ផែនការណែនាំ ស្តីពីការរៀបចំព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨

AKP ភ្នំពេញ​ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ — ព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គឺជាបុណ្យប្រពៃណី ជាតិខ្មែរយើង ដែលតែងតែប្រារព្ធធ្វើតាំងពីបរមបុរាណយូរលង់ណាស់មកហើយ។


ឆ្នាំនេះ​ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្ត ទៅនៅថ្ងៃទី១៤-១៥កើត និងថ្ងៃ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនដល់ប្រជារាស្រ្តមកចូលរួម កម្សាន្តសប្បាយរីករាយ អបអរសាទរតាមប្រពៃណីជាតិ ដោយមានបណ្តែតប្រទីប អុជកាំជ្រួច និងសម្តែងសិល្បៈគ្រប់ទាំង៣ថ្ងៃ។

ដើម្បីរៀបចំព្រះរាជពិធីបុណ្យនេះឱ្យបានមហោឡារិក អធិកអធម ស្របទៅតាមប្រពៃ ណីជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចជាក់ស្តែងរបស់ប្រទេសជាតិ ធានាបានសុវត្ថិភាព និងការ សប្បាយរីករាយផងនោះ គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលចុះហត្ថលេខា ដោយ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល កាលពីពេលថ្មីៗកន្លងទៅ នេះ បានចេញសេចក្តីណែនាំដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធមួយចំនួនដូចជា៖ រដ្ឋបាលរាជធានី ខេត្ត ត្រូវការណែនាំដល់មូលដ្ឋានដែលមានទូក ង និងទូកមួង “ទូកអុំ និងទូកចែវ” ដោយ ស្ម័គ្រចិត្តឥតបង្ខំ ឱ្យធ្វើការហ្វឹកហាត់សាកល្បង និងជ្រើសរើសទូកណា ដែល​មានចំណុះពី ១៨ខ្ទង់ឡើងទៅ ហើយជាប្រភេទទូកដែលមានល្បឿនលឿន និងមានលក្ខណៈសមស្រប។ ក្រោយការសាកល្បងរដ្ឋបាលរាជធានី ខេត្ត ត្រូវធ្វើចំណាត់ថ្នាក់តាមលំដាប់លំដោយ ប្រភេទ ទូកលឿន ទូកមធ្យម និងទូកគូពិសេស ដើម្បីងាយស្រួលដល់គណៈ ប្រយោគផ្គូផ្គង រវាងទូក នីមួយៗ។

ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់តាំង ធ្វើប្រវត្តិសង្ខេបរបស់ទូកនីមួយៗ និងបញ្ជីរាយនាម អ្នកអុំ អ្នកចែវ ឱ្យបានច្បាស់លាស់ ដោយត្រូវជ្រើសរើសអ្នកដែលមានកាយ សម្បទាគ្រប់គ្រាន់ និងចេះហែលទឹកស្ទាត់ជំនាញ ហើយផ្ញើមកអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិឱ្យបានមុន ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ជាកំណត់។ ទូកទាំងឡាយនឹងអាចចាត់តាំងចូលរួមបាន លុះត្រា តែបានទទួលការឯកភាពពីអាជ្ញាធរមូលដ្ឋានសាមី តាមរយៈឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលរាជធានី ខេត្ត ឬថ្នាក់ដឹកនាំក្រសួង រដ្ឋលេខាធិការដ្ឋាន​ ស្ថាប័ន អង្គភាព។ ត្រូវចាត់តាំង អនុគណៈកម្មការមួយ មានសមត្ថភាពទទួលខុសត្រូវលើការគ្រប់គ្រងទូក និង ប្រទីប ហើយត្រូវធ្វើការណែនាំ អប់រំបំពាក់បំប៉នដល់អ្នកអុំ និងអ្នកចែវទាំងអស់ឱ្យយល់ពីខ្លឹម សារនៃព្រះរាជពិធីបុណ្យអុំទូក ដែលជាបុណ្យប្រពៃណីជាតិ ចៀងវាងការប្រទូសរ៉ាយគ្នា ទៅវិញទៅមក ដោយត្រូវរក្សាឱ្យបាននូវសាមគ្គីភាព ការសប្បាយរីករាយ និងភាពថ្លៃថ្នូរ ស័ក្តិសមជាអ្នកស្រឡាញ់កីឡាប្រណាំងទូក និងរក្សាបានប្រពៃណីជាតិពិតប្រាកដ។​ ត្រូវម្ចាស់ ការខិតខំដោះស្រាយផ្ទាល់ខ្លួនដូចជា ខោ អាវ មួកសញ្ញាប្រចាំមូលដ្ឋាន និងម្ហូបអាហាររយៈ ពេល៥ថ្ងៃ ព្រមទាំងគ្រប់មធ្យោបាយធ្វើដំណើរទៅមក។

