សម្ដេចតេជោនាយករដ្ឋមន្ត្រី៖ កម្ពុជាមានជំនឿយ៉ាងមុតមាំថាចិនគឺជាដៃគូ យុទ្ធសាស្រ្តមួយមិនអាចខ្វះបានរបស់អាស៊ាន

AKP ភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ — ក្នុងបទអន្តរាគមន៍ ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២១ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាធារណរដ្ឋសិង្ហបុរីនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គ​ម​ហា​​សេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាមានជំនឿយ៉ាងមុតមាំថា ចិនគឺជា​ដៃគូ​យុទ្ធសាស្រ្តមួយមិនអាចខ្វះបានរបស់អាស៊ាន ទោះស្ថិតនៅក្នុងកាលៈទេសៈ និងបរិការ​ណ៍​ណាក៏ដោយ ហើយសង្ឃឹមថាទំនាក់ទំនងនេះនឹងកាន់តែស្ថិតស្ថេរជ្រាលជ្រៅក្នុ​ងស្មារតី​ត​ម្ក​​ល់ផលប្រយោជន៍រួម និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នជូនប្រជាជាតិទាំ​ងអ​ស់​។


ប្រភពពីអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំកំពូលអា​ស៊ា​ន​-ចិន លើកទី២១ ដែលមានការចូលរួមពីបណ្ដាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃ​ប្រទេ​ស​អា​ស៊ា​ន និងនាយករដ្ឋមន្រ្តីចិន បានប្រព្រឹត្តិទៅក្រោមប្រធានបទ «ការពិនិត្យឡើងវិញនូវកិច្ចស​ហ​ប្រតិបត្តិការអាស៊ាន-ចិន និងទិសដៅអនាគត»។

នៅក្នុងឱកាសនៃខួបលើកទី១៥ នៃភាព​ជា​ដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន មេដឹកនាំអាស៊ានបានវាយតម្លៃខ្ពស់ប្រកបដោយសេចក្តី​សោ​ម​ន​ស្សរី​ករាយចំពោះសមិទ្ធផលផ្លែផ្កាជាច្រើន ដែលបានកើតចេញពីកិច្ចសហប្រតិបត្តិការអា​ស៊ា​​ន-ចិន ដែលបាននឹងកំពុងចូលរួមចំណែកក្នុងបុព្វហេតុស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច ពា​ណិ​ជ្ជ​កម្ម វិនិ​យោគ ការតភ្ជាប់ ចំណងការទូត និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ក្នុង​កិច្ច​ប្រ​ជុំនេះដែរសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានលើកឡើងនូវចំណុចគន្លឹះសំខាន់ៗចំនួន៤ ក្នុង​ក្របខ័ណ្ឌនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិន ដែលក្នុង​នោះ​រួម​មា​ន៖ ១.កម្ពុជាគាំទ្រសេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ឆ្នាំ​២​០​៣០ និងសេចក្តីប្រកាសរួមស្តីពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនឹងជួយ​លើក​កម្ពស់​កិច្ចសហប្រតិបត្តិការបន្ថែមទៀត។

កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ​ប្រទេស​ស​មា​ជិ​កអាស៊ាន និងចិនដើម្បីអនុវត្តន៍ឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវចក្ខុវិស័យ​យន្ត​ការ​ និងទិសដៅខាងលើ សំដៅរួមចំណែកជំរុញកិច្ច សហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន។ ២. កម្ពុជាស្វាគមន៍ការកំណត់យកឆ្នាំ២០១៩ ជាឆ្នាំផ្លាស់ប្តូរសារព័ត៌មាន អាស៊ាន-ចិន ដោយ​សង្ឃឹម​ថាសមាជិកអាស៊ាន និងចិន នឹងផ្តល់អាទិភាពខ្ពស់ក្នុងការអនុវត្តនូវសកម្មភាព និង​គម្រោង​នានាពាក់ព័ន្ធនឹងវិស័យព័ត៌មាន សំដៅជំរុញការយល់ដឹងអំពីទំនាក់ទំនងអាស៊ាន-ចិន លើគ្រប់វិស័យ ជាពិសេសរួមចំណែកដល់ការកសាងជំនឿ និងទំនុកចិត្តដើម្បីជាស្ពានមិត្តភាព​រវា​ងប្រជាជននិងប្រជាជន។ ៣.កម្ពុជាវាយតម្លៃខ្ពស់ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការ​រប​ស់​​​ចិន ពាក់ព័ន្ធនឹងវិស័យតភ្ជាប់ និងការបន្តការគាំទ្ររបស់ចិនក្នុងការអនុវត្តផែនការ​មេស្តី​ពី​ការ​តភ្ជាប់អាស៊ានឆ្នាំ ២០២៥ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរិះរកភាពរួមបញ្ចូលគ្នា និងការបំ​ពេ​ញ​ឱ្យគ្នាទៅវិញទៅមករវាងគំនិតផ្តួចផ្តើមនៃផែនការមេស្តីពីការតភ្ជាប់អាស៊ាន និងគំនិតផ្តួច​ផ្តើម​ខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន។ ៤. កម្ពុជា គាំទ្រការបន្តពង្រឹង និងពង្រីកវិសាលភាព កិច្ច​​សហប្រតិបត្តិការ ក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ រវាងអាស៊ាន​និង​ចិន​​ឱ្យកាន់តែខ្លាំងឡើងមួយកម្រិតទៀត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់​យើង​ប្រ​កបដោយចីរភាព និងបរិយាប័ន្ន។

កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១ ក៏បានឯកភាពគ្នាក្នុងការចេញសេចក្តីប្រកាស​ព័​ត៌​​មាន​រួមរបស់ប្រធានកិច្ចប្រជុំអាស៊ាន-ចិន លើកទី២១, ចក្ខុវិស័យភាពជាដៃគូយុទ្ធសា​ស្រ្តអា​ស៊ា​ន​-ចិន ឆ្នាំ២០៣០, សេចក្តីប្រកាសរួមស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្ត បច្ចេក​ទេ​ស​ និងនវានុវត្តន៍អាស៊ាន-ចិន, និង របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តផែន​ការសកម្ម​ភាព​២០​១៦-២០២០ ដើម្បីអនុវត្តន៍សេចក្តីថ្លែងការណ៍រួម ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ដើ​ម្បី​សន្តិភាព និងវិបុលភាព រួមទាំងបញ្ជីសកម្មភាពសម្រាប់រំលឹកខួបអនុស្សាវរីយ៍១៥ឆ្នាំ នៃ​ទំ​​នាក់ទំនងដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន និងបញ្ជីសកម្មភាពសម្រាប់ឆ្នាំនៃនវានុវត្តន៍អាស៊ាន-ចិន៕

ដោយ ជឹម ណារី