្គីភាពភាព ឯកភាពផ្ទៃក្នុង និងសហការល្អ គ្រប់កាលៈទេសៈក្នុងភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។

ឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានប្រសាសន៍ណែនាំឱ្យលោក ព្រះរាជអាជ្ញាថ្មី ត្រូវខិតខំបំពេញការងារសហការល្អជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធសំដៅធានា យុត្តិធម៌ជូនប្រជាពលរដ្ឋ ដោយប្រមានភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ ម្យ៉ាងទៀតការផ្លាស់ប្តូរ នាពេលនេះ គឺអនុវត្តន៍តាមគោលនយោបាយកែទម្រង់វិស័យយុត្តិធម៌នៅក្នុងព្រះរាជាណា ចក្រកម្ពុជាឱ្យកាន់តែមានគុណភាព តម្លាភាព គណនេយ្យភាពក្នុងការបម្រើសេវា ជូនប្រជាពលរដ្ឋ និងធ្វើឱ្យប្រជាពលរដ្ឋមានការជំនឿជឿជាក់មកលើប្រព័ន្ធតុលាការ៕

ដោយ ងូ សុមុនី