ក្នុងផែនការណែនាំបានបញ្ជាក់ថា គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ នឹង ជួយឧបត្ថម្ភតែទីស្នាក់អាស្រ័យ រង្វាន់ជូនដល់ទូកទទួលជ័យលាភី និងរង្វាន់លើកទឹកចិត្ត សម្រាប់សង្កត់ក្បាលទូកតែប៉ុណ្ណោះ។ ត្រូវតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់មហាក្សត្រ ទង់ក្អែប បដាពាក្យស្លោក អាហ្វីស ប៉ាណូ និងបំភ្លឺភ្លើងពណ៌តាមក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រាជធានី ខេត្ត មន្ទីរ អង្គភាព សាលា រៀន វត្តអារាម អគារ ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្រុមហ៊ុន រោងចក្រ សហគ្រាស តាមសួន ច្បារទីសាធារណៈ និងលំនៅ ឋានប្រជារាស្ត្រ ដើម្បីអបអរសាទរព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨។ ទូកនីមួយៗត្រូវលាបលន និងតុបតែងលម្អក្បាច់ រចនាឱ្យបាន ល្អប្រណីត តាមរចនា បថខ្មែរពិតប្រាកដ។ រីឯអ្នកអុំ និងអ្នកចែវ ត្រូវមានសម្លៀកបំពាក់ សមរម្យជា ឯកសណ្ឋានតាមលក្ខណៈទំនៀមទម្លាប់ប្រពៃណីខ្មែរយើង ហាមស្លៀកក្រមា ពាក់អាវវៀល ក្លៀក ឬលែងខ្លួន ទទេ ដែលពុំមែនជាលក្ខណសម្បត្តិរបស់ កីឡាករប្រកប ដោយសេចក្តីថ្លៃថ្នូរ។ អនុគណៈកម្ម ការវប្បធម៌ ទំនៀមទម្លាប់​ និងសោភណភាព និងមានធ្វើការចំណាត់ថ្នាក់ផ្តល់រង្វាន់ជ័យលាភី ផ្នែកខាងសោភណភាព របស់ទូក និងសម្លៀកបំពាក់ របស់កីឡាករ កីឡាការិនី។ ទោះចាញ់ ឬឈ្នះ សូមទូកទាំងអស់ ដាច់ខាតត្រូវចូលរួម ក្នុងពិធី កាត់ព្រ័ត្រ ដើម្បី សម្តែងអំណរសាទរ លទ្ធផលនៃការបញ្ចប់ ដោយជោគជ័យ នូវព្រះរាជពិធីបុណ្យអុំទូកជា ប្រពៃណីជាតិ។ រូបភាពនៃការរៀប ចំពិធីកាត់ព្រ័ត្រ នឹងត្រូវកំណត់ជាក់លាក់នៅក្នុងបទបញ្ជា ផ្ទៃក្នុងមួយដោយឡែក។

