ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់អាណត្តិទី២

AKP ព្រះសីហនុ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ — នាព្រឹកថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ចិកា ឆ្នាំ២០១៨ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២  នៅវេទិកាបុណ្យជាតិ ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ជៀម ហ៊ីម ប្រធានក្រុមព្រឹក្សាខេត្ត ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានមានចូលរួមពីតំណាងមន្ទីរ អង្គភាព ប្រជាពលរដ្ឋក្នុងក្រុងយ៉ាងច្រើនកុះករ។ 

វេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី២ ដើម្បីស្តាប់ សំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋទាក់ទងទៅនឹងបញ្ហាមួយចំនួនដែលពលរដ្ឋជួប ប្រទះក្នុងមូលដ្ឋានមានដូចជា៖ ១-ការងារសន្តិសុខ, ២-ការរៀបចំសណ្តាប់ ធ្នាប់ ទប់ស្កាត់សំណង់មិនរៀបរយ ,  ៣-ការងារបរិស្ថាន អនាម័យ ការគ្រប់គ្រងសំណល់រឹង រាវ , ៤-កិច្ចការអភិវឌ្ឍមូលដ្ឋាន(កម្មវិធីវិនិយោគ៣ឆ្នាំរំកិល), និងទី៥-ការផ្តល់សេវាសាធារណនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ឯកឧត្តម ជៀម ហ៊ីម ប្រធានក្រុមព្រឹក្សាខេត្តព្រះសីហនុ មានប្រសាសន៍ថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្តល់ឱកាសដល់ប្រជាពលរដ្ឋអាចលើកឡើងនូវមតិយោបល់ កង្វល់ សំណូមពរ និង អនុសាសន៍សម្រាប់កែលម្អ ដោះស្រាយ និងធ្វើការអភិវឌ្ឍមូលដ្ឋានឱ្យបានផុលផុស ប្រកបដោយគុណភាព តម្លាភាព គណនេយ្យភាព  និងមានប្រសិទ្ធភាពខ្ពស់។ វេទិការនេះ មានចំណុចជាច្រើនដែលពលរដ្ឋលើកឡើងអំពីកង្វល់ និងសំណូមពរនៅក្នុងមូលដ្ឋាន ដើម្បីស្នើឱ្យរដ្ឋបាលគ្រប់ផ្នែក គ្រប់ថ្នាក់ជួយដោះស្រាយ មានជាអាទិ៍ ការជួយជួសជុលផ្លូវ ការដោះស្រាយវិវាទដីធ្លី ការបំពេញតម្រូវការអគ្គិសនី ទឹកស្អាត ការប្រមូលសំរាម និងការជួយពន្លឿននិតិវិធីក្នុងការផ្តល់សេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ឯកឧត្តម យន្ត មីន  អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រាល់សំណូមពរ និងកង្វល់របស់ពលរដ្ឋ ក៏ជាកង្វល់របស់រដ្ឋបាលខេត្តផងដែរ ដែលរដ្ឋបាលខេត្តកំពុង ធ្វើការដោះស្រាយជាបន្តបន្ទាប់ ដូចជាបញ្ហាជួសជុលផ្លូវ ដែលរងការខូចខាតដោយ សារភ្លៀងធ្លាក់ជាប់ៗគ្នាក្នុងរដូវវស្សាកន្លងមក  ចំពោះបញ្ហាទឹក ភ្លើង រដ្ឋបាលខេត្តកំពុងពិនិត្យ និងជំរុញឱ្យគ្រប់ផ្នែកបង្កើនការទទួលខុសត្រូវក្នុងការផ្គត់ផ្គង់បម្រើសេវា ជូនប្រជាពលរដ្ឋ ហើយបញ្ហាផ្សេងៗទៀត រដ្ឋបាលខេត្តនិងធ្វើការពិនិត្យដោះស្រាយដោយផ្អែកលើផ្លូវច្បាប់។

ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរម្លឹកដល់មន្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ បែកចែកការងារចុះពិនិត្យ និងធ្វើការដោះស្រាយបញ្ហាប្រឈមនៅក្នុងមូលដ្ឋានជូនពលរដ្ឋ ចំពោះក្នុងករណីដែលរដ្ឋបាលឃុំ សង្កាត់ មិនមានលទ្ធភាពដោះស្រាយ ត្រូវបញ្ជូនទៅរដ្ឋបាលថ្នាក់បន្ទាប់ ដើម្បីដោះស្រាយ ក៏ប៉ុន្តែគ្រប់ដំណោះស្រាយទាំងអស់ ត្រូវតែអនុវត្តន៍ត្រឹមត្រូវតាមនីតិវិធីច្បាប់ ដោយមិនមានការយោគយល់៕ ដោយ ងូ សុមុនី