សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាស្វាគមន៍នូវជំនួបកំពូលអន្តរកូរ៉េ និងជំនួ​បកំពូលសហរដ្ឋ​អា​មេ​រិក-សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដើម្បីវិបុលភាពរួមនៅឧបទ្វីបកូរ៉េ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ — ប្រភពពីអ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា ក្នុងកិច្ចប្រជុំកំ​ពូល​អាស៊ា​ន-​កូរ៉េ លើកទី២០ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាធារណរដ្ឋសិង្ហបុរី ប្រមុខរាជ​រដ្ឋា​ភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជា ស្វាគមន៍​នូវ​ជំនួ​ប​កំពូលអន្តរកូរ៉េ និងជំនួបកំពូលសហរដ្ឋអាមេរិក-សាធារណរដ្ឋប្រជាមានិត​ប្រជាធិ​បតេយ្យ​កូ​រ៉េ​ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកសាងសន្តិភាពអចិន្រៃ្តយ៍ កិច្ចសហប្រតិបត្តិ​ការ​ឈ្នះ-ឈ្នះ ព្រមទាំងការលុបបំបាត់អាវុធនុយក្លេអ៊ែរដោយសន្តិវិធី និងវិបុលភាព​រួម​នៅ​ឧប​ទ្វីប​កូរ៉េ។


ក្នុងកិច្ចប្រជុំនេះដែរ ប្រមុខដឹកនាំនៃប្រទេសអាស៊ានទាំងអស់ បានស្វាគមន៍យ៉ាងកក់​ក្តៅ​​ចំពោះ ឯកឧត្ដម មូន ចេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដែលបានអញ្ជើញចូលរួម​កិច្ច​ប្រជុំកំពូលប្រចាំឆ្នាំរបស់អាស៊ាន។ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើក​ទី២០​នេះ​ បានផ្តោតលើប្រធានបទ «ការពិនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ និង​ទិ​ស​​ដៅអនាគត»។ ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ាន និងសាធារណរដ្ឋកូរ៉េ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញឡើងធ្វើបទអន្តរាគមន៍ និងទស្សនវិស័យអំពីទំនាក់ទំនងអាស៊ាន-សាធា​រណ​រដ្ឋកូរ៉េ ដោយផ្ដោតលើចំណុចសំខាន់ៗចំនួន៣ ដែលក្នុងនោះរួមមាន៖

១. កម្ពុជា ស្វាគ​មន៍​នូវសំណើរៀបចំកិច្ចប្រជុំរម្លឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា អា​ស៊ា​ន-សាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០១៩ នៅសាធារណរដ្ឋកូរ៉េ។ ទន្ទឹមនឹងនេះដែរ គឺកម្ពុជា​បាន​កត់​សម្គា​ល់ដោយក្តីរីករាយនូវបំណងដំឡើង កិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ ទៅជា​កិច្ច​ប្រជុំកំពូល ហើយរៀបចំកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១ ស្របពេល​ជា​មួ​យ​ នឹងកិច្ចប្រជុំរម្លឹកខួបអនុស្សាវរីយ៍លើកទី៣០ឆ្នាំនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សា​ធា​រ​ណរដ្ឋកូរ៉េ។ កម្ពុជានឹងបន្តធ្វើការយ៉ាជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងសា​ធា​រណរដ្ឋកូរ៉េ ដើម្បីឱ្យកិច្ចប្រជុំកំពូលសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា សំដៅជំរុញ​កិច្ច​សហ​ប្រតិបត្តិការរបស់យើងថែមទៀត។

២.កម្ពុជា ស្វាគមន៍នូវគោលនយោបាយ​ទិស​ខាង​ត្បូ​ង​​ថ្មីរបស់សាធារណរដ្ឋកូរ៉េ ដែលមានបំណងលើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាន និងសា​ធារ​ណរដ្ឋកូរ៉េ និងបង្កើតសហគមន៍មួយដែលឈរលើសសរស្តម្ភបីគឺ ប្រជាជន វិបុលភាព និង​ស​ន្តិភាព។ កម្ពុជាក៏សង្ឃឹមផងដែរថា គោលនយោបាយនេះ នឹងបំពេញបន្ថែមឱ្យគោល​នយោ​បា​យ​​ផ្សេងៗ​ទៀតនៅក្នុងតំបន់ និងបម្រើផលប្រយោជន៍ដល់ចំណងមិត្តភាពតំបន់យើងទាំងពីរ ក៏​ដូច​ជាប្រជាជនជារួម។

៣.ការអនុវត្តនូវសេចក្តីថ្លែងការណ៍រួមនៃជំនួបកំពូល សហរដ្ឋអា​មេ​រិក​-សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងសេចក្តីថ្លែងការណ៍ប៉ានមូយ៉ូម ព្រមទាំង​សេច​ក្តីប្រកាសរួមទីក្រុងព្យុងយ៉ាងគឺទាមទារនូវការអត់ធ្មត់។ ការវិវឌ្ឍថ្មីៗនេះគឺជា​ការលើក​ទឹក​ចិត្ត និងមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្រ្តនៃឧបទ្វីបកូរ៉េ។ កម្ពុជាសង្ឃឹមថា​ការវិ​ឌ្ឍន៍​នេះ នឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការឈានទៅសម្រេចបាននូវសន្តិភាពអចិន្រៃ្តយ៍ និង​ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ។

កិច្ចប្រជុំកំពូល អាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២០នោះដែរ អង្គប្រជុំបានឯកភាព​គ្នា​ក្នុង​ការ ចេញសេចក្តីប្រកាសព័ត៌រួមរបស់ប្រធានកិច្ចប្រជុំអាស៊ាន-សាធារណរដ្ឋកូរ៉េ លើក​ទី​២០ និងរបាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តផែនការសកម្មភាពអាស៊ាន-សាធារណរដ្ឋកូរ៉េ ដើ​ម្បី​អនុវត្តន៍សេចក្តីថ្លែងការណ៍រួម ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តសម្រាប់សន្តិភាព និងវិបុល​ភា​ព​ឆ្នាំ ២០១៦-២០២០៕

ដោយ ជឹម ណារី