ជាមួយគ្នានោះដែរ គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ ក៏បានបញ្ជាក់ពីចំនួន ប្រទីបរបស់រដ្ឋ ដែលនឹងត្រូវបណ្តែតអបអរសាទរក្នុងព្រះរាជពិធីបុណ្យនេះមានចំនួន១៤គឺ៖ ១.ប្រទីបព្រះបរមរាជវាំង, ២.ប្រទីបព្រឹទ្ធសភា, ៣.ប្រទីបរដ្ឋសភា, ៤.ប្រទីបរាជរដ្ឋាភិបាល, ៥.ប្រទីបក្រសួងយុត្តិធម៌, ៦.ប្រទីបក្រសួងការពារជាតិ, ៧.ប្រទីបក្រសួងមហាផ្ទៃ, ៨.ប្រទីបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ៩.ប្រទីបក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ១០.ប្រទីបក្រសួងពាណិជ្ជកម្ម, ១១.ប្រទីបក្រសួងទេសចរណ៍, ១២.ប្រទីបក្រសួងរ៉ែ និងថាម ពល, ១៣.ប្រទីបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង១៤.ប្រទីបសាលារាជធានីភ្នំពេញ។
ទន្ទឹមនឹងនោះ ស្ថាប័នដែលមានប្រទីបត្រូវលើកគម្រោងថវិកាចំណាយ គំនូសរូប ភាពប្រទីប និងបទអត្ថាធិប្បាយរបស់ប្រទីបនីមួយៗ ផ្ញើមកអគ្គលេខាធិការដ្ឋាន គណៈ កម្មាធិការជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ ឱ្យបានមុនថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។ ក្រសួង ស្ថាប័ន អាជ្ញាធរ ដែលមានលទ្ធភាពសម្ភារ ថវិកា អាចធ្វើប្រទីបដោយផ្ទាល់ខ្លួនបាន​ និង ក្រុមហ៊ុនឯកជន ដែលមានបំណងចង់ផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន អាចនឹងរៀបចំធ្វើ ប្រទីបចូលរូមអបអរសាទរបាន តែសូមផ្តល់រូបគំនូសប្រទីប និងត្រូវដាក់ពាក្យស្នើសុំមក អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ ជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ពិនិត្យជាមុន។
ដោយឡែក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ចាត់តាំង កម្មវិធីសិល្បៈសម្តែងជូនប្រជារាស្រ្តទស្សនាកម្សាន្តសប្បាយនៅរមណីយដ្ឋានវត្តភ្នំ និងតំបន់ អភិវឌ្ឍន៍ជ្រោយចង្វារ (OCIC) ស្របតាមកម្មវិធីកំណត់ជាក់ស្តែង។

ចំណែកឯ ក្រុមហ៊ុន និងសប្បុរសជន ដែលមានបំណងចង់ជួយឧបត្ថម្ភជាសម្ភារ ថវិកា ដើម្បីបម្រើការរៀបចំព្រះរាជពិធីបុណ្យ និងជូនជារង្វាន់ដល់កីឡាករ កីឡាការិនីអុំទូក ទូកចែវ ក្នុងស្មារតីចូលរួមអភិរក្សនូវ ប្រពៃណីជាតិដ៏ល្អនេះ អាចជួយឧបត្ថម្ភតាមសទ្ធាជ្រះថ្លា។

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិសង្ឃឹម និងជឿជាក់ថា គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី ខេត្ត ទទួលបានផែនការណែនាំនេះ ត្រូវធ្វើការផ្សព្វផ្សាយ និងអនុវត្តន៍ដោយគំនិតច្នៃប្រឌិត ក្នុងស្មារតីសន្សំ សំចៃខ្ពស់ធានា ទាន់ពេលវេលា និងទទួលបានលទ្ធផលល្អស្របតាមគោលបំណង និងសំណូមពររបស់រាជ រដ្ឋាភិបាល ហើយ​នឹងចូលរួមយ៉ាងសកម្ម ដើម្បីញ៉ាំងឱ្យព្រះរាជពិធីបុណ្យជាប្រពៃណីជាតិនេះ ប្រព្រឹត្តទៅយ៉ាងមហោឡារិក ប្រកបដោយ បរិយាកាសរីករាយបំផុត៕

ដោយ សាយ សុន